ក្រុមហ៊ុនទូរស័ព្ទចល័តរបស់អ្នកឧកញ៉ា គិត ម៉េង ដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា5Gជាលើកដំបូងនៅកម្ពុជា

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុនផ្គត់ផ្គង់សេវាទូស័ព្ទចល័តCellcard  របស់អ្នកឧកញ៉ាគិត ម៉េង បានប្រកាសដាក់ប្រើប្រាស់បច្ចេកវិទ្យា5Gរបស់ខ្លួន ជាលើកដំបូងនៅប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់កិច្ចទំនាក់ទំនងផ្សេងៗ នៅក្នុងអំឡុងពេលនៃភាពប្រឈមជាមួយជំងឺ Covid-19


ក្រោមដឹកនាំដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ដែលមានកិច្ចសហការដោយក្រសួងចំនួន២ រួមមានក្រសួងសុខាភិបាល និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ក្រុមការងារ Cellcard បានរៀបចំផែនការចុងក្រោយរបស់ខ្លួន សម្រាប់ដំណោះស្រាយបញ្ហា លើការដាក់ឱ្យដំណើរការបច្ចេកវិទ្យា 5Gលើកដំបូងនៅកម្ពុជា។

ការដាក់ឱ្យដំណើរការបច្ចេកវិទ្យានាសម័យចុងក្រោយនេះ សម្រាប់ជាជំនួយលើសេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នៅទីតាំងចំនួន៤នៅទូទាំងរាជធានីភ្នំពេញ ដើម្បីជួយប្រជាជនកម្ពុជាទាំងមូល ដែលរងប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងពេលដែលមានវិបត្តិ Covid-19 នេះ

ក្រុមហ៊ុនសែលកាត ជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តតែមួយគត់ ដែលគ្រប់គ្រងដោយជនជាតិខ្មែរ ហើយដែលបានបំរើប្រជាជនកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៧មក។

ផ្អែកតាមអ្នកជំនាញបច្ចេកទេសប្រចាំក្រុមហ៊ុន Cellcard បានបញ្ជាក់ថា សេវាកម្មនេះ នឹងជួយដល់ក្រុមវេជ្ជបណ្ឌិតជួរមុខនៅទីក្រុងភ្នំពេញ ក្នុងការពិនិត្យ និងវាយតម្លៃអ្នកជំងឺទូទាំងប្រទេស តាមរយៈតំណភ្ជាប់ (Video conference link)ការខលវីដេអូជាក្រុម ទៅកាន់ទូរស័ព្ទចល័ត និងឧបករណ៍នានានៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា ហើយតាមរយៈសេវាកម្មនេះ អាចត្រូវបានប្រើដើម្បីភ្ជាប់ទៅតាមផ្ទះអ្នកជំងឺ នៅតាមគ្លីនិក ឬមន្ទីរពេទ្យផ្សេងៗទៀត។


នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក អៀន វ៉ាត់សុន( Ian Watson) បានមានប្រសាសន៍ថា សេវាកម្មឱសថសាស្រ្តតាមបច្ចេកវិទ្យាឌីជីថល (Telemedicine) នេះនឹងក្លាយជាជំហានដំបូងដ៏សំខាន់ ដែលជាការផ្តល់នូវចក្ខុវិស័យ របស់លោកអគ្គនាយក សម្រាប់ប្រទេសកម្ពុជា ដែលមានលក្ខណៈឌីជីថលពេញលេញ។

បច្ចេកវិទ្យា5G របស់ក្រុមហ៊ុន Cellcard មានល្បឿនរហូតដល់ 1.6 ជីហ្គាបៃក្នុងមួយវិនាទី នឹងមានការតម្លើងសេវាកម្មនេះ នៅតាមបណ្តាទីតាំងមួយចំនួនដូចជា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត  មណ្ឌលសុខភាពចាក់អង្រែ  ក្រសួងសុខាភិបាល និង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here