ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ តំបន់ជ្រោយចង្វារបាន និងកំពុងមានភាពលេចធ្លោកាន់តែខ្លាំងនៅដើមឆ្នាំ២០២០នេះ ដោយសារគំរោងអភិវឌ្ឍន៍ជាច្រើនបានលេចចេញជារូបរាង ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាននិងកំពុងសាងសង់ និងត្រៀមបញ្ចប់ការសាងសង់ផងដែរ។

ដោយ ៖ រ៉ាណេត
ភ្នំពេញ៖ តំបន់ជ្រោយចង្វារបាន និងកំពុងមានភាពលេចធ្លោកាន់តែខ្លាំងនៅដើមឆ្នាំ២០២០នេះ ដោយសារគំរោងអភិវឌ្ឍន៍ជាច្រើនបានលេចចេញជារូបរាង ខណៈហេដ្ឋារចនាសម្ព័ន្ឋធំៗជាច្រើនបាននិងកំពុងសាងសង់ និងត្រៀមបញ្ចប់ការសាងសង់ផងដែរ។

ឆ្នាំនេះ ជ្រោយចង្វារនឹងកាន់តែមានភាពលេចធ្លោ ជាមួយនឹងស្ថានភាពភូមិសាស្រ្តដ៏មានអំណោយផល និងវត្តមានអាគារការិយាល័យកណ្តាលរបស់ក្រុមហ៊ុនOCIC កំពស់២០ជាន់ អាគាររបស់អគ្គនាយកដ្ឋានពន្ឋដាកំពស់៣៦ជាន់ សាលពិព៌ណលំដាប់អន្តរជាតិ សួនកំសាន្តដាយណូស័រ palace food ដែលបានវិនិយោគដោយក្រុមហ៊ុនOCIC នៅក្នុងទីក្រុងរណបជ្រោយចង្វារ។
ជាមួយគ្នានេះមណ្ឌលកម្សាន្ត ដែលមានតម្លៃរាប់សិនលានដុល្លារ និងទីក្រុងរណបរបស់ក្រុមហ៊ុនលី យ៉ុងផាត់ ព្រមគ្នាជាមួយនឹងទីក្រុងរណបតេជោមរកត ដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់ និងក្រុមហ៊ុនចិន បាននិងកំពុងធ្វើឲ្យតំបន់នេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស។
លោក ស៊ា ឆៃលីន នាយកក្រុមហ៊ុនអចលនទ្រព្យឆៃលីន ស៊ារៀលធី ខូអិលធីឌី បង្ហាញពីការសាទរជាមួយនឹងភាពល្អប្រសើរ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សក្នុងតំបន់ជ្រោយចង្វារ។ លោកថា វាជារឿងមួយដ៏ល្អប្រសើរ ហើយយើងក៏រីករាយនូវសមិទ្ធិផលទាំងអស់នេះដែរ។
លោកបន្តថា “នៅពេលតំបន់ណាមួយមានការអភិវឌ្ឍ វានឹងជំរុញឱ្យតម្លៃអចលនទ្រព្យនៅក្នុងតំបន់នោះឡើងថ្លៃហួសពីការរំពឹងទុក ជាក់ស្ដែងដូចជាតំបន់ជ្រោយចង្វារនេះជាដើមដើម”។លោកបន្ថែមថា “បន្ទាប់ពីមានគម្រោងអភិវឌ្ឍន៍ជាតំបន់លំនៅដ្ឋានលំដាប់ខ្ពស់ ជាពិសេសមានការបង្កើតជាទីក្រុងរណប ដែលមានតម្លៃរាប់ពាន់លានដុល្លារ វាបានជំរុញតម្លៃដីឱ្យឡើងថ្លៃខ្ពស់រហូតដល់១គុណនឹង១០ ឯណោះ”។

លោកឆៃលីន ស៊ាបានបន្តថា កាលពីប៉ុន្មានឆ្នាំមុន តម្លៃដីនៅតំបន់ជ្រោយចង្វារអាចមានតម្លៃត្រឹម៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េតែប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នតំបន់ដដែលនេះ មានទីតាំងខ្លះមានតម្លៃរហូតដល់៣៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េក៏មាន។ យ៉ាងណាក៏ដោយ លោកក៏បានបញ្ជាក់ផងដែរថា តម្លៃនេះអាចនឹងមានកំណើនបន្តទៀតប្រមាណ ១០–១៥ ភាគរយសម្រាប់ឆ្នាំ២០១៩នេះ។
លោកឧកញ៉ានួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal (KFA) បានមានប្រសាសន៍ថា មិនថាពេលនេះ ឬថ្ងៃអនាគតនោះទេ តំបន់ជ្រោយចង្វារនៅតែមានភាពទាក់ទាញ និងមានសក្ដានុពលសម្រាប់ការវិនិយោគ។ ភាពទាក់ទាញទាំងអស់នោះ ក៏ព្រោះតែនៅតំបន់នេះមានគម្រោងអភិវឌ្ឍធំៗជាច្រើន ដូចជាទីក្រុងរណប និងមជ្ឈមណ្ឌលពិព័រណ៍ខ្នាតអន្តរជាតិរបស់ក្រុមហ៊ុនOCIC និងទីក្រុងរណប និងមជ្ឈមណ្ឌលកម្សាន្តលំដាប់អន្តរជាតិ ជាបណ្តុំលំនៅដ្ឋានបែបទំនើបកម្រិតខ្ពស់ជាដើម ក៏ដូចជា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានបង្កើតឡើង ជាពិសេសស្ពានជាច្រើនកន្លែងក៏បានសាងសង់រួចរាល់ងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។
លោកបន្តទៀតថា “សកម្មភាពអភិវឌ្ឍន៍ទាំងអស់នេះហើយ ដែលជាកត្តារុញច្រានទំនោរចិត្តរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ឱ្យងាកទៅធ្វើការវិនិយោគនៅតំបន់នេះ ហើយវាអាចនឹងបន្តរហូតដល់ ព្រំប្រទល់ស្រុកមុខកំពូលខេត្តកណ្តាល ហើយដោយឡែកចំពោះតម្លៃដីក៏នៅតែបន្តកើនឡើង”៕