ដោយ ហ្សូលី
ភ្នំពេញ៖ ប្រេងឥន្ធនៈនៅគ្រប់ស្ថានីយ៍ទាំងអស់នៅក្នុងប្រទេសកម្ពុជា និងត្រូវទម្លាក់តម្លៃដើម្បីលើកកម្ពស់សេដ្ឋកិច្ចកម្ពុជា ដែលកំពុងប្រឈមនឹងហានិភ័យដោយសារមេរោគរាតត្បាតកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មចេញផ្សាយនៅថ្ងៃទី ០១ មេសា ឆ្នាំ ២០២០នេះ។

ការទម្លាក់តម្លៃប្រេងឥន្ទនៈនេះគឺដើម្បីជួយសម្រួលដល់ជីវភាពរស់របស់ប្រជាពលរដ្ឋកម្ពុជា និងជួយស្តារសេដ្ឋកិច្ចប្រទេសជាតិទាំងមូលផងដែរ។ នេះជាការអនុវត្តជាបន្ទាន់ក្រោមការបញ្ជារបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលតម្រូវឱ្យបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅទូទាំងប្រទេសកម្ពុជា។
គោលបំណងនៃការទម្លាក់តម្លៃនេះទៀតសោត គឺដើម្បីធានាបាននៅនិរន្តភាពជូនដល់អ្នកប្រើប្រាស់ និងតម្រូវការរបស់ប្រជាជនកម្ពុជា ក្នុងស្ថានភាពដែលប្រទេសទាំងមូល រួមទាំងសកលលោកកំពុងទទួលរងនូវវិបត្តិជម្ងឺឆ្លងកូវីដ ១៩។
រដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការទប់ទល់ហានិភ័យសេដ្ឋកិច្ច និងប្រយុទ្ធប្រឆាំងជម្ងឺ ដោយមានការរឹតបន្តឹងច្រកព្រំដែននៅតាមប្រទេសជិតខាង និងប្រទេសមួយចំនួនទៀតដែលមានករណីឆ្លងច្រើន។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលបានត្រៀមថវិកាប្រមាណចន្លោះពី ៨០០លាន ដល់ ២ពាន់លានដុល្លារ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច។ ក្រៅពីនេះសម្តេចក៏បានចាត់វិធានការឱ្យអគ្គិសនីកម្ពុជានិងរដ្ឋាករទឹកត្រូវផ្តល់ការយោគយល់ឱ្យកម្មករកម្មការិនីរោងចក្រដែលព្យួរការងារជំពាក់សិនផងដែរ។
បច្ចុប្បន្នកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ ២០២០ បានធ្លាក់ក្នុងរង្វង់ត្រឹម ២.៥ ភាគរយ តែប៉ុណ្ណោះ ខណៈធនាគារពិភពលោកបានវិភាគថា ក្នុងឆ្នាំ ២០២១ ខាងមុខ កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចសម្រេចបានត្រឹម ៥.៩% ៕








