សភាពាណិជ្ជកម្ម​កម្ពុជា ៖ ការនាំចេញ​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា មិនទាន់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ Covid-19 នោះទេ

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញ ៖ បច្ចុប្បន្ននេះ ទោះជា​ស្ថិតនៅក្នុង​ភាព​ប្រឈម​នៃ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង Covid-19 ក្ដី ប៉ុន្តែ​សម្រាប់​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នៅឡើយ​នោះទេ ខណៈដែល​រាជរដ្ឋាភិបាល​កំពុងតែ​យកចិត្តទុកដាក់ និង​មាន​វិធានការ​ដើម្បី​ការពារ​នឹង​វិបត្តិ​ដែល​អាច​កើតមាន។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ប្រាប់​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ថា ស្ថិតនៅក្នុង​បរិបថ​នៃ​ការ​គំរាម​ពី​ជំងឺឆ្លង​ជា​សាកល​ត្រឹម​រយៈពេល​ខ្លី​នេះ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​លើ​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​បង្ហាញ​ពី​សញ្ញា​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បញ្ជាក់ថា “យើង​ទទួលស្គាល់ថា ការរីក​រាលដាល​នៃ​ជំងឺ Covid-19 នេះ បាន​ក្លាយជា​វិបត្តិ​សេដ្ឋកិច្ច​ជា​សាកល ដែល​ក្នុងនោះ​ប្រទេស​កម្ពុជា​ក៏​ទទួលរង​នូវ​ឥទ្ធិពល​មួយ​នេះដែរ។ លោក​ឧកញ៉ា​បន្តថា “រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ បាននិងកំពុង​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ទៅលើ​បញ្ហា​នេះ រួម​ជាមួយនឹង​ការដាក់ចេញ​នូវ​វិធានការ​នានា​ដើម្បី​អាច​ធានាបាន​នូវ​ការទប់ស្កាត់​ការរីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​ឧកញ៉ា លឹម ហេង បាន​មានប្រសាសន៍ថា “ជាការ​ទប់ស្កាត់​នូវ​ការរីក​រាលដាល​នៃ​ជំងឺ​នេះ រដ្ឋាភិបាល​កម្ពុជា បានសម្រេច​យល់ព្រម​បិទ​ច្រកព្រំដែន​ជាមួយ​បណ្តា​ប្រទេសជិតខាង ដូចជា​ប្រទេស​វៀតណាម និង​ថៃ​ជាដើម ប៉ុន្តែ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ពាណិជ្ជកម្ម​គឺ​នៅ​រក្សា​ដដែល។ ដូច្នេះ សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​វិស័យ​ឯកជន​នៅ​កម្ពុជា ហាក់​នៅ​មិនទាន់​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះទេ ជាពិសេស​ពេលនេះ ទីផ្សារ​នៅ​ប្រទេស​ចិន​ក៏​ចាប់ផ្តើម​មាន​កម្រើក​ឡើង​វិញ​ជាបណ្ដើរៗវិញ​ផងដែរ។

ជាមួយនឹង​ការលើកឡើង​ខាងលើនេះ លោក​ឧកញ៉ា​ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ផងដែរ​ថា ប្រសិនបើ​ការ​រាតត្បាត​នៃ​ជំងឺ Covid-19 ត្រូវបាន​បញ្ចប់​ក្នុង​រយៈពេល​ខ្លី ភាព​ប៉ះពាល់​មាន​ភាព​ប្រឈម​តិចតួច ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​វិបត្តិ​មួយ​នេះ​នៅតែ​បន្ត​ក្នុង​រយៈពេល​វែង វា​ពិត​នឹង​ជះឥទ្ធិពល​អាក្រក់​ជា​សាកល ដែល​ក្នុង​វិស័យ​ពាណិជ្ជ​កម្ពុជា ក៏​ជួប​បញ្ហា​ដោយសារ​ទីផ្សារធំៗ ដូចជា​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក និង​ទីផ្សារ​អឺរ៉ុប ផ្អាក​ការបញ្ជាទិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here