GMACអំពាវនាវដល់អ្នកបញ្ជាទិញធ្វើការជាមួយគ្នាដើម្បីដោះស្រាយការលំបាករួមគ្នា

0

ដោយវុត្ថា

ភ្នំពេញ៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)   បានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអាចដោះស្រាយបញ្ហាលំបាកនានាបានក្នុងអំឡុងមានវិបត្តិនៃការរីករាលដាលជាសកលនូវជំងឺឆ្លងកូវីដ ១៩ ។

យោងតាមលិខិតចំហររបស់សមាគមកាត់ដេរនៅកម្ពុជាជូនចំពោះអ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាខែមេសា ឆ្នាំ ២០២០នេះ ដែលបានចេញផ្សាយនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ ១៩ បានធ្វើឱ្យមានចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើងទាំងអស់គ្នា។

លិខិតដដែលបន្តថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលបានទិញពីកម្ពុជា មេត្តធ្វើការងារជាមួយយើងទាំងអស់គ្នាអាចដោះស្រាយបញ្ហាលំបាកទាំងនេះបាន។

លិខិតដដែលបន្ថែមថា ភាគីទាំងអស់នៅក្នុងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកលកំពុងទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្រៃលែងដែលបង្កឡើងដោយជំងឺកូវីដ ១៩។ ទោះយ៉ាងណាក្តីក្រុមហ៊ុនផលិត (រោងចក្រ) ប្រតិបត្តិការរលើប្រាក់ចំណូលតិចតួច ហើយមានសមត្ថភាពតិចតួចខ្លាំងណាក់ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជនរបស់អ្នកបញ្ជាទិញ។ 

បន្ទុកដោយផ្ទាល់ដែលប្រឈមមុខដោយកម្មកររបស់យើង ដែលនៅតែត្រូវការទទួលទានអាហារនិងដោះស្រាយតម្រូវការគ្រួសារ គឺជាបន្ទុកដ៏ធំក្រៃលែង។

សមាគមសូមជំរុញអ្នកបញ្ជាទិញមេត្តគោរពតាមលក្ខណ្ឌនៃកិច្ចសន្យារបស់ខ្លួន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួនដោយទទួលយកការដឹកទំនិញ ហើយទូទាត់ប្រាក់សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត។ នេះ នឹងធ្វើឱ្យយើងអាចបន្តផ្តល់ការងារដល់កម្មករ ៧៥ម៉ឺននាក់ របស់យើង និងធ្វើឱ្យយើងមានសមត្ថភាពបើកប្រាក់ឈ្នួលជូនកម្មករនិងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។

សមាគមកសូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងមេត្តារក្សាការទទួលខុសត្រូវចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបំរើការងារនៅក្នុងវិស័យកាត់ដេររបស់យើង។ តាមរយៈការរួមគ្នា ប្រាកដណាស់ យើងអាចពុះពារឈ្នះជំងឺឆ្លងរាលដាលជាសកលនេះ ហើយអាចការពារជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ ហើយធានាដល់ការរស់រាននៃអាជីវកម្មរបស់យើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here