អ្នកជំនាញ​ថា​វិបត្តិ​សេដ្ឋកិច្ច​ជា​កាំ​បិតមុខ២ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

0
អ្នកជំនាញ​ថា​វិបត្តិ​សេដ្ឋកិច្ច​ជា​កាំ​បិតមុខ២ នៅក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ អ្នកជំនាញ​ទទួលស្គាល់​ពី​ភាព​រង​នូវ​ផលប៉ះពាល់ ប៉ុន្តែ​ក្នុង​កាលទេសៈ​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ធនធាន​គ្រប់គ្រាន់ ក្នុង​ការទិញ​អចលនទ្រព្យ​ទុក​វិនិយោគ​យកចំណេញ​ក្រោយពេល​វិបត្តិ​ត្រូវបាន​បញ្ចប់។

នាយិកា​ប្រចាំ​ប្រទេស​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ CBRE Cambodia លោកស្រី អាន សុធី​តា បាន​មានប្រសាសន៍ប្រាប់​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយ​ទទួលស្គាល់ថា វិបត្តិ​នៃ​ជំងឺឆ្លង Covid-19 ពិតជា​បាន​ជះឥទ្ធិពល​អាក្រក់​មកលើ​វិស័យ​អចលនទ្រព្យ​កម្ពុជា​ពិតមែន ហើយ​នៅតាម​បណ្តា​នានា​ក៏​ទទួលរង​នូវ​ផលប៉ះពាល់​ដូចគ្នា។

លោកស្រី​បាន​បញ្ជាក់ថា “មិនមែន​តែ​វិស័យ​អចលនទ្រព្យ​នោះទេ វិស័យ​ដទៃទៀត​ក៏​ប៉ះពាល់​ដូចគ្នា ដែល​វា​សុទ្ធតែជា​កត្តា​ប្រឈម​ទាំងអស់។ លោកស្រី​បន្តថា “សម្រាប់តែ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ស្ថានការណ៍​នេះ គឺមាន​ការធ្លាក់ចុះ​ទាំង​សម្មភាព​អភិវឌ្ឍ និង​តម្លៃ ដែល​ស្ទើរតែ​ក្លាយជា​ឧបសគ្គ សម្រាប់​អ្នក​ដែលមាន​បំណង​ចង់​លក់​ចេញ។

យ៉ាងណា​លោកស្រី​ធីតា បាន​មើលឃើញ​កាលានុវត្តន៍​ភាព​ផងដែរ សំរាប់​មនុស្ស​មួយចំនួន​ដែល​អាច​រកបាន​ផល​ពី​វិបត្តិ​នេះ។

លោកស្រី​បាន​បញ្ជាក់ថា “ក្នុងស្ថានភាព​នេះ វា​ក៏​ជា​ឱកាសល្អ​សម្រាប់​អ្នក​ដែលមាន​ចរន្ត​សាច់ប្រាក់ និង​ធនធាន​គ្រប់គ្រាន់ ក្នុង​ការទិញ​អចលនទ្រព្យ​ទុក​វិនិយោគ​បន្ត​យកចំណេញ​ក្រោយពេល​វិបត្តិ​មួយ​ត្រូវបាន​បញ្ចប់។

លោកស្រី អាន សុធី​តា​បាន​លើក​ជា​ឧទាហរណ៍​ជាក់ស្តែង​ថា កាលពី​អំឡុង​ឆ្នាំ២០០៨ ខណៈដែល​កើតមាន​វិបត្តិ​សេដ្ឋកិច្ចពិភពលោក យើង​ឃើញ​មាន​អ្នកវិនិយោគ​ដែល​ចេះ​ឆ្លៀតឱកាស​មួយចំនួន ទទួលបាន​ប្រយោជន៍​ខ្ពស់ ពី​ការទិញ​អចលនទ្រព្យ​ទុក​ក្នុងអំឡុងពេល​មាន​ភាព​ប្រឈម ដោយសារតែ​តម្លៃ​ទាប​ជាង​ទីផ្សារ។ លុះ​រយៈពេល ៣-៤ ឆ្នាំ​បន្ទាប់​អ្នក​ទាំងនោះ ទទួលបាន​ភាគលាភ​ពី​ការវិនិយោគ។

ដោយឡែក​សម្រាប់​វិបត្តិ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ២០២០នេះ ត្បិត​ថា​អាចមាន​ទំហំ​ធំ​ជាង​ឆ្នាំ២០០៨ ប៉ុន្តែ​វា​ក៏​នឹង​ចំណាយពេល​ខ្លី ក្នុង​ត្រឡប់មក​រកស​ភាពល្អ​ដូចដើម​វិញ ដូច្នេះ វា​ក៏​ជា​ឱកាស​មួយ​សម្រាប់​អ្នកវិនិយោគ នៅក្នុង​វិស័យ​មួយ​នេះ​ធ្វើការ​ពិចារណា​ផងដែរ។លោកស្រី​ធីតា​បញ្ជាក់​ឲ្យ​ដឹង។

ជាមួយគ្នានេះ លោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង អគ្គនាយក​ក្រុមហ៊ុន KW Cambodia បាន​មានប្រសាសន៍ថា “ការផ្ទុះ​នៃ​ជំងឺ Covid-19 នឹងធ្វើ​ឱ្យ​វិស័យ​ដីធ្លី​នៅ​កម្ពុជា​ដើរ​ថយក្រោយ ហើយ​ដើរ​ថយក្រោយ​កម្រិតណា គឺ​អាស្រ័យ​លើ​ផលប៉ះពាល់​នៃ​ជំងឺ​នេះ ព្រោះ​បច្ចុប្បន្ននេះ​យើង​ពុំទាន់​ដឹងថា តើ​ជំងឺ​នេះ​បន្ដ​រយៈពេល​យូរ​ប៉ុណ្ណា​នោះទេ ប្រសិនបើ​ជំងឺ​នេះ​នៅ​អូសបន្លាយ​រយៈពេល​យូរ នោះ​គឺជា​រឿង​ធំ​តែម្ដង ប៉ុន្ដែ​ប្រសិន​ជំងឺ​នេះ មាន​ត្រឹម​រហូតដល់​ខែមិថុនា នោះ​នឹង​មិនមែនជា​បញ្ហា​អ្វី​នោះឡើយ។

លោក​ឧកញ៉ា បានបញ្ជាក់​ទៀតថា វិស័យ​ដីធ្លី​នៅ​កម្ពុជា រីកចម្រើន​រយៈពេល១០ឆ្នាំ ហើយ​ភាព​រីកចម្រើន​ប្រមាណ ២០ភាគរយ បានមកពី​ការ​ចូលមក​វិនិយោគ​របស់​បរទេស ប៉ុន្តែ​បើ​ក្រឡេកមើល​ទៅមុន​ឆ្នាំ១៩៩៣ ដីធ្លី​ពេលនោះ​មិនមាន​ចលនា​ធំដុំ​នោះទេ ប៉ុ  ន្ដែ​បន្ទាប់ពី​ការបោះឆ្នោត មាន​ភ្ញៀវ​បរទេស​មក​វិនិយោគ ទើប​ធ្វើឱ្យ​វិស័យ​ដីធ្លី​កើន​ឡើងជា​លំដាប់។

លោក​បន្តថា សម្រាប់​បរទេស​ដែល​មក​វិនិយោគ ច្រើនជាងគេ​នៅក្នុង​ប្រទេស​យើង យើង​ទទួលស្គាល់ គឺ​ភ្ញៀវ​អាស៊ី ដូចជា ចិន សិង្ហ​បុរី កូរ៉េ ជប៉ុន​ជាដើម ហើយ​ពួកគាត់​ទាំងនេះហើយ​ដែល​ធ្វើឱ្យ​វិស័យ​ដីធ្លី​មានការ​កើនឡើង ខណៈដែល​បច្ចុប្បន្ន វិនិយោគិន​បរទេស​ទាំង​នោះ ក៏​កំពុង​រង​នូវ​ឥទ្ធិពល​នៃ​វីរុស Covid-19 នេះ​ខ្លាំង។

ជំងឺ Covid-19 ដែលជា​ជំងឺ​បង្ក​កល​ល​យុគ​ទូទាំង​ពិភពលោក បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ចពិភពលោក​ទាំង​មូល ដែល​ក្នុងនោះ​វិស័យ​ដីធ្លី​នៅ​កម្ពុជា ក៏មាន​ផលប៉ះពាល់ ហើយក៏​គ្មាន​អ្នកណា​អាច​សន្ម​ត់​ថា ប៉ះពាល់​កម្រិតណា​នោះទេ គឺ​អាស្រ័យ​លើ​ពេលវេលា ហើយ​ត្រឹម​ខែមិថុនា​ខាងមុខនេះ ប្រសិនបើ​ចិន និង​អាមេរិក អាច​ទប់ស្កាត់បាន គឺ​មិនមាន​បញ្ហា​ចោទ​នោះឡើយ ប៉ុន្ដែ​ប្រសិនបើ​ជំងឺ​នេះ នៅតែ​បន្ដ​នោះ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក​អាច​ធ្លាក់ចុះ​មិនអាច​ប៉ាន់ស្មាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here