ដោយៈ រ៉ាណេត
ភ្នំពេញៈ រាជធានីភ្នំពេញ ជាពិសេសនៅតាមតំបន់ជាយក្រុងបាន និងកំពុងតែប្រឈមនឹងការខ្វះខាតទឹកស្អាត សម្រាប់ប្រើប្រាស់រហូតដល់ជាង១០ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលក្នុងករណីនេះរដ្ឋាករស្វយ័តក្រុងភ្នំពេញ កំពុងតែព្យាយាមរកដំណោះស្រាយ បង្កើនលទ្ធភាព ក្នុងការផ្គត់ផ្គង់ទៅលើចំណុចដែលខ្វះខាតដែលកំពុងកើតមាន។

នៅក្នុងកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពប្រឈម និងភាពខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះលទ្ធភាពនៃការផលិតទឹកស្អាតរបស់រដ្ឋាករស្វយ័តក្រុងភ្នំពេញ អាចធ្វើបានត្រឹម៦០ម៉ឺម៉ែត្រគូបក្នុងមួយថ្ងៃ ស្របពេលដែលតម្រូវការ នៃការប្រើប្រាស់មានចំនួនរហូតដល់ជា៧០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លោក ស៊ឹម ស៊ីថា បានមានប្រសាសន៍ថា នៅក្នុងផែនការទី១ ចាប់ពីឆ្នាំ១៩៣ ដល់ឆ្នាំ២០១០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផលិតទឹកចំនួន២៥០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ផែនការទី២ ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២០ ប៉ុន្តែបានបញ្ចប់ផែនការនៅក្នុងឆ្នាំ២០១៦ ហើយបច្ចុប្បន្នទីក្រុងភ្នំពេញមានការរីកចម្រើនធំឡើងពី៣០០គីឡូម៉ែត្រការ៉េ ទៅ៦៩២ ម៉ែត្រការ៉េ ហើយមានលទ្ធភាពផលិតទឹកស្អាតបាន៣២៥, ០០០ម៉ែត្រការ៉េក្នុងមួយថ្ងៃ។
លោកបន្តទៀតថា “បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពផលិតទឹកស្អាតបានជាង៦០០, ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ស្របពេលដែលតម្រូវការនៃការប្រើប្រាស់ទឹកមានចំនួនរហូតដល់ជាង៧០០, ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយរហូតដល់ឆ្នាំ២០៣០ អាចមានតម្រូវការទឹកស្អាតរហូតដល់ជាង១លានម៉ែត្រកូបក្នុងមួយថ្ងៃ”។
អភិបាលខណ្ឌច្បារអំពៅ លោក ចេង មុនីរ៉ា បានមានប្រសាសថា ខណ្ឌច្បារអំពៅមានសង្កាត់ចំនួន៤ ដែលបានកាត់ចេញពីការគ្រប់គ្រងទឹកស្អាត របស់ក្រុមហ៊ុនកុក អាន មកគ្រប់គ្រងដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញវិញ ហើយត្រូវផ្លាស់ប្ដូរទុយោចាស់ៗ ជំនួសដោយទុយោថ្មី ប៉ុន្តែរហូតមកដល់ពេលនេះជាង២ឆ្នាំហើយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មិនទាន់ផ្លាស់ប្ដូរទុយោចូលផ្ទះប្រជាពលរដ្ឋអស់នៅឡើយ។ ដូច្នេះ សូមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មេត្តាជួយពន្លឿនបញ្ហាទាំងអស់នេះផង៕







