ទំហំនៃការវិនិយោគរបស់ជប៉ុននៅកម្ពុជាកើនឡើងដល់ ២៥០០លានដុល្លារអាមេរិក

0

ដោយ ហ្សូលី

ភ្នំពេញ៖ នៅពេលបច្ចុប្បន្ននេះ ជប៉ុនបានវិនិយោគលើគម្រោងនានាក្នុងប្រទេសកម្ពុជា ដែលមានតម្លៃប្រមាណ ២៥០០លានដុល្លារ ទៅលើហេដ្ឋារចនាសម្ព័ន្ធនិងការអភិវឌ្ឍមួយចំនួន។

យោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា សក្តានុពលនៃការនាំចេញផលិតផលពីកម្ពុជាទៅប្រទេសជប៉ុនមានដូចជា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងអេឡិចត្រូនិច។

បច្ចុប្បន្ននេះ គម្រោងប្រមាណ ១៣៧គម្រោងដែលមានទឹកប្រាក់ប្រមាណ ២៥០០លានដុល្លារ ត្រូវបានភាគីជប៉ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ដែលផ្តោតសំខាន់ទៅលើការផលិតអេឡិចត្រូនិច គ្រឿងបន្លាស់អេឡិចត្រូនិច គ្រឿងបន្លាស់រថយន្ត ផលិតផលកសិឧស្សាហកម្ម។ បន្ថែមពីនេះ គឺមានការផលិតវត្ថុធាតុកែច្នៃចំណីអាហារ ទំនិញផ្សេងៗផងដែរ។

ក្រៅពីផលិតកម្ម ប្រទេសជប៉ុនក៏បានវិនិយោគទៅលើវិស័យទេសចរណ៍ ការអភិវឌ្ឍសណ្ឋាគារ និងសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យ។

បើតាមរបាយការណ៍របស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន JETRO បានឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងជប៉ុនបានកើនឡើង ១៣ ភាគរយកាលពីឆ្នាំ ២០១៩ កន្លងទៅ ដែលមានទំហំទឹកប្រាក់ដល់ទៅ ២,២៩២ លានដុល្លារ។ ទន្ទឹមនឹងនេះដែរ ការនាំចូលរបស់កម្ពុជាពីប្រទេសជប៉ុនបានកើនឡើង ៣៣,៤ ភាគរយ ដល់ ៥៦២ លានដុល្លារ។

ប្រទេសជប៉ុនត្រូវបានចាត់ចំណាត់ថ្នាក់ជាទីផ្សារធំលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក សម្រាប់ផលិតផលកម្ពុជានិងជាប្រទេសនាំចេញធំបំផុតលំដាប់ទីបួនមកកម្ពុជាកាលពីឆ្នាំ ២០១៩ ផងដែរ។

យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា កម្ពុជាបាននាំចេញទំនិញចំនួន ១៤,៥៣ ពាន់លានដុល្លារនិងនាំចូលផលិតផលមកក្នុងស្រុកវិញមានចំនួន ២២,១៩ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here