កម្ពុជាអាចដកប្រើកញ្ចប់ថវិកាADBដើម្បីឆ្លើយតបនឹងCOVID-19 ដើម្បីជំរុញ កំណើនសេដ្ឋកិច្ចរបស់ខ្លួន

ចែករំលែក

ដោយ ប៊ី

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអះអាងថា កម្ពុជាអាចដកប្រើកញ្ចប់ថវិកាឆ្លើយតបជំងឺ COVID-19 ពីក្នុងចំណោមទឹកប្រាក់៦,៥ ពាន់លានដុល្លារ ដែលADB បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19។


លោកស្រី Sunniya Durrani-Jamal នាយកប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានននិយាយឲ្យដឹងក្នុងឯកសារទាក់ទងនឹងចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីកាលពីសប្តាហ៍មុនថា រដ្ឋាភិបាលកម្ពុជា អាចដកប្រើកញ្ចប់ថវិកាឆ្លើយតបនឹង COVID-19 ពីក្នុងចំណោមទឹកប្រាក់៦,៥ពាន់លានដុល្លារ ដើម្បីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលកំពុងរងផលប៉ះពាល់ពីការរីករាលដាលCOVID-19។

លោកស្រីបានបន្តថា “ការយកចិត្តទុកដាក់របស់រដ្ឋាភិបាល គួរតែផ្ដោតទៅលើការទប់ស្កាត់COVID-19”។ លោកស្រីបានលើកឡើងថា “រដ្ឋាភិបាលអាចដកនូវកញ្ចប់ការឆ្លើយតបCovid-19 ដែលមានទឹកប្រាក់៦,៥ ពាន់លានដុល្លារ ដែលADB បានប្រកាសកាលពីថ្ងៃទី១៨ ខែមីនា ដើម្បីឆ្លើយតបនឹងតម្រូវការភ្លាមៗ របស់ប្រទេសជាសមាជិករបស់ខ្លួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងផ្ដល់ការការពារសង្គមរបស់ពួកគេ”។

ធនាគារ ADB ក៏បានទម្លាក់ការព្យាករសេដ្ឋកិច្ច សម្រាប់ប្រទេសកម្ពុជាមកនៅត្រឹម ២,៣ភាគរយនៅឆ្នាំនេះ បន្ទាប់ពីកំណើនដ៏រឹងមាំក្នុងរង្វង់៧ភាគរយ ក្នុងរយៈពេល២ ទស​វត្សរ៍ចុងក្រោយ។

ការព្យាកររបស់ADB មានកម្រិតទាបជាងការព្យាករណ៍ របស់ធនាគារពិភពលោក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិតប្រាកដរបស់ប្រទេសកម្ពុជា មានចំនួន២,៥ភាគរយ ក្នុងឆ្នាំ២០២០ ប៉ុន្តែនឹងស្ទុះងើបឡើងវិញដល់៥,៩ ភាគរយ ក្នុងឆ្នាំ២០២១ ស្ថិតក្រោមសេណារីយោគោល។

ធនាគារនេះបន្ថែមថា “ការថមថយល្បឿន ត្រូវបានរងផលប៉ះពាល់ជាចម្បង ពីជំងឺCovid-19 ដែលបណ្ដាលឲ្យមានការថមថយល្បឿនសេដ្ឋកិច្ច នៅក្នុងបណ្ដាប្រទេសអភិ វឌ្ឍន៍សំខាន់ៗ និងសាធារណរដ្ឋប្រជាមានិតចិន (PRC) ព្រមទាំងការកាត់បន្ថយលទ្ធភាពទទួលបានការចូលទីផ្សារនាំចេញរបស់ប្រទេសនេះ”។


លោកស្រី Durrani-Jamal បានថ្លែងថា “សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញដល់៥,៧ ភាគរយក្នុងឆ្នាំ២០២១ ដែលសន្មតថា ការរីករាលដាលCovid-19 នឹងត្រូវបញ្ចប់ ខណៈសកម្មភាពសេដ្ឋកិច្ចនឹងត្រឡប់មកធម្មតាឡើងវិញ”។

កាលពីដើមខែមីនាសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថារដ្ឋាភិបាលបានលៃទុកប្រាក់ចន្លោះពី៨០០ លានដុល្លារ ទៅ២០០០ លានដុល្លារ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីការរីករាលCovid-19 ដោយក្នុងចំនួននោះ៨០០លានដុល្លារសម្រាប់ប្រើក្នុងអំឡុងពេល៦ខែ និងចំនួន២០០០ លានដុល្លារ បើការរីករាលដាលបន្តអូសបន្លាយរយៈពេលយូរលើសពីនោះ។

កាលពីថ្ងៃទី៣១ ខែមីនា រដ្ឋាភិបាលបានចេញកញ្ចប់លើកទឹកចិត្តជុំទី ២ តាមរយៈការផ្ដល់ការលើកលែងពន្ធអប្បបរមា រយៈពេល៣ខែសម្រាប់វិស័យអាកាសចរណ៍ និងការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទទាំងអស់ សម្រាប់ប្រតិបត្តិករទេសចរណ៍។ ការលើកលែងពន្ធ១០ភាគរយ អប្បបរiមានេះអនុវត្តចាប់ពីខែមីនាដល់ខែឧសភា សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ដែលប្រតិបត្តិការនៅកម្ពុជា។

រដ្ឋាភិបាលក៏បានបង្កើនយន្តការ រួមចំណែកឧបត្ថម្ភ២០ភាគរយដល់កម្មករ និងបុគ្គលិក ដែលប៉ះពាល់ដោយការផ្អាកប្រតិបត្តិការក្នុងវិស័យទេសចរណ៍ផងដែរ៕


ចែករំលែក