ដោយៈ រ៉ាណេត
ភ្នំពេញៈ បន្ទាប់ពីទទួលបានការណែនាំ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានអំពាវនាវដល់បណ្តាសមាជិករបស់ខ្លួនទាំងអស់ ត្រូវអនុវត្តនូវកាតព្វកិច្ច ដូចដែលមានចែងនៅក្នុងច្បាប់ស្ដីពីការងារឱ្យបានខ្ជាប់ខ្ជួន។

ក្រោយការប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា នៅត្រឹមល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC បានធ្វើការអំពាវនាវតាមរយៈគណនីផ្លូវការណ៍របស់ខ្លួន ចំពោះរោងចក្រសហគ្រាស ដែលព្យួរសង្វាក់ផលិតកម្ម ឬការងារជាបណ្តោះអាសន្ន ដោយបានលើកយកគោលការណ៍ ផ្តល់ប្រាក់ឧបត្ថម្ភសង្គមចំនួន៧០ដុល្លារ សម្រាប់កម្មករនិយោជិតមួយនាក់មកបញ្ជាក់ផងដែរ។
ដោយឡែករោងចក្រសហគ្រាស ដែលនៅបន្តដំណើការ ឬមិនមានការព្យួរសង្វាក់ផលិតកម្ម ឬការងារជាបណ្តោះអាសន្ន ត្រូវអនុវត្តន៍កាតព្វកិច្ចដូចដែលមានចែងនៅក្នុងច្បាប់ស្តីពីការងារដដែល។ ជាមួយគ្នានេះ សមាជិករបស់សមាគមទាំងអស់ ត្រូវរង់ចាំសេចក្តីណែនាំលំអិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងចេញនៅក្នុងពេលឆាប់ៗនេះ។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បញ្ជាក់នៅក្នុងសន្នីសីទសារព័ត៌មានពាក់ព័ន្ធនឹងជំងឺ Covid-19 កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ នេះថា រដ្ឋាភិបាលកម្ពុជា និងផ្តល់ថវិកាបដិភាគប្រមាណ៤០ដុល្លារអាមេរិក និងរោងចក្រសហគ្រាស៣០ដុល្លារអាមេរិក សរុប៧០ដុល្លារអាមេរិកដល់កម្មករ ដោយមិនបាច់ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមិនមកធ្វើការនោះទេ៕







