ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានតម្លៃ ១ ១៣៩ លានដុល្លារ

0

ដោយ ប៊ី

ភ្នំពេញ: ការនាំចេញក្នុងឆ្នាំ ២០១៩ របស់ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) មានតម្លៃ ១ ១៣៩ លានដុល្លារ កើនឡើងប្រមាណ ១៤ ភាគរយនៅកម្ពុជា។

តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលគ្រប់គ្រងលើតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែត (PPSEZ) ផងដែរនោះបានឲ្យដឹងថា កាលពីពេលថ្មីៗនេះថា ទំហំពាណិជ្ជកម្មមានចំនួន ១,១៣ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ កើន ១៣,៨៨ ភាគរយធៀបនឹងឆ្នាំ ២០១៨ ហើយតំបន់សេដ្ឋកិច្ចពិសេសនេះរក្សាបាននូវកំណើនជាប្រចាំនៃសកម្មភាពពាណិជ្ជកម្មក្នុងរយៈពេលច្រើនឆ្នាំមកនេះ។

ក្រុមហ៊ុននេះបន្តថា “កំណើននេះបានធ្វើឲ្យពួកយើងឈរនៅចំណាត់ថ្នាក់ទី ២ ដោយមានចំណែក ២០,១៧ ភាគរយនៃតម្លៃពាណិជ្ជកម្មសរុបក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលប្រតិបត្តិការទាំង ១៨ នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩។ នេះជាអ្វីដែលយើងមានមោទនភាព”។

លោក Hiroshi Uematsu នាយកគ្រប់គ្រង PPSEZ បានឲ្យដឹងថា ការរីកចម្រើនដ៏ល្អនៃប្រតិបត្តិការអាជីវកម្មកាលពីឆ្នាំមុន ដោយសារមកពីកិច្ចសហប្រតិបត្តិការល្អរបស់អាជ្ញាធរមូលដ្ឋានដែលបានជួយសម្រួលនីតិវិធីនាំចេញ។

លោកថ្លែងថា “យើងកំពុងទទួលបានកិច្ចសហប្រតិបត្តិការល្អពីការិយាល័យច្រកចេញចូលតែមួយ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការផ្ដល់សេវាល្អ និងការជួយសម្រួលពីការិយាល័យគយនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ”។

លោកបន្ថែមថា “យើងមិនដែលគិតថា វាគ្រប់គ្រាន់ទេ។ យើងនឹងបន្តការព្យាយាមបន្ថែមទៀតក្នុងការកែលម្អ និងអភិវឌ្ឍសេវា និងការជួយសម្រួលរបស់យើង ដើម្បីឲ្យក្រុមវិនិយោគិនដែលមានស្រាប់របស់យើងមានអារម្មណ៍ធូរស្រាលហើយក្រុមវិនិយោគិនថ្មីៗកាន់តែច្រើននឹងចូលរួម”។

បើតាមលោក Hiroshi Uematsu រហូតមកដល់ពេលនេះ រោងចក្រជាច្រើននៅ PPSEZ នៅតែកំពុងប្រតិបត្តិការ ទោះបីជាការរីករាលដាលកូវីដ ១៩ ក៏ដោយ។ ទោះជាយ៉ាងណា ប្រសិនបើការរីករាលដាលនេះបន្តរយៈពេលយូរនឹងមានរោងចក្រជាច្រើនបិទទ្វារជាមិនខាន។

យោងតាមរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុការនាំចេញរបស់ប្រទេសកម្ពុជាតាមរយៈតំបន់សេដ្ឋកិច្ចពិសេស (SEZ) កាលពីឆ្នាំមុនបានកើនឡើងប្រហែល ២៧ ភាគរយជាមួយនឹងតម្លៃសរុបការនាំចេញបានកើនឡើង ២ ៦៨៨ លានដុល្លារកាលពីឆ្នាំមុន។ ក្រុមហ៊ុនចំនួន ៤៦៥ ដែលប្រតិបត្តិការនៅក្នុង SEZ ទាំង ៥៤ កន្លែងរបស់ប្រទេសកម្ពុជាដែលផ្ដល់ការងារជាង ១០០០០០ នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here