ដោយវុត្ថា
ភ្នំពេញ៖ ផ្អែកតាមការតាមដានជាប្រចាំរបស់អាជ្ញាធរអគ្គិសនីកម្ពុជា ឃើញថា តម្លៃប្រេងម៉ាស៊ូតនៅលើទីផ្សារចាប់ពីចុងខែមីនា រហូតមកដល់សប្តាហ៍ទី១ នៃខែមេសា ឆ្នាំ២០២០ នេះ បានធ្លាក់ចុះជាបន្តបន្ទាប់រហូតដល់ ៧០៤ ដុល្លារក្នុង១តោន ។

អាជ្ញាធរអគ្គិសនីបញ្ជាក់នៅលើទំព័រហ្វេសបុកផ្លូវការរបស់ខ្លូននៅថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២០ នេះថាអាជ្ញាធរអគ្គិសនីកម្ពុជាត្រូវធ្វើការកែសម្រួលបញ្ចុះអត្រាថ្លៃលក់អគ្គិសនីឲ្យសេវាករដែលនៅប្រើម៉ាស៊ីនផលិតអគ្គិសនីសម្រាប់លក់ឲ្យអ្នកប្រើប្រាស់របស់ខ្លួនផ្អែកតាមតារាងថ្លៃលក់អគ្គិសនីប្រែប្រួលតាមថ្លៃប្រេងម៉ាស៊ូតរបស់សេវាករ។
អជ្ញាធរអគ្គិសនីកម្ពុជាឱ្យដឹងថែមទៀថា ដោយកំណត់ថ្លៃប្រេងម៉ាស៊ូតខែមេសា ឆ្នាំ២០២០ ស្មើនឹង ៧០៤ ដុល្លារក្នុង១តោន សម្រាប់បញ្ចុះអត្រាថ្លៃលក់អគ្គិសនីចំនួន ២០០ រៀលក្នុង១គីឡូវ៉ាត់ម៉ោង ឲ្យសេវាករ ដោយគិតលើថាមពលប្រើប្រាស់ក្នុងខែមេសា ឆ្នាំ២០២០ ត្រូវនឹងការចេញវិក្កយបត្រថ្លៃអគ្គិសនីចាប់ពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ នេះ ៕







