ដោយ ប៊ី
ភ្នំពេញៈ ការនាំចេញរបស់កម្ពុជា មានតម្លៃប្រមាណដល់២៥៦៣លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានកើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ទោះបីជាមានផលប៉ះពាល់ក្នុងស្រុក និងពិភពលោកពីការរីករាលដាលជំងឺ Covid-19 ក៏ដោយ។ នេះបើយោងតាមទិន្នន័យចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
វិស័យឯកជនជឿជាក់ថា ការនាំចេញរបស់កម្ពុជា នឹងទទួលរងការវាយប្រហារយ៉ាងខ្លាំងចាប់ពីខែនេះទៅ ព្រោះសហរដ្ឋអាមេរិក និងអឺរ៉ុបដែលរងការបំផ្លិចបំផ្លាញខាងសេដ្ឋកិច្ចដោយសារការផ្ទុះឡើងជំងឺ COVID-19 បញ្ឈប់ការនាំចូលសម្លៀកបំពាក់ ស្បែកជើង និងកាបូប។
យោងតាមទិន្នន័យរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលទំនិញមានតម្លៃជាង៣,៦ពាន់លានដុល្លារ ក្នុងរយៈពេលនេះកើនឡើង ២២ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យបង្ហាញថាការនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ និងអង្ករនាំឱ្យមានកំណើន។ ការនាំចូលសំខាន់របស់កម្ពុជាគឺសមារៈសំណង់គ្រឿងម៉ាស៊ីន និងឥន្ធនៈ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាធ្វើការជាមួយគ្នា ដើម្បីអាចដោះស្រាយបញ្ហាលំបាកនានាបានក្នុងអំឡុងមានវិបត្តិ នៃការរីករាលដាលជាសកលនូវជំងឺឆ្លង Covid-19 ។
យោងតាមលិខិតចំហររបស់សមាគមកាត់ដេរ នៅកម្ពុជាជូនចំពោះអ្នកបញ្ជាទិញទាំងអស់ដែលទិញពីកម្ពុជាខែមេសា ឆ្នាំ២០២០នេះ ដែលបានចេញផ្សាយនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា ការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានចលាចលដល់ជីវិតរស់នៅ និងអាជីវកម្មរបស់យើងទាំងអស់គ្នា។
លិខិតដដែលបន្តថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) សូមអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ ដែលបានទិញពីកម្ពុជា មេត្តធ្វើការងារជាមួយយើងទាំងអស់គ្នាអាចដោះស្រាយបញ្ហាលំបាកទាំងនេះបាន។
លិខិតដដែលបន្ថែមថា ភាគីទាំងអស់នៅក្នុងចង្វាក់ផ្គត់ផ្គង់សម្លៀកបំពាក់សកលកំពុងទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្រៃលែង ដែលបង្កឡើងដោយជំងឺកូវីដ១។ ទោះយ៉ាងណាក្តីក្រុមហ៊ុនផលិត (រោងចក្រ) ប្រតិបត្តិការរលើប្រាក់ចំណូលតិចតួច ហើយមានសមត្ថភាពតិចតួចខ្លាំងណាក់ ក្នុងការរែកបន្ទុកបែបនេះ បើធៀបនឹងអតិថិជនរបស់អ្នកបញ្ជាទិញ។
បន្ទុកដោយផ្ទាល់ដែលប្រឈមមុខដោយកម្មកររបស់យើង ដែលនៅតែត្រូវការទទួលទានអាហារ និងដោះស្រាយតម្រូវការគ្រួសារ គឺជាបន្ទុកដ៏ធំក្រៃលែង។
សមាគមសូមជំរុញអ្នកបញ្ជាទិញ មេត្តាគោរពតាមលក្ខណ្ឌនៃកិច្ចសន្យារបស់ខ្លួន ហើយបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយទទួលយកការដឹកទំនិញ ហើយទូទាត់ប្រាក់សម្រាប់ទំនិញដែលបានផលិតរួចហើយ និងទំនិញដែលបច្ចុប្បន្នកំពុងផលិត។ នេះនឹងធ្វើឱ្យយើងអាចបន្តផ្តល់ការងារ ដល់កម្មករ៧៥ម៉ឺននាក់របស់យើង និងធ្វើឱ្យយើងមានសមត្ថភាពបើកប្រាក់ឈ្នួលជូនកម្មករ និងធានាដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា រាប់លាននាក់។
សមាគមកសូមអំពាវនាវដល់អ្នកបញ្ជាទិញទាំង មេត្តារក្សាការទទួលខុសត្រូវចំពោះអ្នកផ្គត់ផ្គង់ និងកម្មករដែលបំរើការងារ ក្នុងវិស័យកាត់ដេររបស់យើង។ តាមរយៈការរួមគ្នា ប្រាកដណាស់ យើងអាចពុះពារឈ្នះជំងឺឆ្លងរាលដាលជាសកលនេះ ហើយអាចការពារជីវិតរបស់កម្មករយើង និងគ្រួសាររបស់ពួកគេ ហើយធានាដល់ការរស់រាននៃអាជីវកម្មរបស់យើង៕






