ការសាងសង់ព្រលានយន្តហោះក្នុងខេត្តកណ្តាលសម្រេចបានប្រមាណ៣០ភាគរយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ៖ មានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្ដីការគណៈរដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះ វឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ- ភ្នំពេញថ្មី ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល គឺកំពុងតែមានដំណើរការធម្មតា និងសម្រេចបានលទ្ធផលប្រមាណ ៣០ភាគរយ។

លោកបានមានប្រសាសន៍បន្តទៀតថា “រដ្ឋាភិបាលកម្ពុជា បាន និងកំពុងមានការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ តាមរយៈវិស័យសំខាន់ៗជាច្រើន ដែលក្នុងនោះ វិស័យអាកាសចរណ៍ស៊ីវិល ក៏ស្ថិតនៅក្នុងវិស័យអាទិភាពផងដែរ”។ លោកបានបញ្ជាក់ថា “យើងមើលដោយនៅខាងក្រោមដូចជាមិនមានសកកម្មភាពនោះទេ ប៉ុន្តែបើមើលពលើអាកាសចុះក្រោម នោះនឹងឃើញទិដ្ឋភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ ដែលមកដល់ពេលនេះសម្រេចបានលទ្ធផលប្រមាណ៣០ភាគរយ”។

ជាមួយនឹងការបញ្ជាក់ពីលទ្ធផលនៃការសាងសង់ព្រលានយន្តនានានៅក្នុងប្រទេស លោក ស៊ិន ចាន់សេរីវុត្ថា បានលើកឡើងថា ក្រៅពីការសាងសង់ព្រលានយន្តហោះដែលស្ថិតនៅក្នុងខេត្តកណ្តាល ចំពោះគម្រោងសាងសង់ព្រលានហោះកម្រិតអន្តរជាតិចំនួន២ទៀតក៏ស្ថិតនៅក្នុងការយកចិត្តទុកដាក់ផងដែរ ដែលក្នុងនោះរួមមានអាកាសយានដ្ឋានអន្តរជាតិ-សៀមរាបថ្មី និងព្រលានយន្តហោះតារាសាគរ ស្ថិតនៅក្នុងខេត្តកោះកុងផងដែរ។

ពាក់ព័ន្ធទៅនឹងសកម្មភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិ-សៀមរាប លោក ស៊ិន ចាន់សេរីវុត្ថា បានទទួលស្គាល់ថា ពិតជាមានភាពយឺតយ៉ាវបន្តិច ដោយសារបណ្តាលមកពីហេតុផលមួយចំនួន ជាពិសេសបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម ចិន-អាមេរិក កាលពីពេលកន្លងទៅ រួមជាមួយនឹងវិបត្តិសាកលដែលកំពុងតែគំរាមកំហែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here