គម្រោងសាងសង់ព្រលានយន្តហោះខេត្តមណ្ឌលគីរី នៅមិនទាន់កំណត់ពីពេលវេលាជាក់លាក់នៅឡើយ

0

ដោយ ៖ រ៉ាណេត

មណ្ឌលគីរី ៖ រហូតមកដល់ពេលនេះ គម្រោងសាងសង់ព្រលានយន្តហោះក្នុងខេត្តមណ្ឌលគីរី គឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដោយនៅមិនទាន់អាចកំណត់ពីពេលវេលាចាប់ផ្តើមអនុវត្តជាក់លាក់នៅឡើយនោះទេ ខណៈដែលទំហំនៃថវិការវិនិយោគត្រូវបានអ្នកជំនាញធ្វើការប៉ាន់ស្មានស្ថិតនៅក្នុងរង្វង់៦០លានដុល្លារ។

មានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងាររដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍ថា រហូតមកដល់ពេលនេះគម្រោងនៃការសាងសង់ព្រលានយន្តហោះ ស្ថិតនៅខេត្តមណ្ឌលគីរី គឺនៅមិនទាន់កំណត់ថាអាចចាប់ផ្តើមដំណើរការនៅពេលណាឱ្យប្រាកដនោះទេ ដោយពេលនេះគឺស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ។

លោកបានមានប្រសាសន៍បញ្ជាក់ថា “ការសិក្សាពីគម្រោងសាងសង់គឺអាចចំណាយពេលប្រហែល១ឆ្នាំ ហើយបន្ទាប់មកយើង Submit ឱ្យរដ្ឋាភិបាល ដើម្បីពិនិត្យ និងសម្រេចថា តើការអភិវឌ្ឍអាកាសយានដ្ឋានព្រលានយន្តហោះខេត្តមណ្ឌលគីរីនេះ គួរធ្វើរដ្ឋ ឬគួធ្វើដោយរដ្ឋជាមួយឯកជន ឬធ្វើដោយឯកជនផ្ទាល់ ដែលជាជម្រើសផ្សេងទៀតបន្ទាប់ពីការសិក្សា”។

លោកបានបន្តទៀតថា “ការសិក្សារបស់យើងនេះ ក៏ផ្តោតទៅលើផលប៉ះពាល់ និងវិភាគពីកត្តាសេដ្ឋកិច្ចផងដែរ ថាតើការសាងសង់អាកាសយានដ្ឋាននេះមានផលជាវិជ្ជមានផ្នែកសេដ្ឋកិច្ចយ៉ាងម៉េច និងអវិជ្ជមានយ៉ាងម៉េង….ចឹងទាល់តែការសិក្សាទៅលើចំណុចទាំង៣នេះចប់ បានគេសម្រេចចិត្តបាន។ ដោយឡែកពាក់ព័ន្ធទៅនឹងខ្ទង់ចំណាយទៅលើការអភិវឌ្ឍ និងសាងសង់ព្រលានយន្តហោះនេះ បើតាមខ្ញុំស្មានប្រមាណ ៦០លានដុល្លារ”។

គម្រោងអភិវឌ្ឍព្រលានយន្តនៅខេត្តមណ្ឌលគីរី ត្រូវបានរដ្ឋបាលខេត្តត្រៀមទីតាំង និងរៀបចំរួចរាល់ហើយ ដោយមានទំហំប្រមាណ ៣០០ ហិកតា ស្ថិតនៅក្នុង ស្រុកអូររាំង ប៉ុន្តែនៅមិនទាន់មានការឈូសឆាយនៅឡើយនោះទេ ព្រោះកំពុងតែស្ថិតនៅក្នុងតំណាក់កាលនៃការសិក្សានៅឡើយ។ ជាមួយនឹងគម្រោងនៃការសាងសង់ព្រលានយន្តហោះនៅភូមិភាគប៉ែកឦសាននេះ ត្រូវបានអ្នកជំនាញក្នុងវិស័យទេសចរណ៍អះអាងថា នឹងចូលរួមក្នុងការលើកស្ទួយវិស័យទេសចរណ៍ ការលើកកម្ពស់ក្នុងវិស័យដឹកជញ្ជូនកាន់តែល្អផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here