សេដ្ឋកិច្ចថៃខាតបង់ជិត៤០ពាន់លានដុល្លារ ខណៈប្រទេសនេះពន្យាពេលបិទជើងហោះហើរ

ចែករំលែក

ដោយ ហ្សូលី

បាងកកៈ សេដ្ឋកិច្ចប្រទេសថៃកំពុងរងឥទ្ធិពលយ៉ាងខ្លាំង ពីវិបត្តិជំងឺឆ្លងCovid-19 ដែលបណ្តាលឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវរំពឹងទុកថា នឹងខាតបង់ប្រមាណជិត៤០ពាន់លានដុល្លារ ខណៈពេលដែលជើងហោះហើរនៅតែបន្តបិទ។


ប្រទេសថៃក៏ជាប្រទេសមួយ ដែលពឹងផ្អែកសេដ្ឋកិច្ចលើវិស័យទេសចរណ៍ដែរ ហេតុនេះហើយនៅពេលមានវីរុសCovid-19 អាចបណ្តាលឱ្យជះឥទ្ធិពលមកលើវិស័យសេដ្ឋកិច្ចរបស់ថៃ។ ប្រជាពលរដ្ឋដែលបម្រើការងារ ដល់ឧស្សាហកម្មទេសចរណ៍ និយោ​ជកធំៗ និងអ្នករកលុយពឹងផ្អែកលើភ្ញៀវទេសចរណ៍ កំពុងជួបប្រទះនឹងផលវិបាកជាខ្លាំង។

ប្រទេសថៃអាចបាត់បង់ទឹកប្រាក់ប្រមាណជាង១ទ្រីលានបាត ឬស្មើនឹងជិត៤០ពាន់លានដុល្លារ ហើយតួលេខនេះនឹងបន្តកើនឡើង ប្រសិនបើវិបត្តិនេះនៅបន្តដល់ត្រីមាសទី២។ នេះបើតាមការប៉ានស្មានរបស់សមាគមន៍ធនាគារប្រទេសថៃ។

អាជ្ញាធរអាការចរណ៍ស៊ីវិលប្រចាំប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃពុធម្សិលមិញ​នេះបានឱ្យដឹងថា ការរឹតបន្តឹងការចេញចូលប្រទេស នៅតែបន្តអនុវត្តន៍ ជាពិសេសការបិទជើងហោះហើរត្រូវពន្យាពេលបន្ថែម រហូតដល់ចុងខែមេសា ឆ្នាំ២០២០នេះ ព្រោះពីដំបូងការបិទនេះ បានចាប់ផ្តើមនៅថ្ងៃទី៤ មេសា ហើយបន្ទាប់មកបានពន្យាពេលដល់ថ្ងៃទី ១៨ មេសា ដូច្នេះបច្ចុប្បន្នត្រូវលើកដល់ចុងខែមេសាតែម្តង។


ក្រសួងមហាផ្ទៃប្រទេសថៃបាននិយាយកាលពីដើមខែមេសានេះថា ប្រទេសថៃនឹងបើកច្រកព្រំដែនក្នុងខេត្តចំនួន២១ នៅថ្ងៃសៅរ៍ ដើម្បីអនុញ្ញាតឱ្យជនជាតិថៃ ដែលកំពុងជាប់នៅប្រទេសជិតខាង អាចត្រឡប់មកផ្ទះវិញបន្ទាប់ពីការបិទច្រកព្រំដែន កាលពីចុងខែមីនានេះ។

ក្នុងមួយថ្ងៃនៅច្រកព្រំដែន អាជ្ញាធរអនុញ្ញាតឱ្យអ្នកធ្វើដំណើរយ៉ាងច្រើនបំផុត ១០០នាក់ ប៉ុណ្ណោះចូលមកក្នុងប្រទេស ដោយតម្រូវឱ្យអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចជា វិញ្ញាបនប័ត្របញ្ជាក់ពីសុខភាព ឬចត្តាឡីស័កចំនួន១៤ថ្ងៃផងដែរ៕

(Reuters)


ចែករំលែក