ព្រឹទ្ធសភា​អនុម័ត​ច្បាប់​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន​ជា​ផ្លូវការ

0

ដោយ វុត្ថា

ភ្នំពេញ៖ ព្រឹទ្ធិ​សភា​កម្ពុជា បានអនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ទាំងស្រុង​ជា​ផ្លូវការ ដោយ​ឥត​កែប្រែ​ចំនួន ៥៤សំឡេង​នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា​ទាំងមូល។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​ស្តីពី​លទ្ធផល​នៃ​សម័យប្រជុំ​វិសាមញ្ញ​ព្រឹទ្ធសភា នីតិកាល​ទី ៤ នា​ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា  សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន​គោលបំណង​កំណត់​អំពី បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រមទាំង​ការគ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន។

សេចក្តីព្រាងច្បាប់​នេះ មាន​វិសាលភាព​អនុវត្ត​នៅពេលដែល​ប្រទេសជាតិ​ត្រូវបាន​ដាក់​ស្ថិតក្នុង​ភាពអាសន្ន ស្របតាម​មាត្រា២២ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សេចក្តីព្រាងច្បាប់​នេះ មានគុណ​ប្រយោជន៍​ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដោយបាន​ផ្តល់​មូលដ្ឋាន​គតិយុត្ត​ជាក់លាក់​ដល់​ការអនុវត្ត​មាត្រា២២ថ្មី មាត្រា៨៦ មាត្រា១០២ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​នូវ​បែបបទ នីតិវិធី និង​លក្ខខណ្ឌ នៃ​ការប្រកាស​ដាក់​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ជា​មូលដ្ឋាន​គតិយុត្ត​កំណត់​អំពី សិទ្ធិអំណាច​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ដាក់ចេញ​នូវ​វិធានការ​ចាំបាច់​នានា ក្នុងការ​គ្រប់គ្រង​ប្រទេសជាតិ​ស្ថិតក្នុង ភាពអាសន្ន ។

ជា​សេស​ច្បាប់​នេះ​និង​ឱ្យ​រដ្ឋសភា ព្រឹទ្ធសភា​ទទួលបាន​ពី​រាជរដ្ឋាភិបាល​នូវ​ការរាយការណ៍​ជាប្រចាំ​អំពី​វិធានការ​បានដាក់​ចេញ​ក្នុងពេល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន នឹង​អាច​ស្នើសុំ​ព័ត៌មាន​ចាំបាច់​បន្ថែម ផ្សេងៗទៀត​ពី​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​នៃ​ការត្រួតពិនិត្យ និង​ការវាយតម្លៃ​អំពី​វិធាន​ការដែល​បាន ដាក់ចេញ​ក្នុងពេលដែល​ប្រទេសជាតិ​ស្ថិតក្នុង​ភាពអាសន្ន ដើម្បី​ការពារ​សន្តិសុខ​ជាតិ និង​សណ្តាប់ធ្នាប់​សាធារណៈ ការពារ​អាយុជីវិត និង​សុខភាព​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ការពារ​ទ្រព្យសម្បត្តិ និង​បរិស្ថាន។

សេចក្តីព្រាងច្បាប់​នេះ​តាក់តែងឡើង​មាន ៥ជំពូក និង១២មាត្រា ត្រូវបាន​រដ្ឋសភា​នៃ​ព្រះរាជា-ណា​ចក្រ​កម្ពុជា អនុម័ត​យល់ព្រម​ចំនួន ១១៥សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា​ទាំងមូល កាលពី​ថ្ងៃទី១០ខែមេសា ឆ្នាំ២០២០ នា​សម័យប្រជុំ​លើក​ទី៤ នីតិកាល​ទី៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here