ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងចំណោមទីផ្សារធំៗនៅតាមបណ្តាប្រទេសទាំង៦ រួមជាមួយនឹងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងទីផ្សារអាស៊ាន សហរដ្ឋអាមេរិកនៅតែបន្តឈរនៅលំដាប់កំពូលលើការបញ្ជាទិញទំនិញពីកម្ពុជា។

តាមរយៈអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញនូវវឌ្ឍនភាពនៃផលិតផលផលសរុបសម្រាប់នាំចេញជាក់ស្តែងនៅក្នុងរយៈពេល ២ខែ ដើមឆ្នាំ២០២០ នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ២ ៥៦៣ លានដុល្លារអាមរិក ក្នុងនោះចំពោះទីផ្សារនាំចេញទៅកាន់សហរដ្ឋអាមេរិក នៅតែបន្តឈរក្នុងលំដាប់ថ្នាក់ទី១ បន្ទាប់ពីប្រទេសនាំចេញចំនួន៦ផ្សេងទៀត ដោយបូកបញ្ជូលទាំងប្រទេសក្នុងអាស៊ានផងដែរ។
នៅក្នុងរបាយការណ៍ដដែលបានបង្ហាញទៀតថា ជុំវិញការនាំចេញទៅកាន់ប្រទេសទាំង៦នេះ ក្នុងនោះការនាំចេញសរុបទៅកាន់សហរដ្ឋអាមេរិក មានកំណើនជិត ៤៣ភាគរយ, នាំចេញទៅកាន់សហភាពអឺរ៉ុប មានប្រមាណ ២៥ភាគរយ, ជប៉ុន ៥ភាគរយ, អាស៊ានជាង ៦ភាគរយ, អង់គ្លេសប្រមាណ ៦ភាគរយ និងការនាំចេញទៅកាន់ប្រទេសផ្សេងៗទៀតសរុបមានកំណើនជាង ២០ភាគរយផងដែរ។
ចំណែកការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារសំខាន់ៗទាំងនេះ ក្នុងរយៈពេល២ខែ ឆ្នាំ២០២០ នេះដែរ គឺស្ថិតនៅក្នុងលំដាប់រឹងមាំនៅឡើយ ដោយក្នុងនោះការនាំចេញទៅកាន់ទីផ្សារអាស៊ាន មានកំណើនជាង ៤១ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាមានជាង ៥១ភាគរយ។ ដោយឡែក ទីផ្សារអាមេរិកមានប្រមាណ ៤០ភាគរយ ខណៈដែលក្នុងឆ្នាំ២០១៩ មានជាង ៤៨ភាគរយ , ជប៉ុន ១៨ភាគរយ, សហភាពអឺរ៉ុបជាង ៧ភាគរយ, អង់គ្លេស ដក ៣ភាគរយ (-៣ភាគរយ), និងការនាំចេញទៅកាន់ប្រទេសផ្សេងៗ មានចំនួនជាង ២០ភាគរយ ផងដែរ ៕






