ដោយៈ រ៉ាណេត
ភ្នំពេញៈ គម្រោងសាងសង់ប្រព័ន្ធការពារ និងរំដោះទឹកជំនន់នៅរាជធានីភ្នំពេញក្រោមជំនួយពីររដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នឹងត្រូវបានបញ្ចប់ជាស្ថាពរ នៅត្រឹមអំឡុងដើមឆ្នាំ២០២១ខាងមុខនេះ ខណៈបច្ចុប្បន្នតំបន់សំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញត្រូវរៀបចំ និងសាងសង់យ៉ាងសកម្ម។

លោក មីកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) អគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់តាមរយៈគេហទំព័រផ្លូវការរបស់ស្ថានទូតជប៉ុននៅកម្ពុជា កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០កន្លងមកនេះបានឲ្យដឹងថា បច្ចុប្បន្ននេះសកម្មភាពសាងសង់បណ្តាញ និងប្រព័ន្ធការពារ រួមជាមួយប្រព័ន្ធរំដោះទឹកជំនន់ក្នុងរាជធានីភ្នំពេញ កំពុងតែត្រូវបានពន្លឿនការសាងសង់ ដើម្បីឈានទៅរកការបញ្ចប់តាមផែនការ ដែលបានគ្រោងទុកនៅឆ្នាំ២០២១ខាងមុខនេះ។
ជាមួយនឹងសេចក្ដីព្យាយាមនិយាយជាភាសាខ្មែរ លោក មីកាមិ បានមានប្រសាសន៍ថា “រដូវភ្លៀងបានមកដល់ហើយ ក្នុងការការពារទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ នៅតំបន់វត្តភ្នំ កំពុងជីកដាក់បំពង់៧ម៉ែត្រក្រោមដី។ ចំណែកនៅខាងមាត់ទន្លេវិញកំពុងសាងសង់អាងស្តុកទឹកភ្លៀងចំនួន៦៥០០ម៉ែត្រគូប។ លោកបន្តថា“នៅរដូចវស្សា ទឹកភ្លៀងនឹងហូរតាមបំពង់លូ ហើយបន្តចូលទៅក្នុងអាងស្តុក បន្ទាប់មកនឹងហូរចូលទន្លេ” ។

លោកបានបន្តទៀតថា នៅក្នុងអំឡុងពេលកំពុងដំណើរការមានការបិទជួសជុលផ្លូវមួយចំនួន ដូច្នេះសូមលោក លោកស្រី បន្តយោគយល់ និងគាំទ្រចំពោះគម្រោងនេះ សូមអរគុណ៕






