ដោយ ហ្សូលី
ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និង ធនាគារពិភពលោក (World Bank) បានផ្តល់មូលនិធិបន្ទាន់ដល់ប្រទេសដែលមានចំណូលកម្រិតមធ្យម ក្នុងនោះបើគិតតែតំបន់អាស៊ីសរុបប្រមាណជាង ៣ពាន់លានដុល្លារ ហើយ ក្នុងការជួយអភិវឌ្ឍទ្រទ្រង់ដល់ស្ថានភាពសេដ្ឋកិច្ចបណ្តារប្រទេសក្នុងតំបន់អាស៊ី ដើម្បីប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19។ នេះបើតាមរបាយការណ៍ដែលបានចុះផ្សាយនៅលើកាសែត New York Times កាលថ្មីៗនេះ។
ខាងក្រោមនេះជាបញ្ជីប្រទេសដែលទទួលបានថវិកាបន្ទាន់ពីស្ថាប័នទាំងពីរដើម្បីជួយសម្របសម្រួលការលំបាក និងគាំទ្រដល់កម្មវិធីមួយចំនួននៅតាមតំបន់។
ប្រទេសក្នុងតំបន់អាស៊ីដែលជាប្រទេសមានចំណូលកម្រិតមធ្យមនិងទទួលបានជំនួយពីធនាគារពិភពលោកមានដូចជា៖ ប្រទេសកម្ពុជា ២០លានដុល្លារ ប្រទេសបង់ក្លាដេស ១០០លានដុល្លារ ប្រទេសឡាវ ១៨លានដុល្លារ ប្រទេសហ្វីលីពីន ៥០០លានដុល្លារ ប្រទេសនេប៉ាល់ ២៩លានដុល្លារ ប្រទេសអាហ្វហ្គានីស្ថាន ១០០.៤លានដុល្លារ ប្រទេសសឥណ្ឌា ១០០០លានដុល្លារ ប្រទេសម៉ាល់ឌីវ ៧.៣លានដុល្លារ ប្រទេសម៉ុងហ្គូលីទទួលបានចំនួន២ដងគឺ ២៦.៩ លានដុល្លារនិង ២.២ លានដុល្លារ ប្រទេសប៉ាគីស្ថាន ២០០លានដុល្លារ។
បន្ថែមពីលើនេះធនាគារពិភពលោកក៏បានជួយដល់បណ្តារប្រទេសមួយចំនួនទៀតដូចជា ប៉ាពួញ៉ូវហ្គីនេ ចំនួន ២០លានដុល្លារ កោះ Samoa ចំនួន ៥.១លានដុល្លារ និង Tajiskistan ចំនួន ១៣លានដុល្លារ។
ចំនែកឯប្រទេសដែលទទួលបានជំនួយពីមូលនិធិរូបិយវត្ថុអន្តរជាតិវិញមានដូចជា ប្រទេសប៉ាគីស្ថានដែលបានដល់ទៅ ១០៣៩លានដុល្លារ និង kyrgyzstan បានចំនួន ១២០.៩លានដុល្លារ។
កាលពិដើមខែមីនា ឆ្នាំ ២០២០កន្លងទៅ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានផ្តល់ហិរញ្ញប្បទានចំនួន ១០ពាន់លានដុល្លារ ទៅដល់បណ្តារប្រទេសដែលមានប្រាក់ចំណូលទាប ក្នុងគោលបំណងជួយទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការវាយលុកនៃវីរុសកូរ៉ូណាធ្ងន់ធ្ងរ ក្នុងនោះក៏មានការសហការយ៉ាងជិតស្និទ្ធជាមួយធនាគារពិភពលោកផងដែរ។
ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍នេះ ធនាគារពិភពលោកកំពុងតែអនុវត្តកម្មវិធីកញ្ចប់ហិរញ្ញវត្ថុចំនួន ១៤ប៊ីលានដុល្លារអាមេរិក ដោយបញ្ចេញវាឱ្យបានឆាប់រហ័ស សម្រាប់ពង្រឹងការឆ្លើយតបទៅនឹងការរាតត្បាតរបស់ Covid-19 នៅតាមប្រទេសនានានិងជួយធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចឆាប់ងើបឡើងវិញ។
(New York Times)






