ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របពេលដែលការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 កំពុងទទួលបានលទ្ធផលវិជ្ជមាន នៅដើមត្រីមាសទី២ ឆ្នាំ២០២០ តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ទីតាំងផ្សេងគ្នាបន្ថែមទៀត ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុចំនួន១ ទីតាំង និងខេត្តស្វាយរៀងចំនួន២ទីតាំង ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រថ្មីសរុបចំនួន៣ ដែលមានទំហំទឹកប្រាក់វិនិយោគសរុបជិត ១២លានដុល្លារ។
រាជរដ្ឋាភិបាល តាមរយៈគណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីចុងសប្ដាហ៍មុនបានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនចំនួន លើការវិនិយោគបង្កើតរោងចក្រលើការសង្វាក់ផលិតកម្មផ្សេងគ្នា។ ដោយឡែកនៅដើមត្រីមាសទី២ នៃឆ្នាំ២០២០ ដើមសប្ដាហ៍នេះ បានសម្រេចគាំទ្រលើគម្រោងចំនួន៣បន្ថែមទៀត ស្របពេលដែលការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជំងឺឆ្លង Covid-19 កំពុងទទួលបានលទ្ធផលវិជ្ជមាន។
ក្រុមហ៊ុនចំនួន៣ ដែលទើបតែទទួលបានការអនុញ្ញាតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាសម្រេចឱ្យចាប់ដំណើរទាំង៣រួមមាន ៖
១- ក្រុមហ៊ុន M.M.A.S (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតប្រអប់នំ, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, មានទុនវិនិយោគចំនួន ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៧កន្លែង។
២- ក្រុមហ៊ុន Long Purse Industrial (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតខ្សែកាបភ្ជាប់ចរន្តធ្វើអំពីស្ព័ន, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីស៍ស, មានទុនវិនិយោគចំនួន ៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៧៥កន្លែង។
៣- ក្រុមហ៊ុន Xiangsong Printing (Cambodia) Co., Ltd.: គម្រោងបង្កើតរោងចក្រផលិតសម្ភារ:វេចខ្ចប់, មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក, មានទុនវិនិយោគចំនួន ១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០កន្លែង៕