ដោយ ប៊ី
អន្តរជាតិៈ ជិត៦០លានការងារនៅទូទាំងអឺរ៉ុប និងចក្រភពអង់គ្លេស ប្រឈមនឹងហានិភ័យពីការឆ្លងរាលដាលនៃជំងឺCOVID-19។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនMcKinsey ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនពិគ្រោះយោបល់នេះ បានព្រមាននៅក្នុងរបាយការណ៍ ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះថា អត្រាគ្មានការងារធ្វើនៅអឺរ៉ុប អាចកើនឡើងពី៦ភាគរយ ទៅជាង ១១ភាគរយ និងនៅតែកើនឡើងរាប់ឆ្នាំ ប្រសិនបើជំងឺនេះមិនត្រូវបានទប់ស្កាត់។
ក្រុមហ៊ុន McKinsey បានប៉ាន់ប្រមាណថា ការងារមួយក្នុងចំណោមការងារបួននៅទូទាំងសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស មានហានិភ័យនៃការកាត់បន្ថយម៉ោង ឬប្រាក់ឈ្នួល។ ការងារដែលមិនតម្រូវឱ្យមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអ្នកដទៃរួមទាំងគណនេយ្យករ និងស្ថាបត្យករត្រូវបានគេចាត់ទុកថា មានហានិភ័យទាប រួមជាមួយអ្នកដែលផ្តល់សេវាកម្មចាំបាច់ ដូចជាប៉ូលីស។
អ្នកធ្វើការប្រមាណ៥៥លាននាក់ ត្រូវបានជួលនៅក្នុងអាជីព ដែលមានហានិភ័យខ្ពស់ រួមមានអ្នកគិតប្រាក់ អ្នកចម្អិនអាហារ កម្មករសំណង់បុគ្គលិកសណ្ឋាគារ និងអ្នកសំដែង។ ប្រហែលជា៨០ភាគរយ នៃការងារដែលត្រូវបានគេចាត់ទុកថា មានហានិភ័យ ចំពោះមនុស្ស មិនមានសញ្ញាប័ត្រមហាវិទ្យាល័យ ដែលមាននិយោជិករបស់ក្រុមហ៊ុនតូចៗ។
នៅក្រោមសេណារីយ៉ូមួយ ដែលអឺរ៉ុបបរាជ័យក្នុងការទប់ស្កាត់ជំងឺនេះ ក្នុងរយៈពេលបីខែ ហើយត្រូវបានបង្ខំឱ្យបន្តវិធានការ នៅគន្លាតឆ្ងាយពីគ្នាក្នុងសង្គមនៅរដូវក្តៅ អត្រាគ្មានការងារធ្វើរបស់សហភាពអ៊ឺរ៉ុប នឹងកើនឡើងដល់១១,២ភាគរយ ក្នុងឆ្នាំ ២០២១ និងត្រឡប់មកវិញពេញលេញរហូតដល់ឆ្នាំ២០២៤។

ក្រុមហ៊ុន McKinseyបានឱ្យដឹងថា អាជីវកម្ម និងរដ្ឋាភិបាលចាំបាច់ត្រូវផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីការពារការងារ។ ក្រុមហ៊ុនគួរតែកាត់បន្ថយថ្លៃដើម ប្តូរវេនការងារដាច់ដោយឡែកពីគ្នា និងបើកដំណើរការពីចម្ងាយដែលអាចធ្វើទៅបាន។ រដ្ឋាភិបាលគួរតែផ្តល់ការធានាប្រាក់កម្ចី ការបន្ធូរបន្ថយពន្ធ និងប្រាក់ឈ្នួលធានាដល់កម្មករ ដែលមួយចំនួនត្រូវបានធ្វើរួចនៅទូទាំងអឺរ៉ុប។
ចក្រភពអង់គ្លេសកំពុងគ្រប់គ្រង៨០ភាគរយ នៃប្រាក់ខែកម្មករយ៉ាងហោចណាស់ក្នុងរយៈពេល៣ខែ បន្ទាប់រហូតដល់អតិបរមា២៥០០ផោន (២.៩០០ ដុល្លារ) ក្នុងមួយខែ។ ប្រទេសអាល្លឺម៉ង់ និងបារាំងមានកម្មវិធីស្រដៀងគ្នានេះដែរ។
កញ្ចប់ជំនួយសង្គ្រោះជំងឺឆ្លងនេះ របស់សហភាពអឺរ៉ុប រួមមាន ប្រាក់ឧបត្ថម្ភដល់ប្រាក់ឈ្នួលរហូតដល់១០០ពាន់លានអឺរ៉ូ (១១០ពាន់លានដុល្លារ) ដែលមានគោលបំណងការពារការបញ្ឈប់ការងារដ៏ធំ ក៏ដូចជាការផ្តល់ប្រាក់កម្ចីដល់អាជីវកម្ម និងឥណទានរាប់រយពាន់លានដុល្លារសម្រាប់រដ្ឋាភិបាលអឺរ៉ុប៕
ប្រភព CNN







