អ្នកនាំពាក្យៈកម្ពុជាមិនខ្វះធនធានរ៉ែសំណង់សម្រាប់ផ្គត់ផ្គត់លើវីស័យសំណង់នោះទេ

0

ដោយវុត្ថា

ភ្នំពេញៈ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជា មិនទាន់ខ្វះខាតធានធនរ៉ែសំណង់ សម្រាប់ផ្គត់ផ្គង់លើវិស័យសំណង់នោះទេ ខណៈដែលវិស័យសំណង់របស់កម្ពុជា មានសន្ទុះរីកចំរើនយ៉ាងកំហុក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។


លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០នេះបានឱ្យដឹងថា ការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យរ៉ែបានបើកចំហរ និងជំរុញឱ្យក្រុមហ៊ុនឯកជននានាបមកធ្វើការសិក្សាស្រាវជ្រាវ និងវិយោគយ៉ាងផុលផុស។

លោកបន្តថា វិស័យរ៉ែបានចូលរួមចំណែកអភិវឌ្ឍន៍ វិស័យហេដ្ឋារចនាសម្ព័ន្ធ និងកំណើនសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងមានការវិនិយោគ យើងក៏បានរៀបចំបទដ្ឋានគតិយុត្តិផ្សេងៗ រួមមានច្បាប់ អនុក្រឹត្យនិងប្រកាសក្រសួងផងដែរ ដើម្បីឱ្យវិស័យនេះ ធ្វើប្រតិបត្តិការប្រកបដោយចីរភាព

លោកបន្ថែមទៀតថា កន្លងមកនេះ ក្រសួងបានអនុញ្ញាតឱ្យក្រុមហ៊ុន និងអាជីវករ ធ្វើអាជីវកម្មរ៉ែសំណង់ ដែលអាចបំពេញបាននូវការប្រើប្រាស់ នៅក្នុងវិស័យសំណង់ក្នុងប្រទេសកម្ពុជាដោយពុំមានការខ្វះខាត។

អ្នកនាំពាក្យរូបនេះពន្យល់ថា រ៉ែសំណង់នេះផ្តោតសំខាន់ៗទៅលើ គ្រួស ខ្សាច់ និងថ្មជាដើមដែលជាវត្ថុធាតុដើម សម្រាប់បំរើឱ្យវិស័យសំណង់ បំពេញបានគ្រប់គ្រាន់តម្រូវតាមសេចក្តីត្រូវការរបស់សេដ្ឋកិច្ច និងសង្គម និងតម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធរបស់ជាតិ


លោកបញ្ជាក់ថា ដូចបច្ចុប្បន្ននេះ ការអភិវឌ្ឍន៍យ៉ាងកំហុកលើវិស័យសំណង់ យើងក៏ត្រូវការធនធានរ៉ែសំណង់យកមកផ្គត់ផ្គង់។ ជាមួយគ្នានេះ យើងបានដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់ត៍ ដែលមានសមត្ថភាពផលិតបានជាង៨លានតោនក្នុងមួយឆ្នាំ។

លោកយស់ មុនីរ៉ាត់បានបន្ថែមថា និយាយជារួមរោងចក្រផលិតស៊ីម៉ងត៍ទាំង៥ របស់កម្ពុជាអាចផលិត និងផ្គត់ផ្គង់តាមតម្រូវការរបស់ប្រទេស។ បើធៀបពីកាលមុន យើងបាននាំចូលពីក្រៅប្រទេស។

យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា វិស័យសំណង់ទូទាំងប្រទេស នៅក្នុងឆ្នាំ២០១៩កន្លងមកនេះ មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨.៥លានម៉ែត្រការ៉េ កើនឡើង៦២ភាគរយ ធៀបនឹងឆ្នាំ២០១៨ ដែលគម្រោងសំណង់មានផ្ទៃក្រឡា១១.៤លានម៉ែត្រការ៉េ ខណៈទុនវិនិយោគលើមានចំនួន៩.៣ពាន់លានដុល្លារ មានកំណើន៧៨ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here