ដោយ វុត្ថា
ភ្នំពេញៈ អ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលបានអះអាងថា រហូតមកដល់ពេលនេះ កម្ពុជា បានរកឃើញរណ្ដៅរ៉ែមាសខ្នាតអន្តរជាតិ មួយកន្លែងដែលស្ថិតនៅ ក្នុងតំបន់អូរខ្វាវ ស្រុកកែវស៊ីមាខេត្តមណ្ឌលគិរី ខណៈក្រុមហ៊ុនកំពុងតែដំណើរយ៉ាងសកម្ម ហើយរំពឹងថា នឹងទទួលបានរ៉ែមាសចំនួន១លានតោនជាលើកដំបូងនាពេលខាងមុខនេះ ។

លោកយស មុនីរ៉ាត់ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពលនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល» នាថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០កន្លងមកបានឱ្យដឹងថា កម្ពុជាកំពុងដំណើរការឈាន ទៅបង្កើតរោងចក្រឧស្សាហកម្មចំរាញ់ រ៉ែមាសជាលើកដំបូងមួយកន្លែង ស្ថិតនៅក្នុងខេត្តមណ្ឌលគិរី ដែលវិនិយោគដោយក្រុមហ៊ុនអូស្ត្រាលី សហការផ្នែកហិរញ្ញវត្ថុ ជាមួយក្រុមហ៊ុនកាណាដា ដែលបានធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានារួចរាល់អស់ហើយ។
លោកថ្លែងថា “យើងសង្ឃឹមថា យើងនឹងអាចមានផលិតផលមាសរបស់កម្ពុជា នៅពេលឆាប់ៗខាងមុខទៅតាមផែនការ ខណៈខាងក្រុមហ៊ុនកំពុងដំណើរយ៉ាងរលូន ព្រមទាំងបាននឹងកំពុងរៀបចំរួចរាល់ នៅតាមការដ្ឋានដើម្បីជីកយករ៉ែមាសផងដែរ។
អ្នកនាំពាក្យរូបនេះបន្ថែមថា “ក្រុមការងារក្រសួង គ្រោងទៅចុះពិនិត្យមើលឆាប់ៗនេះ តែដោយសារបញ្ហាកូវីដ១៩ បានធ្វើអោយមានការស្ទះ ក្នុងការចុះធ្វើបេសកម្មរបស់ក្រុមការងារ ដើម្បីបង្ការ និងរក្សាបានយនូវសុវត្ថិភាព។ ជាមួយគ្នានេះ អ្នកជំនាញមួយចំនួន ដែលត្រូវបានបញ្ជូនមក ក៏ត្រូវបានខកជើងផងដែរ ដោយសារព្រួយបារម្ភពីជំងឺកូវីដ ១៩ ”។
លោកយស មុនីរ៉ាត់បានបន្តថា “យើងមានអ្នកជំនាញពីរផ្នែក មួយផ្នែកជាអ្នកជំនាញនៅប្រចាំតាមការដ្ឋាន និងមួយផ្នែកទៀតអ្នកជំនាញ ដែលបានបញ្ជូនមកណែនាំដល់ក្រុមការងារនៅតាមការដ្ឋានររួចហើយវិលត្រឡប់ទៅវិញ។

លោកបន្តថា បើយើងពិនិត្យមើលសកម្មភាព នៅក្នុងការដ្ឋានមិនទាន់មានសញ្ញាណាមួយមានស្ថានភាពយឺតយ៉ាងនោះទេ។ យើងនឹងទទួលបានក្នុងជម្រករ៉ែ ទីមួយមានចំនួន១លានតោន ដែលស្មើនឹងមួយលានដំឡឹង និងបន្តស្វែងរកនៅក្នុងតំបន់នៅជុំវិញនោះ យើងនឹងបានទទួលនូវជម្រករ៉ែថ្មីៗទៀត។

បើតាម លោក យស មុនីរ៉ាត់បានឱ្យដឹងផងដែរថា ក្រសួងបានចេញអាជ្ញាបណ្ណដល់ក្រុមហ៊ុនរ៉ុករ៉ែ នៅក្នុងប្រទេសកម្ពុជាមានចំនួន៤០អាជ្ញាបណ្ណ តែមានក្រុមហ៊ុនស្វែងរកបានមួយចំនួនក្ស័យធន និងមួយចំនួនទៀតត្រូវបានបានដកអាជ្ញាបណ្ណ និងក្រុមហ៊ុនមួយចំនួនយកមិនចេញ៕






