រដ្ឋាភិបាល​ត្រៀម​ថវិកា៤៥០លាន​ដុល្លារ​សម្រាប់​កម្មវិធី​ជំនួយ​សង្គម​ក្រោមឥទ្ធិពល​វិបត្តិ​ជំងឺ Covid-19

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា បានគ្រោង​រៀបចំ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ Covid-19 និង​ក្របខណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់គ្រង​សភាពការណ៍ ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​គ្រោង​ចំណាយ​សរុប​ប្រមាណ៤៥០លាន​ដុល្លារ។

រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក វ​ង្សី វិស្សុត បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា ពិគ្រោះ​យោបល់ តាមរយៈ Video Conference អំពី​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ Covid-19 ជាមួយ​បណ្តា​ដៃគូ​អភិវឌ្ឍន៍​ចំនួន២៣ កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ថា ការរៀបចំ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ក្នុងអំឡុងពេល​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​Covid-19 គឺ​ផ្អែកលើ​ផែនការមេ​សម្រាប់​ទប់ស្កាត់ និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​ពី​ជំងឺ Covid-19 ។

ក្រៅពីនេះ រដ្ឋាភិបាល​ក៏មាន​ក្របខណ្ឌ​យុទ្ធសាស្ត្រ សម្រាប់​គ្រប់គ្រង​សភាពការណ៍​ប្រយុទ្ធ​នឹង​ជំងឺ Covid-19 ដែល​បាន​ដាក់ចេញ។ គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម​នេះ នឹងត្រូវ​ដាក់​ឆ្លង​ការពិនិត្យ​អនុម័ត ពី​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងពេល​ខាងមុខនេះ​ផងដែរ។

លោក វ​ង្សី វិស្សុត ក៏បាន​លើកឡើង​ផងដែរ​ថា “ការរីក​រាលដាល​នៃ​ជំងឺ Covid-19 បាន​ក្លាយជា​វិបត្តិ​សកលលោក និង​ជា​ករណី​មិន​ធ្លាប់មាន​ពីមុនមក ហើយ​ទំហំ​នៃ​ផលប៉ះពាល់ និង​វិធានការ​ឆ្លើយតប របស់​ប្រទេសនីមួយៗក៏​មិន​ដូចគ្នា​ដែរ។ លោក​បាន​បន្តថា “ ទោះបី​កម្ពុជា​ជា​ប្រទេស​តូច ហើយ​ធនធាន​មាន​កម្រិត​ក្តី តែ​រហូតមក​ទល់នឹង​ពេលនេះ, កម្ពុជា បាននិងកំពុង​គ្រប់គ្រង​ស្ថានភាព​នៃ​ជំងឺ​នេះ​បានល្អ​ប្រសើរ។

ទន្ទឹមនឹងនេះ ម​ជ្ឍ​ដ្ឋា​ន​ប្រជា​ពល​ពលរដ្ឋ​ទូទៅ មិនថាតែ​មន្ត្រី​រដ្ឋការ​សាធារណៈ​ឡើយ បាន​ចូលរួមចំណែក​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​នេះ​ជាមួយនឹង​រដ្ឋាភិបាល​យ៉ាង​សស្រាក់សស្រាំ និង​ថែមទាំង​បាន​ជួយ​រែកពន់​នូវ​បន្ទុក និង​ការលំបាក​នេះ ក្នុង​ស្មារតី​ចែករំលែក​ទៀត។ ក៏ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្តី រាជរដ្ឋាភិបាល នឹង​នៅតែ​បន្ត​តាមដាន ស្ថានភាព​វិវត្តន៍​នៃ​ជំងឺ​នេះ ប្រកបដោយ​ការយកចិត្តទុកដាក់ និង​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការរីក​រាលដាល​ធ្ងន់ធ្ងរ នៃ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។

លោក​វ​ង្សី វិស្សុត ក៏បាន​គូសបញ្ជាក់​ផងដែរ​ថា រដ្ឋាភិបាល​បានគិត​គូរ​និង​ត្រៀម​សម្រាប់​ស្ថានភាព​អាក្រក់​បំផុត ។

លោក​បាន​បន្តថា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 និង​ការ​ទប់ទល់​ផលប៉ះពាល់ លើ​សេដ្ឋកិច្ច-សង្គម រាជរដ្ឋាភិបាល​បានគ្រោង​ថវិកា​ចំនួន១០០លាន​ដុល្លារ សម្រាប់​អនុវត្ត​ផែនការមេ សម្រាប់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19។ ក្នុងនោះ​ប្រភពពី​ថវិកាជាតិ​ប្រមាណ៦០លាន​ដុល្លារ​អាមេរិក និង​ការ​កៀរគរ​ពី​ដៃគូ អភិវឌ្ឍន៍​ប្រមាណ៤០លាន ដុល្លារ​អាមេរិក និង​ថវិកាជាតិ​ចំនួន៣៥០លាន​ដុល្លារ​អាមេរិក​ទៀត  សម្រាប់ធ្វើ​អន្តរាគមន៍ ដើម្បី​រក្សា​លំនឹង​ជីវភាព​ប្រជាជន​ក្រីក្រ ងាយ​រងគ្រោះ និង​សម្រាប់​ឧបត្ថម្ភ​ដល់ក​ម្មករ នៅពេលដែល​រោងចក្រ​ព្យួរ​អាជីវកម្ម។

ទំហំ​ទឹកប្រាក់​ត្រៀម សម្រាប់​អន្តរាគមន៍ មុខសញ្ញា​ខាងលើនេះ អាច​នឹងមិន​គ្រប់គ្រាន់ ក្នុងករណី​ប្រសិនបើ​ស្ថានភាព​នៃ​ជំងឺ Covid-19 ត្រូវ​អូសបន្លាយ​យូរ ឬ​ករណី​មាន​ការរីក​រាលដាល​ខ្លាំង។

លោក​វ​ង្សី វិស្សុត​បាន​បន្តថា ក្រៅពី​ការផ្តល់​ការអនុគ្រោះ និង​ការបន្ធូរបន្ថយ​ផ្នែក​ពន្ធដារ និង​វិធាន​ការដែល​ដាក់ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា ដើម្បី​ជួយ​ដល់​វិស័យ​ធុរកិច្ច ដែល​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ Covid-19, រាជរដ្ឋាភិបាល​ក៏បាន​បង្កើន​ការផ្តល់​ទុន​កម្ចី ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៥០លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​កសិកម្ម ចំពោះ​វិស័យ​កសិកម្ម និង​ក​សិ-ឧស្សាហកម្ម និង​វិស័យ​ផ្សេងទៀត ចំនួន១០០លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត តាមរយៈ​ធនាគារ សហគ្រាស​ធុន​តូច និង​មធ្យម​ចំនួន៥០លាន​ដុល្លារ​អាមេរិក និង​ធនាគារ​ពាណិជ្ជកម្ម​ចំនួន៥០លាន​ដុល្លារ​អាមេរិក។

តាមរយៈ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ បណ្តា​ដៃគូ​ទាំង២៣ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​គោលនយោបាយ និង​កម្មវិធី​ជំនួយ​សង្គម ដែល​បានរៀបចំ​ដោយ​ក្រុមការងារ ចំពោះ​កិច្ច និង​សន្យា​ផ្តល់​ការគាំទ្រ ចំពោះ​កម្មវិធី​ជំនួយ​សង្គម​នេះ ទៅតាម​លទ្ធភាព​របស់​ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here