ដោយ ហ្សូលី
ភ្នំពេញៈ មូលនិធិគាំទ្រសេដ្ឋកិច្ចរបស់ជប៉ុន ដែលមានទឹកប្រាក់ប្រហែល២,៤ ពាន់លានដុល្លារ នឹងត្រូវនាំយកក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន ដែលវិនិយោគក្នុងប្រទេសចិនផ្ទេរទៅប្រទេសផ្សេងទៀតនៅអាស៊ីអាគ្នេយ៍។

ការផ្លាស់ប្តូរនេះមានគោលបំណង កាត់បន្ថយហានិភ័យនាពេលអនាគត នៃការរំខានដល់សង្វាក់ផ្គត់ផ្គង់ ក្នុងករណីមានព្រឹត្តការណ៍អាក្រក់ ដូចទៅនឹងការរីករាលដាលនៃ Covid-19។ ទោះបីជាយ៉ាងណា ចិនគឺនៅតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ជប៉ុន។
ក្នុងរយៈពេលពីរបីទសវត្សរ៍ចុងក្រោយនេះ ប្រទេសចិនបានក្លាយជាបណ្តុំរោងចក្ររបស់ពិភពលោក។ អ្នកផលិតបានផ្លាស់ប្តូរផលិតកម្ម ទៅកាន់ប្រទេសចិន ដើម្បីកាត់បន្ថយថ្លៃដើម ហើយនៅជិតទីផ្សារធំបំផុតមួយនៅលើពិភពលោក។
យូរៗទៅការផលិតនៅក្នុងប្រទេសចិន បានផ្លាស់ប្តូរខ្សែសង្វាក់តម្លៃផលិតផលិតផល ដែលមានតម្លៃទាបដូចជាសម្លៀកបំពាក់ និងគ្រឿងបន្លាស់មូលដ្ឋានដល់ឧស្សាហកម្ម ទៅជាមានតម្លៃខ្ពស់វិញ ដូចជា បច្ចេកវិទ្យា 5G និងអវកាស។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានអោយដឹងថា យោងតាមការស្ទង់មតិកាលពីខែកុម្ភៈដោយក្រុមហ៊ុន Tokyo Shoko Research Ltd បានអោយដឹងថា ៣៧ភាគរយនៃអ្នកឆ្លើយតប ២.៦០០នាក់ បានធ្វើពិពិធកម្មលទ្ធកម្ម នៅខាងក្រៅប្រទេសចិន ក្នុងកំឡុងពេលមានជំងឺរាតត្បាត។
នាពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេបានប្រកាសពីភាពអាសន្ន សម្រាប់ជំងឺរាតត្បាតឆ្លងនិងឆ្លងវីរុសនេះ ហើយបានបង្ហាញកញ្ចប់ថវិកាជំរុញដ៏ធំមួយ ដើម្បីជួយសេដ្ឋកិច្ចឱ្យជៀសផុតពីវិបត្តិសេដ្ឋកិច្ច។
កញ្ចប់ជួយសង្គ្រោះ ដែលមានទំហំ៩៩២ពាន់លានដុល្លារ ជាការចំណាយធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជប៉ុន។ កញ្ចប់ជំរុញសេដ្ឋកិច្ចរបស់ប្រទេស មានវិធានការណ៍កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គម នៃជំងឺរាតត្បាត និងកំណត់គោលដៅបុគ្គលសាជីវកម្មពហុជាតិ និងសហគ្រាសធុនតូចនិងមធ្យម។
យោងតាមរបាយការណ៍ខែកុម្ភៈឆ្នាំ២០២០ របស់សារព័ត៌មាន Nikkei Asian Reviewបានឲ្យដឹងថា មិនមែនមានតែក្រុមហ៊ុនផលិតកម្មរបស់ជប៉ុន តែមួយនោះទេដែលដកខ្លួនពីចិន ប៉ុន្តែក្រុមហ៊ុន Google និង Microsoft កំពុងផ្លាស់ប្តូរខ្សែចង្វាក់ផលិតកម្មរបស់ខ្លួនមួយចំនួន ទៅកាន់ប្រទេសវៀតណាម និងថៃ។ ក្រុមហ៊ុន Microsoft ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមផលិតនៅប្រទេសវៀតណាម នូវម៉ូដែលមួយចំនួននៃកុំព្យូទ័រលើតុ និងកុំព្យូទ័រយួរដៃ ដែលពេញនិយមនៅត្រីមាសទី២ ឆ្នាំ ២០២០៕
ប្រភព (The Asean Post)






