ដោយវុត្ថា
ភ្នំពេញ៖ កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-អាមេរិកតាមប្រព័ន្ធវីដេអូ (Videoconference) ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តិទៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ស្អែកនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២០ នេះ ឱ្យដឹងថា លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ចប្រជុំនេះ ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា កិច្ចប្រជុំនេះ ត្រូវបានស្នើឡើងដោយសហរដ្ឋអាមេរិកនៅក្នុងឱកាសកិច្ចប្រជុំអន្តរទីភ្នាក់ងារកម្រិតខ្ពស់អាស៊ាន-អាមេរិកតាមរយៈប្រព័ន្ធវីដេអូដែលរៀបចំដោយលេខារដ្ឋានអាស៊ានកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០កន្លងទៅ។
រដ្ឋមន្ត្រីការបរទេសអាស៊ាន និងលោក Michael R. Pompeo រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក នឹងផ្លាស់ប្តូរទស្សនៈទៅវិញទៅមក និងពិភាក្សាអំពីវិធីសាស្ត្រនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាំស៊ាន និងសហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងរួមគ្នាទៅនឹងការីករាលដាលនៃជំងឺកូវីដ ១៩ ក្នុងក្រមខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិក។
កិច្ចពិភាក្សាក៏នឹងផ្តោតផងដែរទៅលើសកម្មភាពដើម្បីដោះស្រាយគ្រោះអាសន្នវិស័យសុខាភិបាលសាធារណៈដែលជាសេចក្តីកង្វល់អន្តរជាតិ និងការពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈនៅក្នុងតំបន់រយៈពេលវែង។
កិច្ចប្រជុំនេះ នឹងបង្កើតជាព្រឹត្តិការណ៍ថ្មីដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូអង្វែងក្នុងវិស័យសុខាភិបាលសាធារណៈចំពោះមុខ ណិងបញ្ហាប្រឈមជាសកលនៃជំងឺកូវីដ ១៩ ដែលពុំធ្លាប់មានពីមុនមក៕







