កម្ពុជាកំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតជាមួយក្រុមហ៊ុនកាណាដា ចំនួន៨ប្លុកបន្ថែមទៀត

0

ដោយវុត្ថា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងចរចាកិច្ចព្រមព្រៀងរុករកប្រេងកាតនៅក្នុងប្រទេសចំនួន៨ប្លុកសំខាន់ៗ ជាមួយក្រុមហ៊ុនកាណាដាEnercan Resources Co.,Ltd  ខណៈកម្ពុជាបានបែងចែកប្លុក សម្រាប់រករកចំនួន១៩ នៅក្នុងដែនគោករបស់កម្ពុជា។


លោក ជៀប សួរ អគ្គនាយក នៃអគ្គនាយកប្រេងកាតនៃក្រសួងរ៉ែ និងថាមពល នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងរ៉ែ និងថាមពល»កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះថា នៅក្នុងដែនគោកកម្ពុជាបានបែងចែកសិក្សាស្រាវជ្រាវចំនួន១៩ប្លុក ដែលបច្ចុប្បន្ននេះកម្ពុជកំពុងចរចាស្វែករកប្រេងកាតចំនួន៨ប្លុក ជាមួយក្រុមហ៊ុនមកពីប្រទេសកាណាដា ហើយជាមួយប្លុកផ្សេងៗទៀតនៅទំនេរនៅឡើយ។

លោកបន្តថា នៅក្នុងដែនសមុទ្រកម្ពុជា បានធ្វើការបែងចែករុករកចំនួន៦ប្លុក ដោយរដ្ឋាភិបាលកំណត់ឈ្មោះ ប្លុក A,B,C,D,E និង F ដោយក្នុងនោះ ប្លុក A ត្រូវបានរកឃើញថា មានប្រេងអាចធ្វើអាជីវកម្មបាននៅក្នុងឆ្នាំ ២០១០ ហើយបច្ចុប្បន្ននេះ ក្រុមហ៊ុន KrisEnergy កំពុងអភិវឌ្ឍដើម្បីផលិតប្រេងនាពេលខាងមុខនេះ។

លោកបន្តទៀតថា ជាមួយគ្នានេះប្លុកD រដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងប្រេងកាតជាមួយក្រុមហ៊ុន Cambodia Resource Energy Development Co.,Ltd  ដើម្បីចាប់ផ្តើមធ្វើការស្វែងរុករកធនធានប្រេងកាត។ ដោយឡែក ប្លុក B, C, E និង F នៅទំនេរ ដោយរង់ចាំស្វាគមន៍អ្នកវិនិយោគ។

បើតាមលោក ជៀប សួរបានឱ្យដឹងទៀតថា នៅលើតំបន់ទាមទារដែនសមុទ្រត្រួតគ្នាជាមួយថៃវិញ កម្ពុជាបានបែងចែកជា៤តំបន់ គឺ តំបន់១ និង ហើយរហូតមកដល់ពេលនេះ ពុំទាន់មានសកម្មភាពស្វែងរុករកនៅតំបន់ទាំងនោះទេ ព្រោះពុំទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយ។


លោកបញ្ជាក់ទៀតថា ទន្ទឹមនឹងការសិក្សា អង្កេត វាស់ស្តង់ ដោយក្រុមហ៊ុនដែលមានកិច្ចព្រមព្រៀងប្រេងកាតខាងលើ មន្ត្រីបច្ចេកទេសរបស់ក្រសួង ក៏បានចុះសិក្សាអង្កេតសក្តានុពលភូគព្ភសាស្ត្រប្រេងកាត នៅទីវាលលើដែនដែនគោកនានា ដើម្បីប្រមូលសិលាគំរូមកពិសោធន៍ និងចងក្រងជាទិន្ន័យ។

បច្ចុប្បន្នក្រសួងបាននឹងកំពុងខិតខំ រៀបចំទំនើបកម្មបន្ទប់ទិន្ន័យប្រេងកាត និងចងក្រងទិន្នន័យប្រេងកាត ក៏ដូចជាការបោះពុម្ពផែនទីទិន្នន័យ 2D  និង 3D ស៊ីស្មីកជាបណ្តើរៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here