ដើមឆ្នាំ២០២០ វិស័យ SME ផ្នែកកម្មន្ដសាល មានកំណើនជាង ៥២ ០០០ ទីតាំង កំពុងដំណើរការនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ជាមួយនឹងការយកចិត្តទុកដាក់លើកកម្ពស់ពីសំណាក់រាជរដ្ឋាភិបាល គិតត្រឹមដើមឆ្នាំ២០២០ វិស័យសហគ្រាសធុនតូច និងមធ្យម SME (ផ្នែកកម្មន្តសាល) នៅកម្ពុជា បានបន្តពង្រីកវិសាលភាពយ៉ាងខ្លាំងក្លា និងមានការកើនឡើងរហូតដល់ចំនួន ៥២ ១៥៤ ទីតាំងមូលដ្ឋាននៅទូទាំងប្រទេស ដែលផ្តល់ឱកាសការងារបានប្រមាណ៨២៤ ២៤៥កន្លែង ។

រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍នៅក្នុងពិធីសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងបន្តទិសដៅការងារ នៅទីស្ដីការគណរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះថា គិតត្រឹមចុងឆ្នាំ២០១៩ ដើមឆ្នាំ២០២០ វិស័យសហគ្រាសធុនតូច និងមធ្យម នៅទូទាំងប្រទេសមានកំណើនរហូតដល់ចំនួន ៥២ ១៥៤ ទីតាំង កំពុងដំណើរការ ដែលជាសញ្ញាវិជ្ជមាន និងភាពល្អប្រសើរនៃវិស័យមួយនេះ។

លោក ហេង សុខគង់ បានមានប្រសាសន៍ថា “នៅទូទាំងពិភពលោក វិស័យសហគ្រាសធុនតូច និងមធ្យម គឺមានអត្រាខ្ពស់ និងមានតួនាទីយ៉ាងសំខាន់នៅក្នុងនាមជាចំណែកនៃឆ្អឹងខ្នង ដែលមានសារសំខាន់សម្រាប់ប្រទេសនីមួយៗ។ ដោយឡែក នៅកម្ពុជានាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម មានរហូតដល់ជាង៥២ម៉ឺនសហគ្រាស ស្មើនឹងប្រមាណ ៩៩,៨ ភាគរយ ដែលផ្តល់ការងារបានជាង៨២ម៉ឺនកន្លែង ស្មើនឹងប្រមាណ ៧០ភាគរយ”។

លោកបានបន្តទៀតថា “វិសាលភាពនៃវិស័យ SME ឬ សហគ្រាសធុនតូច និងមធ្យម គឺមានភាពទូលំទូលាយ ដែលរាប់គិតពីសេវាលក់ដូរតូចតាចរហូតដល់ សហគ្រាសដែលមានដើមទុនក្រោម៥០ម៉ឺនដុល្លារ ក្នុងការផលិតសម្រាប់បំពេញតម្រូវការទីផ្សារក្នុងស្រុកប្រមាណ៥៨ភាគរយ និងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស”។

គុណសម្បត្តិនៃវិស័យ SME គឺមានភាពទូលំទូលាយនៅក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចប្រទេសនីមួយៗ ជាក់ស្ដែង សូម្បីសហរដ្ឋអាមេរិកដែលជាប្រទេសមហាអំណាចលើពិភពលោក វិស័យមួយនេះបានចូលរួចចំណែករហូតដល់ប្រមាណ ៥៣ភាគរយនៅក្នុងការជំរុញ និងលើកម្ពស់កំណើន GDP របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here