ប្រា​សាក់ ផ្តល់​កម្ចី​សហ​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម

0

ភ្នំពេញ៖ ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាងគេ​នៅ​កម្ពុជា បាន​ចូលរួម​ក្នុង «គម្រោង​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម» ដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​គោលបំណង​ផ្ដល់​កម្ចី​ដែលមាន​អត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា។

គម្រោង​ឥណទាន​នេះ​នឹង​ធ្វើឱ្យ​ប្រា​សាក់​អាច​ផ្ដល់​កម្ចី​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ដែល​ត្រូវការ​ទុនវិនិយោគ​រហូតដល់ 1,26 ប៊ី​លាន​រៀល (ឬ 30 ម៉ឺន​ដុល្លារ) ឬ ទុន​បង្វិល​រហូតដល់ 840 លាន​រៀល (ឬ 20 ម៉ឺន​ដុល្លារ) នៅក្នុង​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន ជាមួយ​អត្រា​ការប្រាក់​ពិសេស​ទាប​បំផុត 7% ក្នុង​មួយឆ្នាំ និង​រយៈពេល​កម្ចី​រហូត​ដល់ 4 ឆ្នាំ។

លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា   ឥណទាន​សហ​ហិរញ្ញប្បទាន​ទ្រទ្រង់​សហគ្រាស​ធុន​តូច​និង​មធ្យម​នេះ ជា​ប្រភេទ​កម្ចី​ដែល​ប្រា​សាក់ និង ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា (SME Bank) ដែលជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា បាន​សហការគ្នា​ក្នុងការ​ផ្តល់​សហ​ហិរញ្ញប្បទាន​បដិភាគ​ស្មើគ្នា​ដល់​អតិថិជន​ដែលជា​សហគ្រាស​ធុន​តូច និង​មធ្យម ជាមួយ​អត្រា​ការប្រាក់​ទាប ដើម្បី​ជំរុញ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព ដូចជា​ផ្នែក​កម្មន្តសាល និង​សិប្បកម្ម សម្រាប់​ជំនួស​ឱ្យ​ការ​នាំចូល បម្រើ​សេចក្ដីត្រូវការ​ក្នុងស្រុក ឬ បម្រើ​ជា​ធាតុ​ចូល​នៅក្នុង​ការផលិត​របស់​ក្រុមហ៊ុនធំៗជាដើម និង​ដើម្បី​បង្កើត​ឱកាស​ការងារ។

ចំពោះ​សហគ្រាស​ធុន​តូច និង​មធ្យម ដែលមាន​តម្រូវការ​ដើមទុន អាចដាក់​ពាក្យស្នើសុំ​កម្ចី​ក្រោម​គម្រោង​សហ​ហិរញ្ញប្បទាន​នេះ ពី​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ ទូរស័ព្ទ​មក​លេខ 023 999 911 ឬ 086 999 911 ឬ 096 999 9911 ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម។

លោក​បន្តថា «ក្នុង​រយៈកាល​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ 19 នេះ ប្រា​សាក់ នៅតែ​បន្ត​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ជូន​អតិថិជន​ជាធម្មតា។ តាងនាម​ថ្នាក់​គ្រប់គ្រង​និង​បុគ្គលិក​ទាំងអស់​របស់​ប្រា​សាក់ ខ្ញុំបាទ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អតិថិជន​ដែល​បាន​គាំទ្រ​និង​ប្រើប្រាស់​សេវា​ឥណទាន​ប្រា​សាក់ និង​សូម​គោរព​ជូនពរ​ចំពោះ​អតិថិជន​ទាំងអស់ សូម​មាន​សុខ​ភាពល្អ និង​មាន​សុវត្ថិភាពគ្រប់ៗគ្នា ក្នុងពេល​វេលា​ដ៏​លំបាក​នេះ។ សូម​ចូលរួម​សកម្មភាព​ការពារ​ខ្លួន​អ្នក​ផ្ទាល់ ក្រុមគ្រួសារ សហគមន៍ និង​សង្គមជាតិ​យើង។ យើង​រួមគ្នា​ដើម្បី​បង្ការ​ការឆ្លង​ជំងឺ​កូ​វីដ19 និង​រក្សា​សុវត្ថិភាព​កាន់តែ​ខ្ពស់»៕

LEAVE A REPLY

Please enter your comment!
Please enter your name here