ធនាគារពិភពលោកព្យាករណ៍ថា ប្រាក់ផ្ញើចេញរបស់ពលករចំណាកស្រុកនឹងធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក

0

ដោយ ប៊ី

វ៉ាស៊ីនតោនៈ ការផ្ញើប្រាក់ចេញនៅទូទាំងសាកលលោក ត្រូវបានរំពឹងទុកថានឹងធ្លាក់ចុះយ៉ាងខ្លាំង ចំនួនប្រមាណជា២០ភាគរយនៅក្នុងឆ្នាំ២០២០នេះ ដោយសារតែវិបត្តិបណ្តាលមកពីការរាលដាលជំងឺកូវីដ១៩ និងការបិទសកម្មភាពសេដ្ឋកិច្ច សឹងតែគ្រប់ផ្នែកទាំងអស់។


យោងតាមរបាយការណ៍ថ្មីរបស់ធនាគារពិភពលោក ដែលបានចេញផ្សាយនៅថ្ងៃទី២៣ មេសានេះបានឲ្យដឹងថា មូលហេតុនាំឱ្យមានការធ្លាក់ចុះ ក្នុងសភាពយ៉ាងគំហុកមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីកន្លងទៅនេះ គឺមួយភាគធំមកពីការធ្លាក់ចុះនៃចំនួនប្រាក់បៀវត្សរ៍ និងការងាររបស់ពលករចំណាកស្រុក ដែលសុទ្ធតែជាក្រុមមនុស្សងាយបាត់បង់ការងារ និងប្រាក់បៀវត្សរ៍មុនគេ នៅក្នុងបណ្តាប្រទេសដែលពួកគេកំពុងធ្វើការ កាលណាមានវិបត្តិសេដ្ឋកិច្ចកើតឡើង។ រំហូរការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម(LMICs) ត្រូវបានព្យាករណ៍ទុកថា នឹងស្រុតចុះប្រហែល១៩,៧ភាគរយ គឺសមមូលទៅនឹង៤៤៥ប៊ីលានដុល្លារអាមេរិក ដែលជាការបាត់បង់នូវប្រភពហិរញ្ញវត្ថុ ចិញ្ចឹមជីវិតដ៏សំខាន់មួយសម្រាប់គ្រួសារងាយរងគ្រោះ។ 

ការសិក្សានានាបានបង្ហាញថា ការផ្ញើប្រាក់ចេញរបស់ពលករចំណាកស្រុកបានជួយសម្រាលភាពក្រីក្រ នៅតាមប្រទេសមានចំណូលទាប និងមធ្យម ធ្វើឱ្យអាហារូបត្ថម្ភមានភាពប្រសើរឡើង រួមចំណែកបង្កើនការចំណាយទៅលើវិស័យអប់រំ និងជួយកាត់បន្ថយពលកម្មកុមារនៅតាមគ្រួសារទីទ័លក្រ។ ប៉ុន្តែកាលណាចំនួនប្រាក់ផ្ញើចេញធ្លាក់ចុះ វានឹងជះផលមិនល្អ ទៅលើលទ្ធភាពចាយវាយរបស់គ្រួសារនានា ទៅលើផ្នែកទាំងនេះ ដោយសារតែគេចាំបាច់ត្រូវបង្វែរធនធានហិរញ្ញវត្ថុ កាន់តែច្រើនទៅដោះស្រាយបញ្ហាខ្វះខាតស្បៀងអាហារ និងសេចក្តីត្រូវការបន្ទាន់នៅក្នុងជីវភាពរស់នៅជាមុនសិន។ 

លោក ដេវីដ ម៉ាល់ប៉ាស់ ប្រធានធនាគារពិភពលោកបានមានប្រសាសន៍ថា ការផ្ញើរប្រាក់មកពីក្រៅ ជាប្រភពចំណូលដ៏សំខាន់ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។ ឱនភាពសេដ្ឋកិច្ច ដែលកំពុងកើតឡើងដោយសារជំងឺកូវីដ១៩នេះ បង្កការប៉ះទង្គិចយ៉ាងដំណំលើលទ្ធភាពរបស់ពលករ ក្នុងការផ្ញើលុយទៅផ្ទះ។លោកបន្តថា អាស្រ័យហេតុនេះ វាកាន់តែសំខាន់ថែមទៀត ដែលយើងត្រូវខិតខំធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ច នៃប្រទេសជឿនលឿនឆាប់ងើបឡើងវិញ


លោកបន្ថែមទៀតថា ប្រាក់ផ្ញើរពីក្រៅប្រទេស ជួយដល់ក្រុមគ្រួសារក្នុងការចាយវាយលើស្បៀងអាហារ លើការថែទាំសុខភាព និងលើសេចក្តីត្រូវការចាំបាច់ជាមូលដ្ឋានផ្សេងៗ។ ក្នុងខណៈដែលក្រុមធនាគារពិភពលោក អនុវត្តន៍វិធានការរហ័ស និងមានទ្រង់ទ្រាយទូលំទូលាយមួយ ដើម្បីជួយដល់ប្រទេសដែលជួបការលំបាក យើងកំពុងតែព្យាយាមរក្សាបណ្តាញផ្ទេរប្រាក់ ចេញឱ្យនៅដំណើរការដដែល និងជួយសហគមន៍ក្រីក្រឱ្យមានលទ្ធភាព ទទួលបានរាល់តម្រូវការចាំបាច់បំផុតទាំងនេះ សម្រាប់ទ្រទ្រង់ការរស់នៅប្រចាំថ្ងៃ។

ក្នុងន័យនេះ ធនាគារពិភពលោកកំពុងតែជួយដល់ប្រទេស ដែលជាសមាជិករបស់ខ្លួន នៅក្នុងការតាមដានទៅលើរំហូរប្រាក់ផ្ញើចេញ តាមរយៈបណ្តាញនានាទៅលើថ្លៃចំណាយ និងភាពងាយស្រួលក្នុងការផ្ញើលុយទៅស្រុក និងទៅលើបទប្បញ្ញត្តិសម្រាប់ការពារសុចរិតភាពហិរញ្ញវត្ថុ ដែលមានឥទ្ធិពលទៅលើរំហូររបស់ប្រាក់ផ្ទេរ។

ក្រុមមន្រ្តីធនាគារពិភពលោក កំពុងធ្វើសហការគ្នាជាមួយក្រុមប្រទេសG20 និងជាមួយសហគមន៍អន្តរជាតិ ដើម្បីកាត់បន្ថយថ្លៃចំណាយលើការផ្ទេរប្រាក់ និងជួយបង្កើនបរិយាប័ន្នហិរញ្ញវត្ថុសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ។

រំហូរការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថា នឹងស្រុតចុះនៅគ្រប់តំបន់ទាំងអស់ ដែលមានវត្តមានប្រតិបត្តិការ របស់ក្រុមធនាគារពិភពលោក ពិសេសនៅក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាល (២៧,៥ភាគរយ) តំបន់សាប់សាហារ៉ាក្នុងទ្វីបអាហ្វ្រ៊ិក (២៣,១ភាគរយ) តំបន់អាស៊ីខាងត្បូង(២២,១ភាគរយ) តំបន់មជ្ឈិមបូព៌ានិងអាហ្វ្រ៊ិកខាងជើង(១៩,៦ភាគរយ) តំបន់អាមេរិកឡាទីននិងការ៉ាអ៊ីប (១៩,៣ភាគរយ) និងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក(១៣ភាគរយ)


ការធ្លាក់ចុះនូវរំហូរការផ្ញើប្រាក់ចេញ នៅក្នុងឆ្នាំ២០២០យ៉ាងគំហុកនេះ កើតឡើងបន្ទាប់ពីប្រទេសមានចំណូលទាបនិងមធ្យម ទទួលបានប្រាក់ផ្ទេរពីក្រៅមានចំនួនរហូតដល់ទៅ៥៥៤ប៊ីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១៩ ដែលជាកំណត់ត្រាខ្ពស់មួយ។ ទន្ទឹមនឹងការធ្លាក់ចុះកាន់តែខ្លាំងរបស់វា លំហូនៃការផ្ញើប្រាក់ចេញត្រូវបានរំពឹងទុកថា នឹងកាន់តែមានសារៈសំខាន់ខ្លាំងថែមទៀត។

ក្នុងន័យជាប្រភពហិរញ្ញប្បទាន មកពីក្រៅសម្រាប់បណ្តាប្រទេសមានចំណូលទាបនិងមធ្យម ពិសេសក្នុងពេលដែលការវិនិយោគផ្ទាល់ពីបរទេស នឹងមានការធ្លាក់ចុះក្នុងបរិមាណកាន់តែធំ(ជាង៣៥ភាគរយ) ក្នុងឆ្នាំ២០១៩លំហូរនៃការផ្ញើប្រាក់ពីប្រទេសនានា ទៅកាន់ប្រទេសមានចំណូលទាប និងមធ្យម មានបរិមាណធំជាងបរិមាណនៃការវិនិយោគផ្ទាល់ពីបរទេស ដែលជាចំណុចគោលយ៉ាងសំខាន់មួយ សម្រាប់ប្រើក្នុងការតាមដានរំហូរធនធានទៅកាន់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សម្រាប់ឆ្នាំ២០២១ ធនាគាពិភពលោកធ្វើការប៉ាន់ប្រមាណថា ការផ្ញើប្រាក់ចេញទៅកាន់ប្រទេសមានចំណូលទាបនិងមធ្យម នឹងងើបមុខឡើងវិញ ដោយវានឹងកើនប្រហែល៥,៦ភាគរយ គឺមានចំនួនប្រហែល៤៧០ប៊ីលានដុល្លារអាមេរិក។ ចក្ខុវិស័យសម្រាប់ការផ្ញើប្រាក់ចេញ នឹងនៅតែមានភាពមិនប្រាកដប្រជា ដរាបណាដែលជំងឺកូវីដ១៩នៅតែបន្តជះការប៉ះទង្គិច ទៅលើចក្ខុវិស័យសម្រាប់កំណើន សេដ្ឋកិច្ចទូទាំងសាកលលោក និងទៅលើវិធានការទាំងឡាយ សម្រាប់ទប់ស្កាត់ការរាលដាលរបស់ជំងឺនេះ។

របាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងទៀតថា កន្លងមកការផ្ញើប្រាក់ចេញ នៅតាមប្រទេសមានលំនាំផ្ទុយពីវដ្តធម្មតា គឺពេលណាមានវិបត្តិ និងការលំបាកកាន់តែខ្លាំងនៅឯផ្ទះ ពលករផ្ញើលុយទៅផ្ទះកាន់តែច្រើនដែរ។ ផ្ទុយទៅវិញ លើកនេះការរាលដាលរបស់ជំងឺនេះ បានបង្កការប៉ះទង្គិចទៅលើប្រទេសទាំងអស់ នៅលើពិភពលោក ដោយបង្កើតឱ្យមានភាពមិនប្រាកដប្រជាកាន់តែច្រើនឡើងៗ។

 

លោក មីខាល់ រូតកូវស្គី នាយកផ្នែកគាំពារសង្គម និងការអនុវត្តការងារសាកលនៅធនាគារពិភពលោកមានប្រសាសន៍ថា ពេលនេះប្រព័ន្ធគាំពារសង្គម ប្រកបដោយប្រសិទ្ធភាព ពិតជាមានសារៈសំខាន់ណាស់ ដើម្បីការពារជនទីទ័លក្រ និងជនងាយរងគ្រោះ ក្នុងពេលមានវិបត្តិនេះ ទាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសមានសេដ្ឋកិច្ចជឿនលឿន។ នៅតាមប្រទេសជាម្ចាស់ស្រុក អន្តរាគមន៍ផ្នែកគាំពារសង្គម គួរតែជួយគាំទ្រដល់ពលករចំណាកស្រុកផងដែរ។

នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២០នេះ នៅទូទាំងសាកលលោក ការផ្ញើប្រាក់២០០លានដុល្លារ ចេញទៅកាន់ប្រទេសមួយទៀត ត្រូវចំណាយថ្លៃជាមធ្យម៦,៨ភាគរយ នៃចំនួនទឹកប្រាក់នោះថែមទៀត ដែលទាបជាងតែបន្តិចទេប្រៀបទៅនឹងឆ្នាំកន្លងទៅ។ តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក នៅតែមានថ្លៃចំណាយនេះខ្ពស់ជាងគេ គឺជិត៩ភាគរយ ក្នុងពេលដែលពលករចំណាកស្រុក ក្នុងរង្វង់តំបន់សាប់សាហារ៉ាអាហ្វ្រ៊ិក មានចំនួនដល់ទៅជាងពីរភាគបី នៃការធ្វើចំណាកស្រុកអន្តរជាតិពីតំបន់ទាំងមូល។   

លោកឌីលីប រ៉ាថា អ្នកសរសេរអត្ថបទសង្ខេប និងជាប្រធានផ្នែក KNOMAD និយាយថា ជំនួយចាំបាច់សម្រាប់ទ្រទ្រង់ជីវភាពរបស់ពលករចំណាកស្រុក និងក្រុមគ្រួសាររបស់គេ គឺការដាក់ចេញវិធានការឱ្យបានឆាប់ៗ សម្រាប់សម្រួលដល់ការផ្ញើប្រាក់ចេញ និងការទទួលប្រាក់។ វិធានការទាំងនោះ រួមមានការចាត់ទុកសេវាផ្ញើរប្រាក់ចេញថា ជាសេវាមានសារៈសំខាន់ស្នូល និងធ្វើឱ្យវាមានភាពងាយស្រួល សម្រាប់ពលករចំណាកស្រុកប្រើប្រាស់បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here