សេដ្ឋវិទូ៖ សេដ្ឋកិច្ច​វៀតណាម​នឹង​លូតលាស់​លឿន​ជាងគេ​ក្នុង​តំបន់​អាស៊ានដោយសារ​កត្តា​មួយចំនួន

0

ដោយ ហ្សូ​លី

ភ្នំពេញៈ យោងតាម​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​បានបង្ហាញ​ពី​កំណើន​យ៉ាងខ្លាំង​នៅ​ឆ្នាំ ២០១៩ ដែលជា​លទ្ធផល​នៃ​តម្រូវការ​ក្នុងស្រុក​ខ្ពស់​ឧស្សាហកម្ម​ផលិតកម្ម និង​កែច្នៃ​និង​វិនិយោគ​ផ្ទាល់​ពី​បរទេស​ខ្ពស់ (FDI)។

យោងតាម​ការិយាល័យ​ស្ថិតិ​ទូទៅ​របស់​វៀតណាម(GSO)បានឱ្យដឹងថា ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ក្នុង​ខែមីនា​បានចាប់ផ្តើម​ដំណាក់កាល​ថ្មី ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​រោគរាតត្បាត ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគធំៗ ទាំងអស់​របស់​វៀតណាម។  ជា​លទ្ធផល​ទិន្នផល​សរុប ក្នុងស្រុក​របស់​វៀតណាម បាន​ធ្លាក់​ចុះមក​នៅត្រឹម៣,៨ ភាគរយ​នៅក្នុង​ត្រីមាស​ទី១ នៃ​ឆ្នាំ ២០២០ បើ​ប្រៀបធៀប​នឹង ៦,៨ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។

ដោយ​មិន​គិតពី​ផលប៉ះពាល់ នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត Covid-19 ប្រ ទេ ស​វៀតណាម​ត្រូវបាន​គេ​ព្យាករណ៍​ថា ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែលមាន​សេដ្ឋកិច្ច​រីកលូតលាស់​លឿន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

បើតាម​របាយការណ៍​ទ​ស្សន​វិស័យ​អភិវឌ្ឍន៍អាស៊ី​ឆ្នាំ២០២០ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល​ចេញផ្សាយ​នៅ​កាលពីដើម ខែមេសា​ឆ្នាំនេះ​បាន​បង្ហាញថា កំណើនសេដ្ឋកិច្ច​របស់​វៀតណាម នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​ដល់៤,៨ភាគរយ នៅ​ឆ្នាំ២០២០ ប៉ុន្តែ​លោត​ឡើងដល់៦,៨ភាគរយ នៅ​ឆ្នាំ២០២១ បើទោះជា​មានការ​រីក​រា​ល​ដាល​នៃ​ជំងឺ​រា​ត  ត្បា​ត​ក៏ដោយ។

យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ដើម្បី​គាំទ្រ​សកម្មភាព​អាជីវកម្ម

តាម​ការស្ទង់មតិ​រប​ស់​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​វៀតណាម(VCCI) បានឱ្យដឹងថា ជំងឺ​រាតត្បាត​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង ទៅលើ​សកម្មភាព​ផលិតកម្ម និង​អាជីវកម្ម៨៥ភាគរយ​នៃ​ក្រុមហ៊ុន​ជឿជាក់ថា ជំងឺ​នេះ​បាន​រឹតបន្តឹង​ទីផ្សារ​អ្នកប្រើប្រាស់​របស់​ពួកគេ ខណៈដែល​ជិត៦០ភាគរយ​នៃ​ក្រុមហ៊ុន​ទាំងនោះ ខ្វះ​ដើមទុន​ហើយ​ត្រូវ​កាត់បន្ថយ​លំហូរ​សាច់ប្រាក់។

ក្នុង​រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំនេះ ក្រុមហ៊ុន​ចំនួន៣៥.០០០បាន​ក្ស័យធន។  នេះ​ជា​លើកទីមួយ​ក្នុង​ទសវត្សរ៍ ដែល​ចំនួន​ក្រុមហ៊ុន​ដែល​បិទទ្វារ គឺ​ខ្ពស់ជាង​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ថ្មី។

ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វិបត្តិ​រដ្ឋាភិបាល បាន​ដាក់ចេញ​កញ្ចប់​គាំទ្រ​ឥណទាន​ចំនួន ១០,៨ពាន់​លាន​ដុល្លារ​អាមេរិក (ប្រហែល០,៤ ភាគរយ​នៃ​ទិន្នផល​សរុប​ក្នុងស្រុក) នៅ​ដើមខែ​មីនា ដែល​រួមបញ្ចូល​ទាំង​គោលនយោបាយ​រៀបចំ លក្ខខណ្ឌ​ប្រាក់កម្ចី​ឡើងវិញ​និង​កាត់បន្ថយ​អត្រា​ការប្រាក់​និង​ថ្លៃ​សេវា។  លើសពីនេះ​រដ្ឋាភិបាល ក៏បានផ្តល់​កញ្ចប់​ជំនួយ​ថវិកា​ចំនួន​ពីរ​កញ្ចប់​ចំនួន១,៣ពាន់​លាន​ដុល្លារ ដែល​រួមមាន​ការកាត់បន្ថយ​ពន្ធ​និង​ថ្លៃ​សេវា​ដល់​ក្រុមហ៊ុន ដែល​រង​ផលប៉ះពាល់ និង​ការពន្យារពេល​កំណត់​នៃ​ការបង់ពន្ធ។

ធនាគារកណ្តាល​វៀតណាម (អេស​ប៊ី​អេស) ក៏បាន​ទម្លាក់​អត្រា​ការប្រាក់សំខាន់ៗពី ០.៥ ភាគរយ​ទៅ១ភាគរយ​ផងដែរ។  ធនាគារកណ្តាល​បាន​កាត់បន្ថយ​អត្រា​ការប្រាក់​អតិបរិមា​សម្រាប់​ប្រាក់​បញ្ញើ​ជា​ប្រាក់​តម្កល់(ដុង) ដែលមាន​កាលកំណត់​តិចជាង៦ខែ​និង​អត្រា​ការប្រាក់​អតិបរមា សម្រាប់​ប្រាក់កម្ចី​រយៈពេល​ខ្លី​សម្រាប់​តំបន់​អាទិភាព។

សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​នឹង​ស្ទុះ​ងើប​ឡើងវិញ​បន្ទាប់ពី Covid-19

នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ នៅ​ប្រទេស​វៀតណាម​លោក Eric Sidgwick បាន​មានប្រសាសន៍ថា ទោះបី​កំណើនសេដ្ឋកិច្ច​កំពុង​ថយចុះ ហើយ​ហានិភ័យ​ពី​ជំងឺ​រាតត្បាត​រីក​រាលដាល​នៅតែមាន​ក៏ដោយ ក៏​ប្រទេស​វៀតណាម នៅតែមាន​អត្រាកំណើន​សេដ្ឋកិច្ច​លឿន​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍។ កត្តា​ជំរុញ​សម្រាប់​កំណើនសេដ្ឋកិច្ច​នៅ​ប្រទេស​វៀតណាម គឺជា​វណ្ណៈ​កណ្តាល​ដែល​កំពុង​រីកចម្រើន ហើយ​ចំនួន​គ្រួសារ​និង​អាជីវកម្ម​កំពុង​កើនឡើង។

ដូច្នេះ​បរិយាកាស​អាជីវកម្ម​ក្នុងស្រុក​ត្រូវបាន​គេ​រំពឹងថា នឹងមាន​ភាពប្រសើរឡើង​យ៉ាង​ឆាប់រហ័ស។  ការចំណាយ​របស់​រដ្ឋា​ភិ​បាល ដែល​ត្រូវបាន​អនុវត្ត​ជាការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល នៃ​រោគរាតត្បាត​បាន​កើនឡើង​យ៉ាងខ្លាំង ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ២០២។ គេ​ជឿជាក់ថា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ពហុភាគី​មួយចំនួនធំ​ដែល​វៀតណាម​ចូលរួម នឹង​ជួយ​ពង្រីក​ការចូល​ទីផ្សារ​និង​ជំរុញ​សេដ្ឋកិច្ចជាតិ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here