ប្រមុខការទូតកម្ពុជា ជំរុញឱ្យអាមេរិកគាំទ្រវិស័យពាណិជ្ជកម្មកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ប្រមុខការទូតរាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យសហរដ្ឋអាមេរិក ដែលជាដៃគូពាណិជ្ជកម្មដ៏ធំ និងជាដៃគូអភិវឌ្ឍន៍របស់កម្ពុជា ជួយគាំទ្រលើវិស័យពាណិជ្ជកម្មកម្ពុជាលើការនាំចេញផលិតផល ជាពិសេសផ្នែកវាយណភ័ណ្ឌ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីវិបត្តិនៃជំងឺឆ្លងជាសាកល។

នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈប្រព័ន្ធ Video Conference កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា នៅក្នុងដំណាក់កាលនេះ កម្ពុជាបានព្យាយាមកាត់បន្ថយនូវផលប៉ះពាល់ជាអវិជ្ជមាននៃជំងឺឆ្លងនេះលើសេដ្ឋកិច្ចជាតិ។

លោកបានបញ្ជាក់ថា “កម្ពុជា បានត្រៀមខ្លួនសម្រាប់ដំណាក់កាលជាសះស្បើយឡើងវិញ ដោយរក្សាឱ្យរោងចក្រនៅបន្តដំណើរការ ដែលនេះបានការពារកម្មករ មិនឱ្យបាត់បង់ការងារ។ ក្នុងន័យនេះ ដើម្បីអាចទ្រទ្រង់ដំណើរការនេះបានក្នុងរយៈពេលវែង ការគាំទ្រពីសហរដ្ឋអាមេរិកដែលជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជា គឺមានសារៈសំខាន់បំផុត”។

ជាមួយគ្នានេះផងដែរ ជាការចូលរួមនៅក្នុងការស្វែងរកដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបញ្ហានៃវិបត្តិ Covid-19 លោករដ្ឋមន្ត្រីក៏បានផ្ដល់ជាវិធីសាស្ត្រចំនួន៣ផងដែររួមមាន ៖

ទី១-នៅខណៈពេលដែលយើងទទួលស្គាល់អំពីសារៈសំខាន់នៃការចែករំលែកព័ត៌មាន បទពិសោធន៍ និងឧត្តម្មានុវត្តន៍នានា ក្នុងការព្យាបាលតាមគ្លីនិក ដើម្បីប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ យើងត្រូវធ្វើឱ្យកាន់តែសកម្មឡើងទៀតនូវការផ្លាស់ប្តូរជំនាញបច្ចេកទេស និងចំណេះដឹង ដែលជាវិធានការបន្ថែមទៀត និងរិះរកការស្រាវស្រាវរួម និងអភិវឌ្ឍន៍ខាងថ្នាំពេទ្យ។

ទី២- យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជាតួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យគោរពក្នុងការផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ។

ទី៣- អាស៊ាន និងសហរដ្ឋអាមេរិក គួរតែរិះរកនូវមធ្យោបាយទំាងឡាយណា ដើម្បីធ្វើយ៉ាងណាធានាឱ្យ មានលក្ខណៈជាយុទ្ធសាស្រ្តនូវការបើកចំហសង្វាក់ផ្គត់ផ្គង់តំបន់ និងសកលោក ព្រមទាំងលំហូរទំនិញ សំខាន់ៗនានា ជាពិសេសការផ្គត់ផ្គង់ថ្នាំពេទ្យ និងស្បៀងអាហារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here