ដោយវុត្ថា
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរ៉ែ និងថាមពលបានឱ្យដឹងថា ក្រសួងបាននឹងកំពុងដាក់ឱ្យមានការដេញថ្លៃ នូវគម្រោងវិនិយោគថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យថ្មីមួយ (Solar Energy System) ក្នុងទំហំ៤០មេហ្គាវ៉ាត់មួយកន្លែង នៅក្នុងខេត្តកំពង់ឆ្នាំង ទោះកម្ពុជាកំពុងប្រឈមនូវផលប៉ះពាល់ នៃការរីករាលនៃជំងឺកូវីដ១៩ក៏ដោយ។

លោកវិចទ័រ ហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល បានប្រាប់គេហទំព័រ propertyarea.asia កាលពីកន្លងមកថ្មីៗនេះថា កម្ពុជាកំពុងដាក់ឱ្យមានការដេញថ្លៃគម្រោងវិនិយោគ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យសូឡា នៅក្នុងខេត្តកំពង់ឆ្នាំង តែរហូតមកដល់ពេលនេះ មិនទាន់ដឹងពីទំហំនៃការដេញថ្លៃនៅឡើយទេ ព្រោះវាងអាស្រ័យលើកការដាក់តម្លៃដែលលក់អោយអាជ្ញាធរអគ្គិសនីកម្ពុជា(EDC) ។
លោកបន្តថា “គម្រោងវិនិយោគនេះ មានទំហំប្រមាណ៤០មេហ្គាវ៉ាត់ រួមជាមួយដីខ្លួនឯង និងខ្សែភ្លើង បូករួមទាំងអស់ ហេដ្ឋារចនាសម្ព័ន្ធល្អអាចថា មានតម្លៃខ្ពស់ជាងប្រមាណ៣,៨០សេនដុល្លារក្នុងមួយគីឡូវ៉ាត់ម៉ោងក្នុងការដាក់ដេញថ្លៃ”។
រដ្ឋាភិបាលបាននឹងកំពុងយកចិត្ដទុកដាក់យ៉ាងខ្លាំង លើបញ្ហាអគ្គិសនីនាពេលបច្ចុប្បន្ននេះ ខណៈដែលពេលកន្លងមកនេះ កម្ពុជាបានជួបប្រទះនូវបញ្ហាខ្វះខាតការផ្គត់ផ្គង់ ដោយសារការប្រើប្រាស់មានការកើនឡើង រួមជាមួយនឹងការរីងហួតអាងទឹកវារីអគ្គិសនីជាដើម ដែលបានធ្វើឲ្យអគ្គិសនីកម្ពុជា សម្រេចធ្វើការដាច់ផ្ដាច់ចរន្ដអគ្គិសនីពីតំបន់មួយទៅផ្គត់ផ្គង់តំបន់មួយ ដើម្បីចែករំលែកនៃការប្រើប្រាស់។
យ៉ាងណាក៏ដោយ រដ្ឋាបាលកម្ពុជាបានសន្យាថា នឹងមិនឲ្យមានបញ្ហាទាំងនេះកើតឡើងម្ដងទៀតឡើយចាប់ពីឆ្នាំ២០២០តទៅ ដោយរដ្ឋាភិបាលបានលើកទឹកចិត្ដដល់ក្រុមហ៊ុននានា ធ្វើការវិនិយោគលើការផលិតថាពលអគ្គិសនីទាំងវារីអគ្គិសនី ស្ថានីផលិតថាពលដើរដោយពន្លឺព្រះអាទិត្រ ធ្យូថ្ម ក៏ដូចជាទិញនូវម៉ាស៊ីនភ្លើងខ្នាតយក្សផងដែរ ដើម្បីធានាឲ្យបាននូវការផ្គត់ផ្គង់នេះ។

បើតាមលោក វិចទ័រ ហ្សូនា នៅក្នុងដើមឆ្នាំ ២០២០នេះ រដ្ឋាភិបាលបានអនុម័តគម្រោងវិនិយោគ លើការសាងសង់រោងចក្រអគ្គិសនីថ្មីចំនួន៣ ដែលមានទុនវិនិយោគប្រមាណ១,៧០០លានដុល្លារ រួមមាន ទី១ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម២៦៥មេហ្កាវ៉ាត់ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
ទី២ គម្រោងខ្សែបណ្ដាញ២៣០គីឡូវ៉ុល ភ្ជាប់ពីរោងចក្រអគ្គិសនី ស្រុកត្រពាំងប្រាសាទ មកអនុស្ថានីយខាងកើតសៀមរាប និងទី៣ គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្ម អានុភាព៧០០មេហ្កាវ៉ាត់នៅស្រុកបុទុមសាគរ ខេត្តកោះកុង។
រដ្ឋាភិបាលបញ្ជាក់ថា ការអនុញ្ញាតឱ្យមានការវិនិយោគ លើវិស័យអគ្គិសនីយ៍នេះបន្ថែមទៅក្នុងផែនការមេឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ ដើម្បីបំពេញឲ្យបានគ្រប់គ្រាន់នូវប្រភពអគ្គិសនី សម្រាប់ផ្គត់ផ្គង់ឲ្យសេចក្តីត្រូវការអគ្គិសនីពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៤៕






