ដោយ ប៊ី
ភ្នំពេញៈ ក្រុមហ៊ុន 9F Group ដែលជាវេទិកាឌីជីថលឈានមុខគេរបស់ចិន រួមបញ្ចូលគ្នា និងផ្តល់សេវាកម្មហិរញ្ញវត្ថុផ្ទាល់ខ្លួន បានឱ្យដឹងកាលចុងសប្តាហ៍នេះថា ក្រុមហ៊ុន បានសហការជាមួយធនាគារ Chief (Cambodia) Commercial Bank (CCB) ដើម្បីណែនាំដំណោះស្រាយឌីជីថលថ្មី នៅក្នុងទីផ្សារផ្តល់ប្រាក់កម្ចីនៅកម្ពុជា។

ក្រុមហ៊ុនដែលមានគោលបំណងពង្រឹងទីផ្សារ នៅអាស៊ីអាគ្នេយ៍បន្ថែមទៀតនេះ បានឱ្យដឹងទៀតថា ខ្លួនបានឈានដល់កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រជាមួយធនាគារ CCB ក្នុងកិច្ចព្រមព្រៀងមួយ ដែលក្រុមហ៊ុនទាំងពីររួមគ្នា ផ្តល់សេវាឥណទានមីក្រូតាមប្រព័ន្ធអនឡាញនៅកម្ពុជា។
សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន 9F Group បានសរសេរថា “វេទិកាសេវាកម្មនេះ នឹងផ្តល់ជូនប្រជាជនក្នុងស្រុក នូវសេវាកម្មដាក់បញ្ចូលហិរញ្ញវត្ថុឌីជីថល កាន់តែសាមញ្ញ និងងាយស្រួលនៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍បានបន្ថែមទៀតថា ក្រុមហ៊ុន 9F Group នឹងផ្តល់ជូនធនាគារនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល តាមតម្រូវការដែលរួមមានកម្មវិធីទូរស័ព្ទចល័ត ប្រព័ន្ធផ្តល់ប្រាក់កម្ចីតាមអ៊ិនធរណេត ដំណើរការពេញលេញប្រព័ន្ធពិនិត្យឥណទាន និងម៉ូដែលផ្សេងទៀត ដើម្បីជួយលើកកម្ពស់កម្រិត រចនាសម្ព័ន្ធហិរញ្ញវត្ថុឌីជីថល និងជំរុញការផ្លាស់ប្តូរឌីជីថលរបស់ធនាគារ។
ធនាគារ CCB ដែលជាធនាគារពាណិជ្ជកម្ម ដំបូងគេនៅប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយឯកជន ដោយក្រុមហ៊ុនហិរញ្ញវត្ថុហុងកុង Chief Financial Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។ ធនាគារនេះ បានចាប់ផ្តើមប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន ដោយមានដើមទុនដំបូងប្រមាណ១០លានដុល្លារ។ នៅចុងឆ្នាំមុនទ្រព្យសម្បត្តិសរុបរបស់ខ្លួនមានជាង១០០លានដុល្លារ។
តំបន់អាស៊ីអាគ្នេយ៍គឺជាចំណុចដ៏សំខាន់មួយ នៅក្នុងយុទ្ធសាស្ត្រក្រៅប្រទេសរបស់ក្រុមហ៊ុន 9F Group។ ក្រុមនេះប្រើបច្ចេកវិទ្យាឌីជីថលជាក្បាលស្ពាន ដើម្បីជួយដល់ធនាគារ និងសហគ្រាសក្នុងស្រុកជាមួយនឹងការផ្លាស់ប្តូរឌីជីថល៕






