កម្ពុជា នឹងធ្វើពីពិធកម្មវិស័យឧស្សាហកម្ម ដំណើរការដោយបច្ចេកវិទ្យាចុងក្រោយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ បាន និងកំពុងរៀបចំកម្មវិធីធ្វើពីពិធកម្មលើវិស័យឧស្សាហកម្ម ជាមួយនឹងបច្ចេកទេសបែបទំនើប ដើម្បីបង្កើនលទ្ធភាព សមត្ថភាព ក្នុងការផលិតប្រកបដោយគុណភាពខ្ពស់ ដែលកាន់តែមានឱកាសច្រើនក្នុងការប្រកួតប្រជែងនៅលើទីផ្សារសាកល។

រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍ លោក ហេង សុខគង់ បានមានប្រសាសន៍កាលពីចុងសប្ដាហ៍កន្លងទៅនេះថា វិស័យឧស្សាហកម្មនៅកម្ពុជាបច្ចុប្បន្ននេះ ភាគច្រើនគឺដំណើរការនៃសង្វាក់ផលិតកម្មត្រូវពឹងផ្អែកទៅលើកម្លាំងកម្មករធ្វើជាស្នូលបន្ទាប់ពីវត្ថុធាតុដើម ប៉ុន្តែនៅក្នុងពេលដ៏ខ្លីខាងមុខនេះ កម្ពុជា នឹងធ្វើពីពិធកម្មនៃវិស័យមួយនេះឱ្យស្របទៅតាមគោលការណ៍នៃឧស្សាហកម្មជំនាន់ទី៤ ក្រោមរូបភាពនៃដំណើរការផលិតគឺប្រើប្រាស់នូវបច្ចេកវិទ្យាបែបទំនើប ដើម្បីបង្កើនគុណភាព។

លោក ហេង សុខគង់ បានបញ្ជាក់ថា “ពេលនេះ សម្រាប់ម៉ាស៊ីនដេរមួយយើងប្រើម្ជុលតែមួយសម្រាប់ដេរសម្លៀកបំពាក់ បន្ដិចទៀតយើងនឹងបង្កើនផលិតភាពជាមួយបច្ចេកវិទ្យា ដោយម៉ាស៊ីនដេរមួយមានបំពាក់ម្ជុល៥ សម្រាប់ដេរសម្លៀកបំពាក់។ ពេលនេះ គាត់ (កម្មករ) ចាក់ស្រេះរន្ធលេវម្ដងមួយៗ ហើយចំណាយពេលយូរ បន្តិចទៀតគាត់នឹងចំណាយពេលតិច ហើយអាចចាក់ស្រេះរន្ធលេវបានរហូតដល់ចំនួន៥ក្នុងពេលតែមួយ។ មានន័យថា ចំណាយពេលដូចគ្នា ប៉ុន្តែលទ្ធភាពក្នុងការផលិតបានច្រើនជាងមុន មានគុណភាពល្អជាងមុន មានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារសេរី”។

លោកក៏បានបញ្ជាក់ថា “បច្ចុប្បន្ននេះ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋាភិបាលជប៉ុន គេបានបង្រៀនកម្មករជំនាញនូវបច្ចេកទេសមួយចំនួន ដែលក្រៅពីបង្រៀននៅតាមសហគ្រាស ឬរោងចក្រក្នុងស្រុក ពួកគេថែមទាំងផ្ដល់ឱកាសដល់កម្មករជំនាញទាំងនោះទៅសិក្សាស្វែងយល់បន្ថែមពីជំនាញបច្ចេកទេសនៅតាមបណ្តារោងចក្រដៃគូនានា ដូចជានៅក្នុងប្រទេសជប៉ុន និងប្រទេសថៃ ដែលមានរោងចក្រក្រុមហ៊ុនជប៉ុនច្រើន។ ដូច្នេះ ក្រោយពេលដែលកម្មករជំនាញទាំងនោះបានយល់ដឹងច្បាស់ ពួកគេនឹងក្លាយទៅជាគ្រូបង្គោល ដើម្បីជួយបណ្តុះបណ្តាលជំនាញបន្តទៅកាន់កម្មករ -កម្មការិនីដទៃទៀតនៅតាមរោងចក្រ សហគ្រាសនានានៅក្នុងប្រទេសកម្ពុជា”។

ជាមួយគ្នានេះលោកក៏បានបញ្ជាកផងដែរថា បច្ចុប្បន្ននេះ ដោយសារតែវិបត្តិនៃជំងឺឆ្លង Covid-19 បានធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់កម្ពុជា បើទោះជាវត្ថុធាតុដើមត្រូវបាននាំចូល និងផ្គត់ផ្គង់ដោយប្រទេសចិន។ ប៉ុន្តែបន្ទាប់ពីវិបត្តិនេះត្រូវបានផុតរលត់ នោះការនាំចេញបស់កម្ពុជា នឹងត្រឡប់មករកភាពល្អប្រសើរវិញ ជាមួយនឹងការបង្កើនលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងជាមួយនឹងបច្ចកទេសនៃការផលិតល្អប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here