ដោយ ប៊ី
ភ្នំពេញៈ ក្រសួងសុខាភិបាលកម្ពុជា បានចំណាយថវិកាប្រមាណ៧លានដុល្លារហើយ លើការទិញសម្ភារពេទ្យ និងបរិក្ខារមួយចំនួន ដើម្បីផ្ដល់ជូនដល់គ្រប់២៥ខេត្ត–ក្រុង សម្រាប់ការពារពីជំងឺកូវីដ១៩ ខណៈកម្ពុជានឹងទទួលបាន១១លានម៉ាស់ គ្រប់តាមផែនការដែលបានដាក់ចេញដោយរដ្ឋាភិបាលនៅដើមខែឧសភា។

លោកស្រីយក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីបច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំដោយ ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសុខាភិបាលថា កម្ពុជានឹងទទួលបាន១១លានម៉ាស គ្រប់តាមផែនការនៅសប្តាហ៍ទីមួយខែក្រោយនេះ។
លោកស្រីបានថ្លែងថា “ក្រសួងមានថវិការបស់សប្បុរសជន តាមរយៈការអំពាវនាវរបស់សម្តេចតេជោហ៊ុន សែន ហើយរហូតមកដល់ថ្ងៃនេះ រដ្ឋាភិបាលទទួលបានថវិកាសរុប១៣លានដុល្លារ ហើយយើងបានប្រើប្រាស់អស់ប្រមាណ៧លានដុល្លារ ក៏ប៉ុន្តែ យើងនៅសល់លុយ៦,៩លានដុល្លារនៅក្នុងគណនីរបស់យើង”។
លោកស្រីយក់ សម្បត្តិបានបន្ថែមថា ដោយឡែកថវិកាជាតិយើង យើងបែងចែកចេញជាពីរ។ ទី១ ថវិកាលើកទឹកចិត្តមន្ត្រីពេទ្ររបស់យើង ដែលធ្វើការនៅជួរមុខ ហើយមកដល់ពេលនេះ យើងទទួលបានថវិកាពីក្រសួងសេដ្ឋកិច្ច ប្រហាក់ប្រហែល១ដុល្លារដែលសម្រាប់ផ្តល់ទៅគ្រប់ខេត្ត–ក្រុងទាំងអស់។

លើសពីនោះទៀត លោកស្រី យក់ សម្បត្តិ បានគូសបញ្ជាក់ថា ថវិកាជិត៧លានដុល្លារ ដែលក្រសួងសុខាភិបាលបានចំណាយ ក្រសួងបានទិញម៉ាស សម្រាប់ពាក់ទូទៅ សរុបចំនួន១១លានម៉ាស តាមផែនការរបស់សម្ដេចតេជោហ៊ុន សែន ដែលសម្ដេចបានដាក់ជូនមកក្រសួង ហើយក្រសួង ក៏បានផ្ទេរថវិកាចប់សព្វគ្រប់ផងដែរ នៅតែទទួលម៉ាស បញ្ចូលក្នុងឃ្លាំងតែប៉ុណ្ណោះ។
ចំពោះឃ្លាំងស្ដុបវិញ លោកស្រី យក់ សម្បត្តិ បានឱ្យដឹងថា សព្វថ្ងៃគឺយើង មានឃ្លាំងស្ដុបចំនួន២។ ទី១ គឺឃ្លាំងរបស់ក្រសួងសុខាភិបាល នៅផ្លូវជាតិលេខ៣ និងឃ្លាំងមួយទៀត គឺឃ្លាំងយុទ្ធសាស្ដ្រនៅផ្លូវជាតិលេខ៦អា។
លោកស្រីបន្ដថា បច្ចុប្បន្ននៅក្នុងឃ្លាំងរបស់ក្រសួងសុខាភិបាល មានម៉ាសសរុប៨លានម៉ាស នៅក្នុងឃ្លាំងយុទ្ធសាស្ដ្រ៕






