ដោយ ហ្សូលី
ភ្នំពេញ៖ ប្រទេសជប៉ុនដែលជាយក្សសេដ្ឋកិច្ច និងសិង្ហបុរី នាគក្នុងតំបន់អាស៊ី នៅក្នុងឆ្នាំ ២០២០ នេះរងទុក្ខផ្នែកសេដ្ឋកិច្ចខ្លាំងជាងគេ បើប្រៀបធៀបជាមួយបណ្តារប្រទេសដទៃនៅក្នុងតំបន់អាស៊ី។ នេះបើតាមឱ្យដឹងពីអ្នកវិភាគសេដ្ឋកិច្ចនៅក្នុងក្រុមហ៊ុនអន្តរជាតិ Moody នៅថ្ងៃចន្ទ ទី ២៧ ខែមេសា ឆ្នាំ ២០២០នេះ។

លោក Steve Cochrane ប្រធានសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចរបស់ក្រុមហ៊ុនបានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចប្រទេសទាំងពីរខ្សោយរួចទៅហើយ មុនពេលការរីករាលដាលបានធ្លាក់ចូលសភាពកាន់តែអាក្រក់ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ហើយវិធានការណ៍ចាក់សោរឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសគឺជាបញ្ហាសេដ្ឋកិច្ចរៀងៗខ្លួន។
ទិន្នន័យផ្លូវការចុងក្រោយនៅក្នុងប្រទេសជប៉ុនបានបង្ហាញថាសេដ្ឋកិច្ចប្រទេសបានធ្លាក់ចុះត្រឹម ៦,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំក្នុងរយៈពេល ៣ ខែ បើគិតចាប់ពីខែធ្នូមក ខណៈការប៉ាន់ស្មានបឋមនៅប្រទេសសិង្ហបុរីបង្ហាញថា សេដ្ឋកិច្ចបានធ្លាក់ចុះ ២,២ ភាគរយនៅក្នុងត្រីមាសទី១ដែលបានបញ្ចប់នៅក្នុងខែមីនាថ្មីៗនេះ។
លោក Cochrane បានបញ្ជាក់ប្រាប់ស្ថានីយទូរទស្សន៍ CNN ថា “ប្រទេសជប៉ុនបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។ ហើយសេដ្ឋកិច្ចក្នុងត្រីមាសទី ១ របស់សិង្ហបុរីគឺខ្សោយណាស់។ លោកបន្ថែមថា“ ប្រសិនបើមេរោគឆ្លងរាលដាលបន្ថែមទៀត សក្តានុពលនៅក្នុងប្រទេសជប៉ុននិងសិង្ហបុរីអាចនឹងដាំក្បាលចុះយ៉ាងប្រាកដទោះបីជាប្រទេសទាំងពីរបិទប្រទេសដូចពេលបច្ចុប្បន្នក្តី” ។
ប្រទេសទាំងពីរនៅតែប្រឈមនឹងអ្នកជំងឺឆ្លងកើនឡើងជារៀងរាល់ថ្ងៃ ដែលនាំឱ្យរដ្ឋាភិបាលសិង្ហបុរីបិទសាលា កន្លែងការងារទូទាំងប្រទេស រីឯជប៉ុនវិញក៏អនុវត្តវិធានការនេះដូចគ្នាតែលើកលែងអាជីវកម្មខ្លះៗនៅតែបន្តដំណើរការជាធម្មតា។ ទន្ទឹមនេះ លោកប្រធានសេដ្ឋវិទូបានបញ្ជាក់ទៀតថា ករណីដែលស្ថានការណ៍នៅតែបន្តយ៉ាងនេះ ច្បាស់ណាស់ថាវានឹងអូសបន្លាយវិបត្តិសេដ្ឋកិច្ចដល់ត្រីមាសទី ២។ ការរួមបញ្ចូលគ្នារវាងសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍និងសេដ្ឋកិច្ចអាស៊ីខាងជើងពិតជាសំខាន់ ហើយវានឹងផ្តល់ផលប៉ះពាល់ដល់តំបន់អាស៊ីប៉ាស៊ីហ្វិចទាំងមូល។
មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្រមានថា សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីដែលជាតំបន់មានការរីកចម្រើនលឿនបំផុតក្នុងពិភពលោក នឹងមិនមានការចុះឈ្មោះពិកំណើនសេដ្ឋកិច្ចនោះទេ ក្នុងឆ្នាំនេះ ដែលនេះជាលើកទី ១ក្នុងរយៈពេល ៦០ឆ្នាំ ដោយសារតែបញ្ហាមេរោគឆ្លង Covid-19៕ CNBC







