ដោយវុត្ថា
ព្រះសីហនុ៖ នាយុគសម័យសកលភាវូនីយកម្មនាសតវត្សរ៍ទី២១នេះទីក្រុងមាត់សមុទ្រកម្ពុជាដែលយកតាមព្រះនាមអតីតព្រះមហាក្សត្រខ្មែរ (សីហនុ) ហាក់កំពុងចាប់ផ្តើមប្រកួតប្រជែងយកកេរ្តិ៍ឈ្មោះរបស់ខ្លួនជាទីក្រុងនៅជួរមាត់សមុទ្រដែលមានសំណង់ធំខ្ពស់ដាច់គេមកវិញ។ នេះ បើតាមឯកសាររបស់រដ្ឋបាលខេត្តព្រះសីហនុបានផ្សព្វផ្សាយកាលពីកន្លងមកនេះ។

តាមឯកសារនេះបញ្ជាក់ថា ទីក្រុងព្រះសីហនុធ្លាប់មានប្រវត្តិល្បីល្បាញថា ជាទីក្រុងរះឡើងថ្មី និងមានសំណង់នគរូបនីយកម្មឆើតឆាយស៊ីវិល័យដាច់គេនៅតាមតំបន់ឆ្នេរ តាំងពីពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៦០ មកម្ល៉េះ មិនមែនតែពេលបច្ចុប្បន្ននេះនោះទេ។
ក្រុងព្រះសីហនុ បាននឹងកំពុងមានសក្តានុពលខ្ពស់ក្នុងការស្រូបយកវិនិយោគិន ពីបរទេសមកអភិវឌ្ឍផ្នែកសំណង់នឹងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនដូចពីទសវត្សរ៍១៩៦០ ស្រដៀងគ្នាទៅនឹងការអភិវឌ្ឍរីកចម្រើនផ្នែកនគរូបនីយកម្មនៅរាជធានីភ្នំពេញ ដែលកំពុងប្រកួតប្រជែងគ្នាខ្លាំងក្នុងការសាងសង់សំណង់ធំៗខ្ពស់ៗគ្រប់ទីកន្លែងនៃរាជធានីបុរាណមានអាយុកាលចំណាស់កន្លះសហសវត្សរ៍មកនេះ។
ជាកត្តាសត្យានុម័តក្រុងព្រះសីហនុ គឺមានសក្តានុពលសំខាន់ៗពីធម្មជាតិ គួរជាទីមោទនៈ ដូចជាមានភាព ល្បីរន្ទឺជាទីក្រុងមានឆ្នេរសមុទ្រស្រស់ស្អាតពីធម្មជាតិនៅទូទាំងពិភពលោក ជាទីក្រុងមាត់សមុទ្រអមទៅដោយកោះតូចធំចំនួន ៣២កោះ ជាទីក្រុងមាត់សមុទ្រមានប្រជាសាស្ត្រប្រមាណ២១ម៉ឺននាក់នាពេលបច្ចុប្បន្ន ជាទីក្រុងនៃដង្ហើមសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រោះមានកំពង់ផែសមុទ្រទឹកជ្រៅ ជាទីក្រុងកំពង់ផែសមុទ្រ ដែលស្ថិតនៅចំចំណុចកណ្តាលនៃមហាសាគររវាងប្រទេសសេដ្ឋកិច្ចធំៗពីរគឺថៃ និងវៀតណាម ជាទីក្រុងមាត់សមុទ្រមានព្រលានយន្តហោះអន្តរជាតិ ជាទីក្រុងមាត់សមុទ្រដែលភ្ជាប់ទៅដោយផ្លូវជាតិ(ផ្លូវជាតិលេខ ៤) ដ៏ធំមានចំងាយតែប្រមាណ ២២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ជាបេះដូងប្រទេសកម្ពុជា និងមានទាំងផ្លូវដែកមួយទៀតផង ផ្លូវល្បឿនលឿន ពីភ្នំពេញ-ក្រុងព្រះសីហនុថ្មីមួយទៀត ជាទីក្រុងមាត់សមុទ្រដែលប្រជុំដោយរោងចក្រកាត់ដេរ និងរោងចក្រឧស្សាហកម្មធុនស្រាល-ធ្ងន់ចំនួន ៧៩៨រោងចក្រ-សហគ្រាស ជាទីក្រុងមាត់សមុទ្រដែលកំពុងការរីកចម្រើនខ្លាំងផ្នែកវិស័យសំណង់ សរុបជាង ជាង ៣០០ គម្រោង។
យោងតាមរបាយការណ៍របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានឲ្យដឹងថា ក្នុងឆ្នាំ ២០១៩នេះ គម្រោងអគារខ្ពស់ៗនៅកម្ពុជា ចាប់ពី៥ជាន់ឡើង មានចំនួន ៤៣៦អគារ នៅក្នុងខេត្តព្រះសីហនុមានគម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងចំនួន ២០៣អគារ៕







