ក្រុមហ៊ុនជប៉ុនចំនួន ២ នឹងចាប់ផ្តើមផលិតថាមពលជីវម៉ាស់ និងថាមពលព្រះអាទិត្យនៅកម្ពុជា

0

ដោយ ប៊ី

ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញរបស់ជប៉ុន Aura Green Energy Co បានចាប់ដៃគូជាមួយដៃគូសហការដើម្បីបើកអាជីវកម្មផលិតថាមពលរួមបញ្ចូលជីវម៉ាស និងថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជាក្នុងឆ្នាំ ២០២១ ក្នុងគោលបំណងជួយធានាដល់ការផ្គត់ផ្គង់ថាមពលមានស្ថេរភាព។

អ្នកនាំពាក្យថាក្រុមហ៊ុន បានប្រាប់កាសែតជប៉ុន NNA កាលចុងសប្តាហ៍មុនថា ក្រុមហ៊ុនAura Green Energy និងក្រុមហ៊ុនប្រព័ន្ធសូឡា WWB Corp គ្រោងនឹងសាងសង់រោងចក្រផលិតថាមពលដោយប្រើអង្កាមជាឥន្ធនៈនៅក្នុងរោងម៉ាស៊ីនកិនស្រូវក្បែរទីក្រុងភ្នំពេញ រួមជាមួយបន្ទះសូឡា។

ក្រោមគម្រោងតម្លៃ ៤០០ លានយ៉េន (៣.៧ លានដុល្លារ) រោងចក្រថាមពលបៃតងរួមបញ្ចូលគ្នាជាមួយនឹងសមត្ថភាពផលិតសរុប ១.៥០០ គីឡូវ៉ាត់នឹងផ្គត់ផ្គង់ថាមពលដល់រោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុន Angkor Kasekam Roongroeung ដែលជាអ្នកផលិតស្រូវក្នុងស្រុកធំមួយនៅខេត្តកណ្តាលជាប់គ្នា ដោយមានផែនការលក់នូវថាមពលអតិរេកណាមួយទៅឱ្យក្រុមហ៊ុនថាមពលក្នុងស្រុក។

អ្នកនាំពាក្យរូបនេះបាននិយាយថា ក្រុមហ៊ុនជប៉ុនទាំងពីរបានបង្កើតការបណ្តាក់ទុនរួមគ្នាចំនួន ៥០-៥០ ដោយមានដើមទុនចំនួន ៥០០០ ដុល្លារនៅក្នុងប្រទេសកម្ពុជានៅក្នុងខែកុម្ភៈសម្រាប់អាជីវកម្មនេះ។ ក្រុមហ៊ុន WWB នឹងផ្គត់ផ្គង់បន្ទះសូឡាដែលផលិតនៅប្រទេសវៀតណាមសម្រាប់រោងចក្រនៅកម្ពុជា។

គម្រោងនេះត្រូវបានឧបត្ថម្ភធនមួយផ្នែកដោយរដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ប្រមាណ ១១០ លានយ៉េនក្រោមយន្តការផ្តល់ឥណទានរួមគ្នាផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដើម្បីផ្លាស់ប្តូរការបំភាយឧស្ម័នកាបូនឌីអុកស៊ីត។

យោងតាមអ្នកនាំពាក្យបានឱ្យដឹងថា ក្រុមហ៊ុន Aura Green Energy ប៉ាន់ប្រមាណថា គម្រោងនេះនឹងចូលរួមកាត់បន្ថយការបំភាយឧស្ម័នកាបូនិក ១,៣១៦ តោនក្នុងមួយឆ្នាំពីការផលិតថាមពលជីវម៉ាស និង ៥៦៥ តោនពីថាមពលពន្លឺព្រះអាទិត្យ។

ក្រុមហ៊ុនផលិតថាមពលកកើតឡើងវិញកំពុងអនុវត្តគម្រោងផលិតជីវម៉ាស់ និងថាមពលវារីអគ្គិសនីនៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយប្រតិបត្តិការទាំងពីរគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២១។ ក្រុមហ៊ុនក៏គ្រោងនឹងបើកអាជីវកម្មស្រដៀងគ្នានេះនៅក្នុងប្រទេសស្រីលង្កាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here