រដ្ឋាភិបាលកំពុងធ្វើពិពិធកម្មកែច្នៃផលិតផលក្នុងស្រុកឱ្យបាន១២ភាគរយ នៃការនាំចេញសរុប

0

ដោយ ៖ រ៉ាណេត

កំពង់ធំ ៖ រដ្ឋាភិបាលកម្ពុជា បានដាក់គោលដៅ និងលើកផែនការយ៉ាងម៉ឺងមាត់លើការធ្វើពិពិធម្មកែច្នៃផលិតផលក្នុងស្រុក ជាពិសេសផលិតផលកសិឧស្សាហកម្មសម្រាប់ការនាំចេញឱ្យបាន១២ភាគរយនៃផលិតផលសរុបនៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ។

ប្រធាននាយកដ្ឋានកសិឧស្សាហកម្ម លោក គង់ ភាជ បានមានប្រសាសន៍នៅក្នុងពិធីចុះកិច្ចសន្យាលើផលិតកម្មកសិកម្មស្ដីពីការទិញ-លក់ផលិតផលស្វាយចន្ទី រវាងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ជ័យសំបូរ ខេត្តកំពង់ធំ ក្រោមកិច្ចជ្រោមជ្រែងពីក្រុមហ៊ុនមកពីជប៉ុន ជាមួយសហគមន៍ដាំដុះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងដាក់គោលដៅកែច្នៃផលិតផលក្នុងស្រុកឱ្យបានយ៉ាងតិច១២ភាគរយនៃផលិតផលនាំចេញសរុបនៅត្រឹមឆ្នាំ២០២៥ ដើម្បីលើកស្ទួយវិស័យកសិឧស្សាហកម្ម និងលទ្ធភាពរបស់ប្រជាកសិករដាំដុះ។

លោកបានបញ្ជាក់ថា “ក្រសួងកសិកម្ម គឺជាសេនាធិការ ដែលបានរៀបចំ និងដើរតាមជំហ៊ានដែលបានដៅដោយរាជរដ្ឋាភិបាល ដោយផ្តោតសំខាន់ទៅលើគុណភាព និងតម្លៃទីផ្សារក្នុងស្រុកជូនប្រជាកសិករដែលជាអ្នកផលិត ដើម្បីឱ្យផលិតផលដែលបានផលិតរួចរាល់ធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ដែលមានការប្រកួតប្រជែងខ្លាំង”។
លោកបានបញញជាក់ថា “ការចុះកិច្ចសន្យាលើផលិតកម្មកសិកម្ម គឺជាការធ្វើពាណិជ្ជកម្មស្មោះត្រង់មួយ ដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្ម ដែលបានកំណត់ និងដាក់ចេញ ក្នុងគោលបំណងបង្កើនទាំងបរិមាណ និងគុណភាពលើផលិតផលរបស់កសិករ រួមជាមួយនឹងការបង្ហាញនូវផលចំណេញទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនកែច្នៃសម្រាប់នាំចេញ។

តំណាងសិប្បកម្មកែច្នៃគ្រាប់ពូជស្វាយចន្ទី ជ័យសំបូរ លោកស្រី អ៊ិន ឡៃហួត បានលើកឡើងផងដែរថា សិប្បកម្មមួយនេះបានបង្កើតឡើងក្រោមការជួយជ្រោមជ្រែងពីក្រុមហ៊ុនជប៉ុន ដោយក្នុងនោះ ការចុះកិច្ចសន្យារវាងសិប្បកម្ម និងសហគមន៍កសិករដាំដុះដទៃទៀត គឺជាការបង្ហាញពីភាពកក់ក្ដៅ និងពង្រឹងការទទួលខុសត្រូវ ភាពជឿទុកចិត្តរវាងភាគីអ្នកផលិត និងភាគីអ្នកទិញ ដែលអាចនិយាយបានថា ឈរលើគោលការណ៍ស្មើភាព ធានាឱ្យមានភាពច្បាស់លាស់អំពីតម្លៃ តាមបរិមាណ និងគុណភាព។

ផលិតផលនៃវិស័យកសិឧស្សាហកម្មកម្ពុជានៅពេលបច្ចុប្បន្ន ត្រូវបានទទួលស្គាល់គុណភាពពីបណ្តាទីផ្សារក្រៅស្រុកជាបន្តបន្ទាប់ ជាពិសេសទីផ្សារនៅក្នុងតំបន់និងមានការនាំចេញជាបន្តបន្ទាប់ ដូចជាទីផ្សារនៅក្នុងប្រទេសជប៉ុន ចិន កូរ៉េ ម៉ាឡេស៊ី និងទីផ្សារប៉ែកអឺរ៉ុបមួយចំនួនទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here