ក្រសួងរ៉ែ និងថាមពល បង្ហាញឱ្យស្គាល់ពីអនុភាពវារីអគ្គិសនីទី២ របស់កម្ពុជា ស្ថិតនៅខេត្តកំពត

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ក្រសួងរ៉ែ និងថាមពល បានណែនាំ និងបង្ហាញសាធារណជនឱ្យស្គាល់ពីវារីអគ្គិសនីទី២ របស់កម្ពុជា ដែលមានឈ្មោះ វារីអគ្គិសនីកំចាយ មានទីតាំងស្ថិតនៅស្ទឹងកំចាយ ឬហៅថាព្រែកទឹកឈូ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្ដកំពត។

តាមរយៈការបង្ហាញរបស់ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា វារីអគ្គិសនីកំចាយមួយនេះ មានអានុភាពផលិតអគ្គិសនី ១៩៤.១ មេហ្កាវ៉ាត់ និងជាគម្រោងវារីអគ្គិសនីទី២ របស់កម្ពុជា ដែលបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលវិនិយោគដោយក្រុមហ៊ុន Sinohydro Kamchay Hydroelectric Project។

មន្ត្រីជំនាញមន្ទីរ រ៉ែ និងថាមពល ខេត្តកំពត នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីពេលកន្លងទៅនេះ បានលើកឡើងថា អាងស្តុកទឹកនៃទំនប់វារីអគ្គិសនីកំចាយ ខេត្តកំពត អាចរក្សាបាននូវចំនួនធារទឹកស្មើនឹងប្រមាណ៨០ភាគរយ។ ដូច្នេះ បើទោះជាអាកាសធាតុរាំងស្ងួតអូសបន្លាយពេលយូរ ក៏ដំណើរការផលិតថាមពលអគ្គិសនី ពីស្ថានីយវារីអគ្គិសនីនីមួយៗ នៅតែអាចបន្តបានជាធម្មតា។

គិតមកដល់បច្ចុប្បន្ន កម្រិតបរិមាណទឹកនៅក្នុងអាងស្តុបទឹករបស់ទំនប់វារីអគ្គិសនីទាំងអស់នៅទូទាំងប្រទេស អាចរក្សាបាននូវចំនួនធារទឹកបានស្មើនឹង៨០ភាគរយ ក្នុងនោះ រាប់បញ្ចូលទាំងអាងស្តុកទឹកទំនប់វារីអគ្គិសនី កំចាយផងដែរ។ បើយោងតាមបរិមាណធារទឹកនៅក្នុងអាងស្តុក សម្រាប់ឆ្នាំ២០២០នេះ អគ្គិសនីកម្ពុជា សង្ឃឹមថា មិនខ្វះភ្លើងប្រើប្រាស់ទេ ព្រោះការផលិតថាមពល របស់ វារីអគ្គិសនីនីមួយៗ ពិសេសវារីអគ្គិសនីកំចាយតែម្តង នៅតែអាចដំណើរការបានជាធម្មតា បើទោះជារដូវ រាំងស្ងួត អូសបន្លាយរយៈពេលវែងយ៉ាងណាក៏ដោយ។

ក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយ (Sinohydro Kamchay Hydroelectric Project) ធ្លាប់បានឱ្យដឹងថា អាងស្តុកទឹករបស់ទំនប់វារីអគ្គិសនី កំចាយ ដែលរចនាឡើងអាចផ្ទុកទឹកទំហំ ៧.៣១លានម៉ែត្រត្រីគុណ ប៉ុន្តែសមត្ថភាពផ្ទុកត្រូវបានកែតម្រូវមកត្រឹម ចំនួន ៣.៣៥៨លានម៉ែត្រត្រីគុណវិញ។ ជាទូទៅ វារីអគ្គិសនីកំចាយ ផលិតថាមពលប្រចាំឆ្នាំ ជាមធ្យម សរុបប្រមាណ៥លានគីឡូវ៉ាត់ម៉ោង រដូវប្រាំង អាចផលិតថាមពលប្រហែល១.២លានគីឡូវ៉ាត់ម៉ោង និង នៅរដូវវស្សា អាចផលិតថាមពលប្រហែល៣.៨លានគីឡូវ៉ាត់ម៉ោង។

ក្រុមហ៊ុន ក៏បានបញ្ជាក់ថា ការផលិតថាមពលរបស់វារីអគ្គិសនីកំចាយទាំងអស់ ត្រូវបានបញ្ចូនទៅបណ្ដាញអគ្គិសនីកម្ពុជា ដែលផ្គត់ផ្គង់ជាចម្បង មានរាជធានីភ្នំពេញ ខេត្ដកំពត និងខេត្ដតាកែវ ហើយភាពជាក់លាក់នៃការផ្គត់ផ្គង់អគ្គិសនី ត្រូវបានកំណត់ និងសម្រេចតាមតម្រូវការជាក់ស្ដែងរបស់អគ្គិសនីកម្ពុជា (EDC) ជាអ្នកបែងចែក៕

LEAVE A REPLY

Please enter your comment!
Please enter your name here