តើសេដ្ឋកិច្ចអាស៊ីគួរពឹងផ្អែកលើប្រទេសចិនឬសហរដ្ឋអាមេរិក បន្ទាប់ពីវិបត្តិ Covid-19 បញ្ចប់នៅពេលខាងមុខ?

0

ដោយ ហ្សូលី

ភ្នំពេញ៖ សេដ្ឋកិច្ចនៅតំបន់អាស៊ីកំពុងជួបប្រទះនូវវិបត្តិ ដោយសារការរងផលប៉ះពាល់ពីឥទ្ធិពលការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក។ ការធ្លាក់ចុះនេះ គឺបណ្តាលមកពីបញ្ហាជំងឺរាតត្បាតឆ្លង Covid-19 ដែលកំពុងកើតមានឡើងស្ទើរទូទាំងពិភពលោក។ មកទល់ពេលនេះ មានសំនូរចោទថា តើសេដ្ឋកិច្ចរបស់បណ្តារប្រទេសនៅក្នុងតំបន់អាស៊ីគួរតែពឹងផ្អែកវិស័យពាណិជ្ជកម្មលើប្រទេសចិន ឬសហរដ្ឋអាមេរិក ដែលប្រទេសទាំងពីរសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច?

វិបត្តិសេដ្ឋកិច្ចដោយសារ Covid-19 បានគំរាមកំហែងដ៏យូរអង្វែងនៅអាស៊ី លើកលែងតែសេដ្ឋកិច្ចក្នុងតំបន់មួយចំនួនខិតខំប្រឹងប្រែងប្តេជ្ញាចិត្ត ដើម្បីធ្វើពាណិជ្ជកម្មដំណើរការឡើងវិញឱ្យបានឆាប់នៅពេលការជាប់គាំងត្រូវបានបន្ធូរបន្ថយ។ ការធូរស្បើយនៃពាណិជ្ជកម្មនិងទីផ្សារការងារគឺចិនកំពុងនាំមុខសហរដ្ឋអាមេរិក។ វិស័យពាណិជ្ជកម្មនិងការងារដែលប្រទេសចិនបង្កើតជាពិសេសនៅក្នុងផ្នែកសេវាកម្ម គឺមានសារៈសំខាន់ណាស់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។

ហេតុផលចំនួនសំខាន់ចំនួន ២ដែលអាចបញ្ជាក់ថា ចិនបានដើរទៅមុខមួយជំហានមុនសហរដ្ឋអាមេរិកនោះគឺដោយសារ ទី១ បើតាមឱ្យដឹងពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចចិននៅឆ្នាំ ២០២០ នេះ អាចមានកំណើនប្រមាណ ១.២ ភាគរយ ខណៈសេដ្ឋកិច្ចអាមេរិករំពឹងថានឹងធ្លាក់ចុះចំនួន ៥.៩ ភាគរយ។ មូលហេតុទី ២ គឺដោយសារប្រទេសចិនបានរៀបចំខ្លួនរួចជាស្រេចក្នុងការទប់ទល់ជាមួយបញ្ហាក្រោយវិបត្តិដែលប្រើប្រាស់យុទ្ធសាស្រ្តក្រឡាអុក ចំណែកឯអាមេរិកវិញមានចំនុចខ្វះខាតទៅលើគម្រោងរបស់ខ្លួន។

ចិនគ្រៀងដាក់ដំណើរការនូវកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ជាមួយប្រទេសចំនួន ១៥ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក តែផ្តោតចំបងលើអាស៊ីអាគ្នេយ៍ ដោយក្នុងនោះមានចិនជាសមាជិកមានឥទ្ធិពលជាងគេ។ សហរដ្ឋអាមេរិកបានបោះបង់ចោលនូវភាពជាដៃគូជាមួយតំបន់អាស៊ីប៉ាស៊ីហ្វិកដូច្នេះទើបចិនអាចមានឱកាសក្លាយជាប្រទេសមួយដែលអាចតម្រង់គោលនយោបាយពាណិជ្ជកម្ម។

នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បាននិយាយថា វីរុសនេះបានវាយប្រហារសេដ្ឋកិច្ចពិភពលោកក្នុងស្ថានភាពផុយស្រួយ បង្ករឱ្យមានជម្លោះពាណិជ្ជកម្ម ភាពមិនច្បាស់នៃគោលនយោបាយ និងភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្យាករណ៍ពីការធ្លាក់ចុះពី ១៣ ទៅ ៣២ ភាគរយ ក្នុងឆ្នាំនេះចំពោះតម្លៃពាណិជ្ជកម្មពិភពលោក និងបាននិយាយថា ផលប៉ះពាល់លើពាណិជ្ជកម្មទំនងជាលើសពីអ្វីដែលបណ្តាលមកពីវិបត្តិហិរញ្ញវត្ថុពិភពលោក។

លោក Roberto Azevedo អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក បាននិយាយថា ពាណិជ្ជកម្មនឹងក្លាយជាធាតុសំខាន់មួយនៅក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីមានវិបត្តិរួច ហើយការរក្សាទីផ្សារឱ្យមានភាពបើកចំហគឺមានសារៈសំខាន់ជាចាំបាច់។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយដែលត្រូវបានចេញផ្សាយបន្ទាប់ពីការប្រជុំរបស់មេដឹកនាំ G20 កាលពីខែមុនបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានសន្យាថានឹងចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីសម្រួលដល់ពាណិជ្ជកម្មនិងទំនិញសំខាន់ៗ។ តែក្រៅពីសហរដ្ឋអាមេរិកមានតែប្រទេសចិនទេដែលអាចដើរតួជាពាណិជ្ជកម្មឈានមុខដ៏មានប្រសិទ្ធិភាពនៅក្នុងពេលនេះ។

ប្រធានផ្នែកសិក្សាសេដ្ឋកិច្ចពិភពលោកនៃនាយកដ្ឋានស្រាវជ្រាវរបស់ IMF បាននិយាយនៅក្នុងកិច្ចប្រជុំរបស់ខ្លួនថា“ត្រូវទទួលស្គាល់ថាមានសញ្ញានៃភាពប្រក្រតី នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។ សេដ្ឋកិច្ចប្រទេសនេះកំពុងដំណើរការទៅរកភាពដើមវិញហើយ” ។ លោកបានកត់សម្គាល់ថា“ ជាមួយនឹងសន្ទុះសេដ្ឋកិច្ចរបស់ចិននិងបរិយាកាសគោលនយោបាយ យើងគិតថានឹងចុះបញ្ជីកំណើនវិជ្ជមាននៅឆ្នាំនេះ” ។

ផ្ទុយទៅវិញទីប្រឹក្សាជាន់ខ្ពស់និងជាប្រធានកម្មវិធីអាស៊ីអាគ្នេយ៍នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រនិងអន្តរជាតិនៅទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់ថា សេដ្ឋកិច្ចអាមេរិកនឹងមានការធ្លាក់ចុះ ៦ ភាគរយ ហើយសេដ្ឋកិច្ចនៅអ៉ឺរ៉ុបធ្លាក់ចុះចន្លោះពី ៧-៨ ភាគរយ ចំណែកឯប្រទេសជប៉ុនធ្លាក់ចុះចំនួន ៤ភាគរយ៕

(South Morning China Post)

LEAVE A REPLY

Please enter your comment!
Please enter your name here