ដោយ ប៊ី
ភ្នំពេញៈ ប្រទេសវែលនឹងទទួលបានសម្លៀកបំពាក់សុវត្ថិភាព ធន់នឹងសារធាតុរាវជាច្រើនពីយន្ដហោះមួយចេញពីប្រទេសកម្ពុជា ដែលនឹងត្រូវចុះចតនៅអាកាសយានដ្ឋាន Cardiff នៅថ្ងៃនេះ។ នេះបើយោងតាមការសារព័ត៌មាន Wale Online ចុះផ្សាយនៅថ្ងៃនេះ។

សម្លៀកបំពាក់សុវត្ថិភាព ធន់នឹងសារធាតុរាវ ស្ថិតក្នុងការផ្គត់ផ្គង់ខ្វះខាតជាពិសេសនៅចក្រភពអង់គ្លេស និងនៅអង់គ្លេសគ្រូពេទ្យ និងគិលានុបដ្ឋាយិកា ត្រូវបានគេស្នើសុំឱ្យព្យាបាលអ្នកជំងឺ ដោយមិនមានប្រដាប់ការពារពេញលេញ ដោយសារតែការផ្គត់ផ្គង់ខ្វះខាត។
យន្ដហោះដែលហោះចេញពីភ្នំពេញ ត្រូវបានគេរាយការណ៍ថា មានសម្លៀកបំពាក់សុវត្ថិភាព ២០០,០០០កំប្លេត្រូវបានរំពឹងថា នឹងចុះចតនៅទីក្រុង Cardiff ដើម្បីផ្គត់ផ្គង់ស្តុកដ៏សំខាន់សម្រាប់ប្រទេសវែល។
វាត្រូវបានរាយការណ៍ថា ទំនិញដែលបានរៀបចំ តាមរយៈប្រទេសវែល នឹងត្រូវបានយកចេញដោយយោធាខ្លួន ហើយត្រូវយកទៅកន្លែងថែរទាំសុខភាព និងកន្លែងថែរ រក្សាដោយផ្ទាល់។ គេមិនដឹងថា តើទំនិញនេះនឹងត្រូវយកទៅមន្ទីរពេទ្យ ផ្ទះរថែទាំ ឬទាំងពីរនោះទេ។
ការហោះហើរលើកទី២ ដែលនឹងធ្វើការដឹកជញ្ជួនសម្លៀកបំពាក់សុវត្ថិភាព ពីទីក្រុង Hangzhou ប្រទេសចិន ជាមួយនឹងសម្លៀកបំពាក់ចំនួន ៤៦០,០០០ ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុង Cardiff នៅចុងសប្តាហ៍នេះ។
កាលពីសប្តាហ៍មុន លោក Chris Hopson ប្រធានស្ថាប័នមួយដែលតំណាងឱ្យការថែរក្សាសុខភាពនៅទូទាំងប្រទេសអង់គ្លេស បាននិយាយនៅក្នុងសារធ្វីតធឺរថា“ឥឡូវនេះ យើងបានឈានដល់ចំនុចមួយ ដែលសម្លៀកបំពាក់សុវត្ថិភាព ដែលមានដៃវែង ត្រូវប្រឈមមុខ នឹងការខ្វះខាតនៅបន្ទាប់២៤ ទៅ៤៨ម៉ោងខាងមុខទៀត។
រដ្ឋាភិបាលវែលបានឱ្យដឹងថា ខ្លួនបានធ្វើការជាមួយដៃគូ ជាមួយស្ថាប័ន NHS Wales និងសេវាលទ្ធកម្មជាតិ ដើម្បីធានានូវការផ្គត់ផ្គង់អន្ដរជាតិថ្មី នៃសម្លៀកបំពាក់សុវត្ថិភាពធន់នឹងសារធាតុរាវ ក៏ដូចជាអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់វែល។
កាលពីថ្ងៃសៅរ៍កន្លងមកនេះ ការដឹកជញ្ជូនម៉ាស១០លានសន្លឹក ពីប្រទេសចិនបានមកដល់។ ម៉ាសទាំងនេះ នឹងត្រូវបានប្រើនៅក្នុងស្ថាប័ន NHS Wales និងនៅក្នុងកន្លែងថែរទាំសង្គម ប៉ុន្តែរដ្ឋាភិបាលវែល ក៏បានផ្តល់ជំនួយទៅវិញទៅមក ដល់ស្កុតឡេន និងអៀរឡង់ខាងជើងផងដែរ៕






