ដោយ ប៊ី
ភ្នំពេញៈ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានប្រកាសនៅសប្តាហ៍នេះថា រដ្ឋាភិបាលនៃសហរដ្ឋអាមេរិក បានសន្យាផ្តល់ថវិកាចំនួន ១,៥លានដុល្លា សម្រាប់ជួយប្រទេសកម្ពុជា នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ចាប់តាំងពីការចាប់ផ្តើមមានឡើង នូវការរាតត្បាតនៃមេរោគនេះ សហរដ្ឋអាមេរិកបានសន្យាផ្តល់ប្រាក់សរុបចំនួនជាង៣,៥ លានដុល្លាអាមេរិក ដើម្បីទប់ទល់នឹងការរាលដាលនៃមេរោគកូវីដ១៩នៅកម្ពុជា។ នេះបើយោងតាមសាររបស់ទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅលើបណ្តាញសង្គម Facebook។
ជំនួយនេះ ដែលត្រូវបានផ្តល់តាមរយៈ ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(USAID) ទាក់ទងនឹងការកាត់បន្ថយហានិភ័យ ការចូលរួមរបស់សហគមន៍ ការគ្រប់គ្រងនិងបង្ការការឆ្លង ហើយនិងការទ្រទ្រង់មន្ទីរពិសោធន៍។
លោក W. Partrik Murphy បានថ្លែងថា “ជំនួយរបស់យើង នឹងជួយប្រព័ន្ធសុខាភិបាលកម្ពុជា ក្នុងការតាមដានជំងឺកូវីដ–១៩ ព្យាបាលអ្នកជំងឺ និងការពារកុំឱ្យមានឆ្លងជំងឺនេះបន្ថែមទៀត”។ លោកបានបន្តថា “ការយកឈ្នះលើមេរោគនេះ គឺជាបញ្ហាប្រឈមជាសាកល ប៉ុន្តែអាមរិកកំពុងធ្វើកិច្ចការ នៅក្នុងស្រុកនិងបរទេស ដើម្បីបញ្ឈប់ការរាលនៃជំងឺនេះ”។
លោកឯកអគ្គរដ្ឋទូតរូបនេះបានថ្លែងថា ការជួយកម្ពុជាក្នុងការឆ្លើយតបនឹងជំងឺកូវីដ–១៩នេះ បានបន្តកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយូរអង្វែង រវាងប្រទេសទាំងពីរ ក្នុងផ្នែកសុខាភិបាល។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក មានប្រវត្តិដ៏យូរក្នុងការធ្វើការងាររួមគ្នា ជាដៃគូប្រកបដោយផលិតភាព និងប្រសិទ្ធភាព ក្នុងការពង្រឹងនូវប្រព័ន្ធសុខាភិបាល ដោះស្រោយនឹងជំងឺឆ្លងផ្សេងៗ នឹងលើកកម្ពស់សមិទ្ធផលសុខាភិបាលសម្របា់ប្រជាជនកម្ពុជា នៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។
តាមរយៈភាពជាដៃគូ ដែលកំពុងមានកន្លងមក ក្នុងការសម្របសម្រួលជាមួយរដ្ឋាភិបាលកម្ពុជា ដៃគូសប្បុរសធម៌ និងអ្នកពាក់ព័ន្ធក្នុងស្រុក អាមេរិកបានជួយដល់ការគ្រប់គ្រងលើករណីជំងឺ ដើម្បីពង្រឹងការថែទាំអ្នកជំងឺ ហើយកាត់បន្ថយហានិភ័យនៃការចម្លងទៅអ្នកដទៃ និងការការពារកុំឱ្យមានការឆ្លង និងគ្រប់គ្រងការឆ្លងនៅតាមកន្លែងថែទាំសុខភាព។ ការពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីត្រៀមរៀបចំសម្រាប់ការធ្វើតេស្តរកមេរោគកូវីដ–១៩ជាទ្រង់ទ្រាយធំ៕






