ដោយវុត្ថា
ភ្នំពេញ៖ ក្រុមហ៊ុន បញ្ជាទិញ H&M បានប្រកាសប្តេជ្ញាក្នុងកាបញ្ជាទិញវិស័យវាយនភណ្ឌកាន់ដេរពីកម្ពុជា ខណៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្លាប់បានបញ្ជាក់ថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ បណ្តាលមកពីការរាតត្បាតនៃវីរុសកូវិដ១៩ ។

នៅក្នុងកិច្ចប្រជុំតាម online ជាមួយសហព័ន្ឋសហជីពនៅកម្ពុជាចំនួន ១០ ដែលជាសមាជិករបស់សហភាព ឧស្សាហកម្មពិភពលោក (IndustriALL Gobal Union ) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោក សោម អូន ប្រធានសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន H&M គឺជាម៉ាកល្បីដែលបានដាក់ការបញ្ជាការទិញនៅប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយនោះ បានបង្ហាញជំហរយ៉ាងច្បាស់ថា នឹងនៅតែបន្តដាក់ការបញ្ជាទិញនៅកម្ពុជាបន្តទៀត។
លោកបន្តថា តាមគំរោងរបស់ H&M នឹងមានការបញ្ជាទិញ យ៉ាងច្រើនសម្រាប់ខែ ឧសភា មិថុនា និង កក្កដា ឆ្នាំ២០២០ បើសិនជាស្ថានភាពជម្ងឺ ខូវីត-១៩ ត្រូវបានស្ងប់ស្ងាត់ និងមិនមានកើតរាលដាលនៅក្នុងជួរកម្មករនិយោជិត ។
សហជីពនិងអ្នកបញ្ជាទិញចង់បានប្រព័ន្ឋកិច្ចសន្ទនាសង្គម រឺយន្តការត្រីភាគីមានដំណើរការសកម្ម ដើម្បីធានាថា បទដ្ឋានដែលបាន ដាក់ចេញទៅមានប្រសិទ្ឋិភាព និងមិនមានការកែប្រែលឿនពេក ។
លោកសោម អូន បន្ថែមថា សហជីព បានស្នើសុំអ្នកបញ្ជាទិញម៉ាក H&M និងអ្នកបញ្ជាទិញដ៏ទៃទៀត ចូលរួមចំណែកផ្តល់បដិភាគថវិកាជូនដល់កម្មករដែលព្យួរការងារ រឺ បិទរោងចក្រ នៅក្នុងបរិបទហានិភ័យណាមួយ ដូចជាករណីខូវីត-១៩ ជាដើម។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជាគ្មានការបញ្ជាទិញថ្មីទេ សម្រាប់ខែឧសភា និងខែមិថុនា ២០២០នេះ ហើយការនាំចេញផលិតផលនានារបស់រោងចក្រកាត់ដេរក្នុងត្រីមាសទី២ឆ្នាំនេះមានការថយចុះប្រមាណ៥០%បើប្រៀបធៀបនឹងឆ្នាំមុន ។
លោកបន្តថា គិតត្រឹមខែមេសា ២០២០នេះ មានរោងចក្រជាង១៣០ បានព្យួរការងារ ដោយសារកង្វះការផ្គត់ផ្គង់វត្ថុធាតុដើម និងបង្ករឡើងដោយជំងឺកូវីដ ១៩ដែលកំពុងរីករាលដាលជាសកល ហើយនាំអោយប៉ះពាល់ដល់កម្មករ និយោជិតជិត១០ម៉ឺននាក់ ៕






