ដោយវុត្ថា
ភ្នំពេញៈ លោកឧកញ៉ា ម៉ុង ឬទ្ធី មហាសេដ្ឋីកសិកម្មកម្ពុជា និងជាអគ្គនាយកនៃក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុបបានត្អូញត្អែរពីការលំបាក ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនមិនស្របច្បាប់ ដែលរារាំងដល់ការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិជាពិសេសទៅកាន់ទីផ្សារកូរ៉េ។

ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុនHyundai នាព្រឹកថ្ងៃទី៣០ មេសានេះ លោក ឧកញ៉ាម៉ុង ឬទ្ធីបានមានប្រសាសន៍ឱ្យដឹងថា កិច្ចពិភាក្សានេះដើម្បីរកដំណោះស្រាយរកទីផ្សារនាំចេញផ្លែស្វាយទាំងក្នុងកញ្ចប់ និងក្រៅកញ្ចប់ ពីចំការរបស់ក្រុមហ៊ុន និងចំការកសិករកម្ពុជា ចេញទៅប្រទេសកូរ៉េខាងត្បូងអោយបានតម្លៃសមរម្យ។
លោកបន្តថា “បញ្ហាដែលជាចំណទនោះគឺក្រុមហ៊ុនស្របច្បាប់ ត្រូវតែបង់ពន្ធគ្រប់បែបយ៉ាងមិនអាចប្រគួតប្រជែងជាមួយ និងក្រុមហ៊ុនមិនស្របច្បាប់បានណាស់”។
យ៉ាងណាក៏ដោយ លោកឧកញ៉ាកសិកម្មរូបនេះ មិនបានបង្ហាញពីចំនួនក្រុមហ៊ុនដែលមិនស្របច្បាប់មានប៉ុន្មាននោះទេ នៅក្នុងប្រតិបត្តិការនាំផលិតផលកសិកម្មចេញពីកម្ពុជាទៅក្រៅប្រទេស។

រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូង បានអនុម័តកាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ នូវការអនុញ្ញាតកម្ពុជាឱ្យនាំចូលស្វាយពីកម្ពុជា ទៅកាន់ប្រទេសកូរ៉េ តែរហូតដល់ពាក់កណ្តាលខែមករា ឆ្នាំ ២០២០ កន្លងមកនេះ ការនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាជាលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយមានក្រុមHyundai Mao Legacy Co., Ltd ជាអ្នកត្រួតពិនិត្យ។
យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា នៅឆ្នាំ២០១៩កន្លងមកនេះ កម្ពុជាបាននាំចេញផ្លែស្វាយស្រស់ជិត៦ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងចិន៕






