លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ៖ រដ្ឋាភិបាលនឹងរៀបចំកញ្ចប់វិធានការពិសេសជួយអន្តរាគមន៍ដល់វិស័យឯកជន

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងសិក្សាលម្អិតទៅលើការរៀបចំជាកញ្ចប់វិធានការថ្មីសម្រាប់ជួយអន្តរាគមន៍ដល់វិស័យឯកជននានា ជាពិសេស សហគ្រាសធុនតូច និងមធ្យម ដែលត្រូវបានចាត់ទុកជាចំណែកនៃឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិកាគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយវិស័យឯកជនស្ដីពីស្ថានភាពអាជីវកម្មនាពេលបច្ចុប្បន្ន និងវិធានការចាំបាច់នានានៅក្នុងបរិបទជំងឺ Covid-19 កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ម្សិលមិញនេះថា រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យឯកជនជាចលករដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។

លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងបរិការណ៍នៃការរីករាលដាលជំងឺ Covid-19 នេះ រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែប្រឈមនឹងបញ្ហារួមក្នុងការបន្តលើកកម្ពស់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ឬអាចនិយាយបានថា រាជរដ្ឋាភិបាល និងវិស័យឯកជនកំពុងធ្វើដំណើរក្នុងទូកតែមួយ រួមសុខ រួមទុក្ខជាមួយគ្នា។ វិស័យឯកជន និងរាជរដ្ឋាភិបាល ត្រូវបន្តសហការយ៉ាងជិតស្និទ្ធក្នុងការត្រៀមកម្លាំងរួចជាស្រេចក្នុងការចាប់យកកាលានុវត្តភាពថ្មីនានាដែលអាចកើតមានឡើងក្នុងអំឡុងពេល និងក្រោយវិបត្តិជំងឺ Covid-19 ”។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា “ការចូលរួមចំណែកក្នុងការរំលែកទុក្ខលំបាក និងដោះស្រាយបញ្ហាប្រឈមរួមចំពោះមុខ ក្នុងការជួយស្ដារការអភិវឌ្ឍប្រទេសកម្ពុជាក្នុងអំឡុងពេលលំបាកនេះ គឺជាកត្តាចាំបាច់មិនអាចខ្វះបាន។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន៣ជុំរួចមកហើយ ដើម្បីគ្រប់គ្រងផលប៉ះពាល់នៅក្នុងវិស័យសំខាន់ៗដោយគិតគូរលើគ្រប់ទិដ្ឋភាពដូចជា ទី១-ជួយដល់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មដែលទទួលរងផលប៉ះពាល់ ដើម្បីឱ្យក្រុមហ៊ុនទាំងនោះអាចបន្តអាជីវកម្មបាន។ ទី២-ជួយដល់កម្មករ និយោជិត ដែលបាត់បង់ ឬព្យួរការងារឱ្យមានលំនឹងជីវភាព ហើយទី៣-ទ្រទ្រង់កំណើន ជាពិសេស ជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។

នៅក្នុងកិច្ចប្រជុំពិសេសនេះ តំណាងធុរជនសំខាន់ៗនៃវិស័យឯកជន លើកឡើងពីការវាយតម្លៃស្ថានភាពធុរកិច្ចបច្ចុប្បន្ននៅកម្ពុជា ជាពិសេសបញ្ហាដែលកំពុង ជួបប្រទះក្នុងវិស័យនីមួយៗបន្ថែមទៀត និងស្នើជាវិធានការជូនរាជរដ្ឋាភិបាលពិចារណា សំដៅចូលរួមចំណែកស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។ ជាមួយគ្នានេះ វិស័យឯកជនក៏បានសម្ដែងឆន្ទៈយ៉ាងមុះមុត និងការអត់ធ្មត់របស់ខ្លួនក្នុងការចូលរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រឈម និងពាក់ព័ន្ធនានា។

ការរីករាលដាលនៃជំងឺ Covid-19 បាន និងកំពុងគំរាមកំហែងកាន់តែខ្លាំងមកលើដំណើរការអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់កម្ពុជា ដោយសារតែកំណើនសេដ្ឋកិច្ចតំបន់ និងសាកលមានការថមថយ ជាពិសេស ការធ្លាក់ចុះនៃតម្រូវការទីផ្សារខាងក្រៅ ការបិទការធ្វើដំណើររបស់ប្រទេសក្នុងតំបន់ និងសាកលលោក និងប្រសិទ្ធភាពនៅមានកម្រិតនៃការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការឆ្លងនៃជំងឺដែលកំពុងតែរាតត្បាតមួយនេះ ៕


ចែករំលែក