ផ្សារហ៊ុនកម្ពុជាកាន់តែមានការទាក់ទាញក្រុមហ៊ុនចូលរួមបោះមូលបត្រកាន់តែច្រើន

ចែករំលែក

ដោយ ប៊ី

ភ្នំពេញ៖ ផ្សារហ៊ុនកម្ពុជារហូតមកពេលនេះបាននិងកំពុងទាក់ទាញក្រុមហ៊ុន និងគ្រឹះស្ថានហិរញវត្ថុជាច្រើនក្នុងការចូលរួមបោះមូលបត្រកាន់ច្រើន បើទោះបីកម្ពុជាកំពុងប្រឈមនឹងវិបត្តិCOVID-19 ក៏ដោយ។

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA Cambodia) កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០នេះ បានចុះបញ្ជីលក់មូលបត្របំណុលចំនួន ៨០ពាន់លានរៀល ដែលស្មើនឹង២០លានដុល្លារអាមេរិក ដែលមានរយៈពេល៥ឆ្នាំជាមួយអត្រាគូប៉ុង ៥.៥០%ក្នុងមួយឆ្នាំនៅផ្សារមូលបត្រកម្ពុជា ដែលជាការ បោះផ្សាយលក់មូលបត្របំណុល លើកដំបូងនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ ធនាគារ អេស៊ីលីដា ភីអិលស៊ី (“ធនាគារ”) បានបញ្ចប់ដំណើរការបរិវិសកម្ម កាលពីថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២០។ ធនាគារបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លើលទ្ធផលនៃការធ្វើបរិវិសកម្ម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ។

ទាក់ទងនឹងការបោះផ្សាយមូលបត្របំណុលរបស់ RMA Cambodia លោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ដែលជានិយតករមូលបត្ររបស់កម្ពុជា បានឱ្យដឹងដែរថា ការបោះផ្សាយមូលបត្របំណុល ដោយជោគជ័យរបស់ RMA Cambodia នឹងក្លាយជាគំរូមួយសម្រាប់ប្រតិបត្តិការនាពេលអនាគត។ មូលបត្របំណុល ដែលមានបុគ្គលធានានេះ ផ្តល់នូវជម្រើស ឧបករណ៍ហិរញ្ញវត្ថុថ្មីមួយសម្រាប់ក្រុមហ៊ុនឯកជនក្នុងវិស័យផ្សេងៗ ដើម្បីប្រមូលមូលនិធិកាន់តែច្រើនជាមួយនឹងរយៈពេលវែងជាងមុន។

លោក ហុង សុហួរ អគ្គនាយកក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានឱ្យដឹងដែរថា ទោះបីមានស្ថានភាពទីផ្សារ មានភាពមិននឹងនរក៏ដោយ នឹងនៅតែបន្តសម្រេច ក្នុងការចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន RMA Cambodia នៅផ្សារមូលបត្រកម្ពុជាបានដោយរលូន។ ក្នុងស្ថានភាពបែបនេះ វាជាសញ្ញានៃការតស៊ូ និងបង្ហាញពីសញ្ញាវិជ្ជមានដល់វិនិយោគិននានា។

សម្រាប់ធនាគារអេស៊ីលីដាបានទទួលការអនុម័តពី គណៈកម្មការមូលបត្រកម្ពុជា លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា “ទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងជាសកល ពីការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏វិនិយោគិនប្រមាណ ២.៤៩៧ នាក់ បានចូលរួមក្នុងដំណើរការបរិវិសកម្ម ដោយចំណាយពេលវេលាដ៏មានតម្លៃ និងថវិកា ដើម្បីវិនិយោគនៅក្នុង ធនាគារ អេស៊ីលីដា ភីអិលស៊ី”។

លោក បានមានប្រសាសន៍ថា “ការចូលរួមយ៉ាងសកម្មនេះ ស្តែងចេញពីការជឿទុកចិត្តរបស់សាធារណជន ចំពោះលទ្ធផលប្រតិបត្តិការ និងស្ថានភាពហិរញ្ញវត្ថុដ៏រឹងមាំ ក៏ដូចជាការឈានមុខគេរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងវិស័យធនាគារនៅកម្ពុជា”។

លោកបានបន្ថែមថា “ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រោងនឹងចុះបញ្ជីភាគហ៊ុនជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅក្នុងខែឧសភា ឆ្នាំ២០២០ ។ បន្ទាប់ពីការចុះបញ្ជីនេះត្រូវបានបញ្ចប់ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងក្លាយជាធនាគារពាណិជ្ជដំបូងគេ ដែលមានការជួញដូរភាគហ៊ុនជាសាធារណៈនៅកម្ពុជា” ។

លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានមានប្រសាសន៍ថា “ទោះបីជាស្ថិតនៅក្នុងកំឡុងពេលនៃការរីករាលដាលនៃវីរុសកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏ការធ្វើបរិវិសកម្មមូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបានលទ្ធផលល្អ”។

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងគណៈគ្រប់គ្រងធនាគារ បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជម្រុញការចុះបញ្ជី ទៅតាមផែនការដែលបានគ្រោងទុក ហើយការប្តេជ្ញាចិត្តនេះហាក់ដូចជាការសម្រេចចិត្តដ៏ប្រយ័ត្នប្រយែងមួយ។

លោក Han Kyung Tae បានថ្លែងបន្តថា ក្នុងនាមជាក្រុមហ៊ុនធានាទិញមូលបត្រដែលដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី នឹងបន្តធ្វើឲ្យអស់ពីសមត្ថភាព ដើម្បីជួយទាំងក្រុមហ៊ុនបោះផ្សាយ និងទាំងវិនិយោគិនយ៉ាងច្រើន ដែលបានចូលរួមក្នុងដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈនេះ ដោយផ្តោតលើការបង្កើនសន្ទនីយភាពដល់ភាគហ៊ុនរបស់ធនាគារនៅក្នុងទីផ្សារបន្ទាប់”។

លោក បានបន្តថា “យើងខ្ញុំជឿជាក់ថា ការជួយក្រុមហ៊ុនបោះផ្សាយក្នុងការធ្វើការបោះផ្សាយភាគហ៊ុនបន្តបន្ទាប់មកទៀត និងការរៀបចំវិធីសាស្រ្តជួញដូរតាមការចរចានាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញវិនិយោគិនបរទេសកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ”៕


ចែករំលែក