អនុស្ថានីយ៍អគ្គិសនីកំពង់ចាមមានលទ្ធភាពអាចផ្គត់ផ្គង់ជូនពលរដ្ឋបាន ៤ ខេត្ត

ចែករំលែក

ដោយ ៖ វុត្ថា

កំពង់ចាម ៖ អនុស្ថានីយ៍អគ្គិសនីកំពង់ចាមមានអានុភាព ផលិតថាមពលអគ្គិសនីរហូតដល់ទៅ ១០០ MW (មេហ្គាវ៉ាត់) មានវិសាលភាពអាចផ្គត់ផ្គង់អគ្គិសនី ជូនប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម និងផ្នែកខ្លះរបស់ខេត្តត្បូងឃ្មុំ កំពង់ធំ និងខេត្តព្រៃវែងផងដែរ ខណៈតាមផែនការរបស់រដ្ឋាភិបាលគឺឱ្យពលរដ្ឋមានភ្លើងអគ្គិសនីប្រើប្រាស់គ្រប់ភូមិនៅទូទាំងប្រទេសនាពេលខាងមុខនេះ។

អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាល បានមានប្រសាសន៍ប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ នៅក្នុងឱកាសដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យមើលអនុស្ថានីយ៍ចែកចាយអគ្គីសនីខេត្តកំពង់ចាម ស្ថិតនៅឃុំក្រឡា ស្រុកកំពង់សៀម ថា ការផ្គត់ផ្គង់ថាមពលអគ្គិសនីកាលពីពេលកន្លងមកនេះ មានការរីកចំរើនគួរឱ្យកត់សម្គាល់ ទាំងប្រភពអគ្គិសនី ទាំងអនុស្ថានីយ៍ និងទាំងបណ្តាញអគ្គិសនីគ្រប់ប្រភេទ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្នុងគោលដៅរបស់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យអគ្គិសនី មិនត្រឹមតែខិតខំជំរុញការអភិវឌ្ឍលើគ្រប់ផ្នែកនៃការផ្គត់ផ្គង់អគ្គិសនីនោះទេ គឺធ្វើយ៉ាងណាឱ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានគុណភាព មានស្ថិរភាព សុវត្ថិភាពៃ និងមានតម្លៃកាន់តែសមរម្យបន្ថែមទៀតជូនដល់ពលរដ្ឋ និងអ្នកវិនិយោគ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានអះអាងសារថា សម្រាប់ឆ្នាំ ២០២០ នេះតទៅ កម្ពុជាលែងខ្វះខាតអគ្គិសនីប្រើប្រាស់ទៀតហើយ មិនដូចឆ្នាំ ២០១៩ កន្លងមកនេះនោះទេ ដែលបានជួបប្រទះបញ្ហាខ្វះខាតអគ្គិសនីយដោយមានការផ្តាច់ការផ្គត់ផ្គង់នៅតំបន់មួយចំនួន។

លោកបន្តថា ក្រសួងតែងតែធ្វើផែនការមេមួយយ៉ាងម៉តចត់ដើម្បីឱ្យអ្នកវិនិយោគ ឬរដ្ឋាភិបាលខ្លួនឯងធ្វើការវិនិយោគប្រភពអគ្គិសនីមួយឱ្យបានពិតប្រកដ និងរៀបចំបណ្តាញខ្សែមួយឱ្យបានត្រឹមត្រូវ ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅទូទាំងប្រទេស។

លោកបញ្ជាក់ថា “សម្រាប់ឆ្នាំ ២០២០ នេះ កម្ពុជាត្រូវការអគ្គិសនីបន្ថែមប្រមាណ ៤១៤ មេហ្គាវ៉ាត់ ខណៈយើងមានជាង ៧០០ មេហ្គាវ៉ាត់សម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស។ ដូច្នេះ អាចនិយាយបានថា សម្រាប់ឆ្នាំ ២០២០ នេះ មិនអាចខ្វះខាតនោះទេនារដូវប្រាំងនេះ ព្រោះគម្រោងអគ្គិសនីមានលើសពីសេចក្តីត្រូវការ ដែលមកដល់ពេលនេះ ការតបណ្តាញអគ្គិសនីសម្រេចបានស្ទើរតែគ្រប់ ១០០ភាគរយ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ហើយតាមផែនការ គឺនឹងតបណ្តាញឱ្យចប់នៅត្រឹមឆ្នាំ ២០២០នេះ ឱ្យពលរដ្ឋបានប្រើប្រាស់គ្រប់ខ្នងផ្ទះ៕


ចែករំលែក